អន្តរជាតិ
អាមេរិក រក​ការពន្យល់​ពី​តួ​ក​គី ក្រោយ​លោក អ៊ែរ​ដូ​ហ្កា​ន់ គំរាម​បិទ​មូលដ្ឋានទ័ព​ពីរ​កន្លែង​
17, Dec 2019 , 4:59 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ ។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិអាមេរិក ម៉ាក អេស្ពើ ។ រូបភាព AFP
​ការ​គំរាម​របស់​ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែ​ដូ​ហ្កា​ន់ ដែល​ចង់​បិទ​មូលដ្ឋានទ័ព​ពីរ​កន្លែង​ប្រើ​ដោយ​អាមេរិក ធ្វើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ស្រឡាំងកាំង​មិន​ស្ទើរ​ឡើយ​។ ប្រមុខ​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ និយាយ​នៅ​ថ្ងៃទី​១៦ ខែធ្នូ ថា លោក​នឹង​រក​ការបកស្រាយ​ពី​ទីក្រុង​អង់កា​រ៉ា​ពាក់​ព័ន្ធសម្ដី​គំរាម​របស់លោក អ៊ែរ​ដូ​ហ្កា​ន់ ដែល​ធ្វើឡើង​ស្របពេល​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ល្អក់កករ​ដោយសារ​ការខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជាច្រើន​។​

 
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ និយាយថា លោក​នឹង​ជជែក​ជាមួយ​សម​ភាគី​តួ​ក​គី Hulusi Akar ដើម្បី​យល់​ឲ្យ​ច្បាស់​ពី​ជំហរ​របស់​តួ​ក​គី​ពាក់ព័ន្ធ​បំណង​បិទ​មូលដ្ឋានទ័ព​អាមេរិក​ពីរ​កន្លែង​ក្នុង​ទឹកដី​តួ​ក​គី​។ ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ បានលើកឡើង​ពី​គម្រោង​បិទ​មូលដ្ឋាន​ទ័ពអាកាស Incirlik និង Kurecik ដែល​នៅក្បែរ​ព្រំដែន​ជាមួយ​ស៊ី​រី បើ​អាមេរិក​ហ៊ាន​ដាក់ទណ្ឌកម្ម​លើ​តួ​ក​គី​ដោយសារ​ការទិញ​អាវុធ​ពី​រុស្ស៊ី​នោះ​។​
 
​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១៦ ខែធ្នូ មួយថ្ងៃ​ក្រោយ​ការអធិប្បាយ​របស់លោក អ៊ែរ​ដូ​ហ្កា​ន់ លោក អេ​ស្ពើ អះអាងថា លោក​ចង់បាន​ការពន្យល់​ពី​តួ​ក​គី​ពី​ជំហរ​ពី​ប្រាកដ ហើយ​តួ​ក​គី​ពិតជា​ចង់​បិទ​មូលដ្ឋាន​ដ៏​សំខាន់​នេះ​កម្រិតណា​។ បន្ទាយ Incirlik ជា​មូលដ្ឋានទ័ព​អាមេរិក​បើក​ប្រតិបត្តិការ​យោធា​នៅ​ស៊ី​រី និង​មាន​ឃ្លាំង​នុយក្លេអ៊ែរ​ប្រមាណ​៩០​គ្រាប់ ខណៈ​បន្ទាយ Kurecik ជាទី​តាំង​រ៉ា​ដា​ដ៏​ធំ​មួយ​របស់​សម្ព័ន្ធ​យោធា​ណា​តូ​នៅក្បែរ​មជ្ឈិមបូព៌ា​។​
 
«​ប្រសិនបើ​តួ​ក​គី​ពិតជា​ច្បាស់លាស់​មែន ពួកគេ​មាន​សិទ្ធិ​អធិបតេយ្យ​ថា ត្រូវ​ទទួលយក​មូលដ្ឋាន​ណា​តូ​ឬ​អត់​។​» នេះ​ជាការ​លើកឡើង​របស់លោក អេ​ស្ពើ ដែល​ទំនងជា​ការទទួលស្គាល់​សិទ្ធិ​របស់​តួ​ក​គី​ក្នុងនាម​ជា​រដ្ឋ​ឯករាជ្យ​មួយ​។ ប៉ុន្តែ​ប្រមុខ​ការពារជាតិ​អាមេរិក​រូប​អះអាងថា បញ្ហា​នេះ (​ការបិទ​មូលដ្ឋានទ័ព​) ក្លាយជា​រឿង​រួម​របស់​ណា​តូ ហើយ​ការសម្រេចចិត្ត​ណាមួយ ក៏ត្រូវ​ធ្វើឡើង​នៅ​ណា​តូ​ដែរ ព្រោះ​ជាការ​ប្ដេជ្ញាចិត្ត​រួមគ្នា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​លោក អេ​ស្ពើ ក៏​បង្ហាញ​ការខកចិត្ត​ដែល​តួ​ក​គី​កំពុង​ដើរ​លើ​ផ្លូវខុស ដោយ​ងាក​កាន់តែ​ឆ្ងាយ​ពី​ណា​តូ ហើយ​កៀក​កិត​នឹង​រុស្ស៊ី​។ លោក អេ​ស្ពើ ចង់​និយាយ​ដល់​កិច្ចព្រមព្រៀង​ទិញ​លក់​ខែល​ការពារ​មី​ស៊ី​ល S-400 រវាង​ក្រុង​អង់កា​រ៉ា និង​ក្រុង​មូ​ស្គូ ដែលជា​ដើមហេតុ​នៃ​បញ្ហា​បច្ចុប្បន្ន​។ សព្វថ្ងៃ មូ​ស្គូ បាន​បញ្ជូន​ប្រព័ន្ធ​ការពារ​ស៊េរី​ទំនើប​នេះ​ឲ្យ​អង់កា​រ៉ា​បាន​មួយចំនួន​រួចហើយ​។ ក៏​ព្រោះ​រឿងនេះ តួ​ក​គី ក៏ត្រូវ​អាមេរិក​ដកចេញ​ពី​កម្មវិធី​យន្តហោះ F-35 តែម្ដង​។​
 
​មិនទាន់​អស់​ឡើយ ស្ថាប័ន​នីតិបញ្ញត្តិ​អាមេរិក ក៏​ចង់​ដាក់ទណ្ឌកម្ម​លើ​សម្ព័ន្ធមិត្ត​ណា​តូ​មួយ​ទៅទៀត ។ ប៉ុន្តែ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​មិនទាន់​ចាត់វិធានការ​លើ​រឿងនេះ​នៅឡើយ​ទេ ទោះ​បានដាក់​សម្ពាធ​លើ​សំណុំរឿង​តួ​ក​គី​ដាក់​ទ័ព​នៅ​ស៊ី​រី​ក្ដី​។ ពាក្យ​គំរាម​ពី​អាមេរិក នៅតែ​ឮ​មិនចេះ​ដាច់ ខណៈ​តួ​ក​គី​ឯណេះ​វិញ ហាក់​គ្មាន​ជំហរ​បន្ទន់​ឥ​រយាប​ថ​បន្តិច​ឡើយ​៕  

Tag:
 អាមេរិក​
  តួ​ក​គី​
  ម៉ាក អេ​ស្ពើ​
© រក្សាសិទ្ធិដោយ thmeythmey.com