អន្តរជាតិ
ប្រមុខ​ការទូត​ចិន​៖ អឺរ៉ុប គឺជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​សំខាន់​របស់​ចិន
17, Dec 2019 , 8:39 pm        
រូបភាព
លោកវ៉ាង យី ប្រមុខការបរទេស និងទីប្រឹក្សារដ្ឋចិន និយាយក្នុងវេទិកាជជែកពិភាក្សាពីបញ្ហាសេដ្ឋកិច្ច និងនយោបាយរៀបចំឡើងដោយមជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុប នាទីក្រុងព្រុចសែល បែលហ្ស៊ិក, រូបភាព៖ Xinhua
លោកវ៉ាង យី ប្រមុខការបរទេស និងទីប្រឹក្សារដ្ឋចិន និយាយក្នុងវេទិកាជជែកពិភាក្សាពីបញ្ហាសេដ្ឋកិច្ច និងនយោបាយរៀបចំឡើងដោយមជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុប នាទីក្រុងព្រុចសែល បែលហ្ស៊ិក, រូបភាព៖ Xinhua
​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី នៅ​ថ្ងៃទី ១៦ ខែធ្នូ បាន​បញ្ជាក់ថា ទីក្រុង​ប៉េកាំង​កំពុង​បង្កើន​ទំនាក់ទំនង​ការទូត​ជាមួយ​អឺរ៉ុប​ឲ្យ​កាន់តែ​រឹងមាំ និង​សំខាន់​ជាមុន​។ ការលើកឡើង​របស់​ប្រមុខ​ការទូត​ចិន​បែបនេះ ទំនងជា​ចង់​កាត់បន្ថយ​ការពឹងផ្អែក​តែ​ទៅលើ​អាមេរិក ហើយ​ចាប់ផ្តើម​ងាក​មករក​ស៊ី​ជាមួយ​អឺរ៉ុប​វិញ​។


 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​អឺរ៉ុប​ដើម្បី​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​-​អឺរ៉ុប នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​រដ្ឋមន្ត្រីការបរទេស​ចិន បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« យើង​ឃើញ​អឺរ៉ុប ជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​សំខាន់ និង​អាទិភាព​នៅលើ​របៀបវារៈ​ការទូត​របស់​ចិន​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua​។ 
 
​តាម​ការលើកឡើង​រប​ស់លោក វ៉ាង ក្នុង​ពេលនេះ គឺ​គ្មានអ្វី​ចម្លែក​ទេ ព្រោះ​ចិន​ទំនងជា​ចង់​កាត់បន្ថយ​ការពឹងផ្អែក​តែ​ទៅលើ​អាមេរិក ហើយ​បែរ​មករក​អឺរ៉ុប​វិញ​។ ពិតណាស់ ចិន​មិន​ត្រឹមតែ​កែលម្អ​ទំនាក់ទំនង​ការទូត​ជាមួយ​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចិន ក៏បាន​រឹតចំណង​ការទូត​ទាំង​ផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម ជាមួយ​រុស្ស៊ី ជប៉ុន​ផងដែរ ខណៈពេល​ទំនង​ទំនង​រវាង​ចិន និង​អាមេរិក កំពុងតែ​ល្អក់កករ​។ 
 
​និយាយ​ក្នុង​វេទិកា​ជជែក​ពិភាក្សា​ពី​បញ្ហា​សេដ្ឋកិច្ច និង​នយោបាយ ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​គោលនយោបាយ​អឺរ៉ុប​(European Policy Center) នាទី​ក្រុង​ព្រុ​ច​សែ​ល បែលហ្ស៊ិក ប្រមុខ​ការទូត​ចិន​រូបនេះ បាន​លើកឡើងថា ទីក្រុង​ប៉េកាំង​មិនមែនជា​ដៃគូ​ប្រកួតប្រជែង​របស់​អឺរ៉ុប​ទេ ហើយក៏​មិន​ចង់​ឲ្យ​អឺរ៉ុប ចាត់ទុក​ទីក្រុង​ប៉េកាំង​ថា​ជា​គូប្រជែង​រកស៊ី​ជាមួយគ្នា​ដែរ​។ ក្នុងន័យនេះ លោក វ៉ាង ទំនងជា​ចង់​បកស្រាយ​ពី​បញ្ហា ដែល​អឺរ៉ុប​បាន​ចោទប្រកាន់ និង​យល់ច្រឡំ​មកលើ​ចិន ពាក់ព័ន្ធ​នឹង​ការវិនិយោគ​យ៉ាងច្រើន​សន្ធឹក​នៅក្នុង​ទ្វីបអឺរ៉ុប​។ 
 
​សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ទៅ​អឺរ៉ុប​របស់លោក វ៉ាង ក្នុង​ពេលនេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ បន្ទាប់ពី​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បឋម​មួយ​។ កិច្ចព្រមព្រៀង​នេះ អាមេរិក បាន​យល់ព្រម​ផ្អាក​ការដំឡើង​ពន្ធ​លើ​មុខទំនិញ​ចិន​ប្រមាណ​ជា ១៥៦​ពាន់​លាន​ដុល្លារ ដែល​ត្រូវ​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១៥ ខែធ្នូ​៕

Tag:
 ចិន​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com