អន្តរជាតិ
ចិន​៖ កម្មករ​រ៉ែ​ចំនួន​១៤​នាក់ បាន​បាត់​បង់ជីវិត​ឧបទ្ទវហេតុ​ផ្ទុះ​ហ្គាស​ក្នុង​អណ្ដូងរ៉ែ
17, Dec 2019 , 10:19 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ឧបទ្ទវហេតុ​ផ្ទុះ​ហ្គាស និង​ធ្យូងថ្ម​មួយ នៅ​ថ្ងៃទី​១៧ ខែធ្នូ បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងហោចណាស់​១៤​នាក់ និង​ជនរងគ្រោះ​ពីរ​នាក់​ទៀត ជាប់​នៅក្នុង​ដី​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅក្នុង​ស្ថានីយ​ជីក​យក​រ៉ែ Guanglong ស្រុក Anlong ខេត្ត Guizhou ប្រទេស​ចិន​។


 
​តាមរយៈ​ការអះអាង​របស់​រដ្ឋបាល​ស្វយ័ត​ភាគខាងត្បូង​ខេត្ត Guizhou យ៉ាងហោចណាស់​មនុស្ស​ចំនួន ១៤​នាក់ បាន​បាត់​បង់ជីវិត នៅក្នុង​ស្ថានីយ Guanglong ដោយសារតែ​ករណី​ផ្ទុះ​ហ្គាស និង​ធ្យូងថ្ម​។ ក្នុង​ឧបទ្ទវហេតុ​មួយ​នេះ មនុស្ស​ចំនួន ៧​នាក់ ត្រូវបាន​គេ​ជួយសង្គ្រោះ ខណៈពេល​មនុស្ស​ចំនួន ២​នាក់​ទៀត កំពុង​ជាប់​នៅក្រោម​ដី​នៅឡើយ​។​
 
​យ៉ាងណាក៏ដោយ អាជ្ញាធរ​ក្នុង​តំបន់​កំពុងតែ​ស្វះស្វែង​ជួយ​ពួកគេ​។ រហូតមកទល់​ពេលនេះ គេ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ជុំវិញ​បញ្ហា​ផ្ទុះ​ហ្គាស និង​ធ្យូងថ្ម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ឧបទ្ទវហេតុ​ហេតុ​ខាងលើនេះ កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ បន្ទាប់ពី​គ្រោះថ្នាក់​បាក់​ដី​នៅក្នុង​ខេត្ត​Sichuan​។ បញ្ហា​នៅក្នុង​ខេត្ត Sichuan នេះ កើតឡើង​ដោយសារតែ​គ្រោះទឹកជំនន់ ហើយ​បានធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត ៥​នាក់ និង​ជាប់​ក្នុង​ដី​១៣​នាក់​។​
 
​សូមបញ្ជាក់ថា រឿងហេតុ​នៅ​តំបន់​អណ្តូងរ៉ែ​ក្នុងប្រទេស​ចិន បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ញឹកញាប់​។ បញ្ហា​នេះ ត្រូវបាន​គេ​បន្ទោស​ថា ដោយសារ​កង្វះ​ការចាប់​បង្ខំ​ឲ្យ​អនុវត្ត​ច្បាប់​ឲ្យ​ត្រឹមត្រូវ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុមប្រឹក្សារដ្ឋ​ចិន នៅក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១៩​កន្លងមកនេះ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចិន​ចុះបង្ក្រាប់​ទីតាំង​ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សុវត្ថិភាព ដើម្បី​កែលម្អ​សុវត្ថិភាព​ការងារ​៕ 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com