ជាតិ
សម្ដេច ស ខេង៖ ចិនចូលមកកម្ពុជា! រដ្ឋាភិបាលរងសម្ពាធ ,ពេលចិនទៅវិញយើងក៏រងសម្ពាធដែរ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងប្រាប់អ្នកកាសែត ក្រោយពិធីប្រកាសផ្សព្វផ្សាយស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩
× ភ្នំពេញ៖ វត្តមានជនជាតិចិន ធ្វើឱ្យរដ្ឋាភិបាលទទួលរងសម្ពាធ មិនថា ចិនចូលមកកម្ពុជា ឬចេញទៅស្រុកកំណើតវិញនោះទេ។ សម្ដេច ស ខេង ថ្លែងបែបនេះ ក្រោយពិធីប្រកាសផ្សព្វផ្សាយស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ។
«កាលពេលដែលជនបរទេស ពិសេសជនជាតិចិន ចូលមក(កម្ពុជា)ច្រើន ក៏រដ្ឋាភិបាលទទួលរងសម្ពាធ។ ដល់ពេលចិន ចេញទៅវិញ ក៏រដ្ឋាភិបាលទទួលរងសម្ពាធដែរ»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមិនបានបញ្ជាក់ឱ្យច្បាស់ថា តើសម្ពាធអ្វីដែលធ្លាក់ទៅលើរដ្ឋាភិបាលនោះទេ?
ដ្បិតមិនបកស្រាយឱ្យច្បាស់ក្តី ប៉ុន្តែសម្ដេច ស ខេង បានអះអាងវិញថា អ្វីដែលរដ្ឋាភិបាលត្រូវធ្វើពេលនេះ គឺពង្រឹងការគ្រប់គ្រងលើជនបរទេសក្នុងប្រទេស។ ឆ្លើយតបសំនួរអ្នកសារព័ត៌មាន ជុំវិញបញ្ហាវត្តមានជនជាតិចិននេះ សម្ដេច ស ខេង បាននិយាយថា៖« យើងកំពុងរកវិធីធ្វើយ៉ាងម៉េច ដើម្បីគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ»។
វត្តមានជនជាតិចិន ដែលចូលមកកម្ពុជាយ៉ាងគំហុកក្នុងរយៈពេល២ឆ្នាំចុងក្រោយ បានធ្វើឱ្យពលរដ្ឋព្រួយបារម្ភ និងរិះគន់ទៅលើរដ្ឋាភិបាលកម្ពុជា។ ការរិះគន់របស់ពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីជនជាតិមួយចំនួន បានបង្កអសន្តិសុខ និងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណកម្ពុជា តាមរយៈការប្រព្រឹត្តបទល្មើសចាប់ជំរិតទារប្រាក់ ,ប្លន់សម្លាប់ជនជាតិចិនគ្នាឯង និងបទឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។
ដោយសារតែមើលឃើញពីបញ្ហានេះ និងស្របពេលពលរដ្ឋរិះគន់ផងនោះ ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យអាជ្ញាធរ បង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមអ៊ីនធឺណិត ដែលគ្មានអាជ្ញាប័ណ្ណ និងហាមមិនឲ្យចេញអាជ្ញាប័ណ្ណថ្មី ឬបន្តអាជ្ញាបណ្ណ ដល់ក្រុមហ៊ុនល្បែងតាមអនឡាញគ្រប់ប្រភេទឡើយ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិត បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។
ក្រោយពីរដ្ឋាភិបាលកម្ពុជា ចេញវិធានការតឹងរឹងក្នុងការបិទ និងបង្ក្រាបកាស៊ីណូអនឡាញនេះ វាបានធ្វើឱ្យជនជាតិចិនចាកចេញពីកម្ពុជា ជាបន្តបន្ទាប់ ។ ក្នុងនោះមានជនជាតិចិនប្រហែល៦ពាន់នាក់ចាកចេញ ខណៈជនជាតិ៥ពាន់នាក់មកកាន់កម្ពុជា។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ។
តែយ៉ាងណាលោកនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា គោលការណ៍សេដ្ឋកិច្ចកម្ពុជា គឺត្រូវពង្រឹងការអនុវត្តច្បាប់ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស តែមិនមែនជាវិស័យកាស៊ីណូអនឡាញឡើយ៕
Tag:
ស ខេង
ចិន
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com