ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មជ្ឈមណ្ឌល​តស៊ូ​មតិ​សម្រាប់​កុមារ​ជួយ​កុមារ​រងគ្រោះ​ពី​ការរំលោភបំពាន​
18, Dec 2019 , 7:59 am        
រូបភាព
​សៀមរាប​៖ មូលនិធិ អេ ២១ (A21) ដែលជា​ស្ថាប័ន​ដ៏​ធំ​ធ្វើការ​លើ​ការការពារ​កុមារ​រងគ្រោះ​ពី​ការរំលោភបំពាន​ផ្សេងៗ បានដាក់​ដំណើរការ​នៃ​មជ្ឈមណ្ឌល​តស៊ូ​មតិ​សម្រាប់​កុមារ អេ ២១ ប្រចាំខេត្ត​សៀមរាប​នៅ​ពាក់​កណ្ដាលខែ ធ្នូ កន្លងទៅ​។ មជ្ឈមណ្ឌល​នេះ​នឹង​ដើរតួ​យ៉ាងសំខាន់​សម្រាប់​ការការពារ​កុមារ​រងគ្រោះ​ពី​ការរំលោភបំពាន​ផ្លូវភេទ ការរំលោភបំពាន​កម្លាំង​ពលកម្ម ជួយ​ប្រឹក្សា​យោបល់ និង​ជ្រោមជ្រែង​ឱ្យ​កុមារ​ទាំងនោះ​មាន​ភាពរឹងមាំ និង​គេច​ចេញពី​ភាព​រងគ្រោះ​ម្ដងទៀត​។ ក្រុមមន្ត្រី​ដែល​ពាក់ព័ន្ធ​លើ​កិច្ចការ​នេះ​ជឿជាក់ថា មជ្ឈមណ្ឌល​ថ្មី​នេះ​នឹង​ជួយ​ឱ្យ​ការទប់ស្កាត់ ការបង្ក្រាប​បទល្មើស​កា​រ​ជួញដូរ​កុមារ​នៅ​កម្ពុជា​កាន់តែ​មាន​ប្រសិទ្ធភាព​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​មូលនិធិ អេ ២១ បាន​បើក​ការិយាល័យ​របស់ខ្លួន​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ដើម្បី​ជួយ​កុមារ​រងគ្រោះ​គ្រប់​ទម្រង់ ពិសេស​កុមារ​រងគ្រោះ​ពី​ការរំលោភបំពាន​ផ្លូវភេទ រំលោភបំពាន​លើ​កម្លាំង​ពលកម្ម ដែលមាន​ស្នាក់ការ​ប្រចាំ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ មូលនិធិ​នេះ​បានធ្វើ​ជាមួយ អេ ២១ នៅ​ប្រទេស​ថៃ ដែល​រកឃើញ​កុមារ​កម្ពុជា​រងគ្រោះ​ពី​ទីនោះ​បញ្ជូនមក​កម្ពុជា​វិញ តាមរយៈ​ការជួយ​ប្រឹក្សា​យោបល់ ការថែទាំ​បន្ទាប់ ផ្តល់​ការអប់រំ និង​ជ្រោមជ្រែង​ដល់​គ្រួសារ​កុមារ​រងគ្រោះ​ឱ្យមាន​អាជីវកម្ម​ខ្នាតតូច​ជាដើម​។​
 
​នៅ​ថ្ងៃទី​១១ ធ្នូ មូលនិធិ​នេះ បាន​ដាក់ឱ្យ​ដំណើរការ​នៃ​មជ្ឈមណ្ឌល​តស៊ូ​មតិ​សម្រាប់​កុមារ អេ ២១​ប្រចាំខេត្ត​សៀមរាប​។ លោក ប៉ុក ទ្រី ប្រធាន​មជ្ឈមណ្ឌល​បានឱ្យដឹងថា មជ្ឈមណ្ឌល​នេះ​នឹង​ក្លាយជា​ទីតាំង​មាន​សុវត្ថិភាព សម្រាប់​ការផ្តល់​ប្រឹក្សា​យោបល់​ដល់​កុមារ​រងគ្រោះ កន្លែង​ផ្តល់​ការការពារ​កុមារ កន្លែង​សម្ភាស​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​សហការ​ជាមួយ​នគរបាល​ប្រឆាំង​ការជួញដូរ​កុមារ ក៏ដូចជា​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដើម្បី​កុំឱ្យ​កុមារ​ទាំងនោះ​ទទួលរង​នូវ​ការរំលោភបំពាន​សាជាថ្មី​។​
 
​កញ្ញា គ្រីស្ទី​ន ស្កា​ហ្វ នាយិកា​ប្រចាំ​ប្រទេស​នៃ​មូលនិធិ អេ ២១ លើកឡើងថា​មជ្ឈមណ្ឌល​នេះ​នឹង​ដើរ​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​សុវត្ថិភាព​សម្រាប់​កុមារ​រងគ្រោះ ការសម្ភាស និង​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​ពី​ផលប៉ះពាល់​ផ្នែក​ផ្លូវចិត្ត​ដល់​កុមារ​រងគ្រោះ​ពី​ការរំលោភបំពាន​នានា​។  


 
​ស្នងការរង​ទទួលបន្ទុក​ការជួញដូរ​មនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប លោកស្រី ឌួង ថាវ​រី មានប្រសាសន៍ថា កន្លងមក​ស្ថាប័ន​លោកស្រី​បានធ្វើ​ការងារ​ជាច្រើន​លើ​ការជួញដូរ​កុមារ​ក្នុង​ខេត្តសៀមរាប និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ ចំពោះ​ការដាក់​ដំណើរការ​មជ្ឈមណ្ឌល​ត​ស៊ូ​មតិ​របស់​មូលនិធិ អេ ២១​នេះ វា​នឹង​ក្លាយជា​ដៃគូ​មួយ​បន្ថែមទៀត​សម្រាប់​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​កុមារ​នៅ​ខេត្តសៀមរាប​។​
 
​បទល្មើស​ដែល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្តសៀមរាប​ធ្លាប់បាន​បង្ក្រាប​រួមមាន​ភាគច្រើន​ការរំលោភបំពាន​ផ្លូវភេទ ការជួញដូរ​កុមារ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ការ​កេង​កម្លាំង​ពលកម្ម​កុមារ ដែលមាន​នៅតាម​កន្លែង​អាជីវកម្ម​មួយចំនួន​ដូចជា​នៅ​ឡឥដ្ឋ និង​កន្លែង​កម្សាន្ត​ជាដើម​។ តាម​ការបញ្ជាក់​ពី​លោកស្រី ឌួង ថាវ​រី ការជួញដូរ​កម្លាំង​ពលកម្ម​កុមារ​នៅ​ខេត្តសៀមរាប ច្រើនតែ​នៅ​កន្លែង​ឡឥដ្ឋ ដ្បិតថា​អាណាព្យាបាល​មិនសូវ​យល់​ពី​ច្បាប់ និង​យល់ថា​កូនៗ​ពួកគេ គួរតែ​ធ្វើការ​ដើម្បី​រកប្រាក់​ចិញ្ចឹម​គ្រួសារ​។​
 
​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ លោក ជីវ ផល្លី ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​តស៊ូ​មតិ​កុមារ​នៃ​មូលនិធិ អេ ២១ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កន្លងមក​ស្ថាប័ន​របស់លោក​បាន​សហកា​រ​ជាមួយ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​រាជ​ធានី​-​ខេត្ត និង​អង្គការក្រៅរដ្ឋាភិបាល​ដែល​ទាក់ទង​នឹង​យ៉ាងសកម្ម ធ្វើការ​ស្រាវជ្រាវ​តាមរយៈ​ការផ្តល់​ព័ត៌មាន​តាម​បណ្ដាញ​សង្គម តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ពីសា​ក្សី ឪពុកម្ដាយ ឬ​អាណាព្យាបាល​ជនរងគ្រោះ​។​ល​។ ក្រោយ​ទទួលបាន​ព័ត៌មាន​ទាំងនោះ កម្លាំង​ជំនាញ​បាន​ចុះបង្ក្រាប​ភ្លាមៗ​ដើម្បី​ឆ្លើយតប​បទល្មើស និង​បើក​ការស៊ើបអង្កេត ស្វែងរក​ជនល្មើស​មក​ផ្តន្ទាទោស​។ បន្ទាប់ពី​ជួយសង្គ្រោះ​បាន​ហើយ កុមារ​រងគ្រោះ​នឹងត្រូវ​បញ្ជូន​ទៅកាន់​អង្គការ​ដៃគូ​នានា​ដើម្បី​ទទួលបាន​ការថែទាំ និង​បង្រៀន​វិជ្ជាជីវៈ​ផ្សេងៗ​។ ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​ផ្លូវភេទ​កុមារ នៅពេល​ថ្មីៗ​នេះ​បាន​លេចចេញ​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​កិច្ចការ​នេះ​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ការជួញដូរ​មនុស្ស សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ស្រាវជ្រាវ​ចាប់​ជនល្មើស​ជា​បន្តបន្ទាប់​។ 
 
​ការជួញដូរ​និង​រំលោភបំពាន​កុមារ​មាន​ច្រើន​ទម្រង់ សូម​ស្ដាប់​ការពន្យល់​របស់លោក ជីវ ផល្លី ដូចតទៅ​៖« ការជួញដូរ​កុមារ​មាន​ច្រើន​ទម្រង់ មានន័យថា​ជួញដូរ​កុមារ​យកទៅ​បម្រើ​សេវាកម្ម​ផ្លូវភេទ ឬ​ទាញ​ប្រយោជន៍​ពី​ការរួម​ភេទ​របស់​កុមារ ឬ​យក​កុមារ​ទៅ​លក់​ដើម្បី​បម្រើសេវា​ផ្លូវភេទ យើង​មាន​ករណី​យក​កុមារ​ទៅ​បង្ខំ​ឱ្យ​រៀប​អាពាហ៍ពិពាហ៍​នៅក្រៅ​ប្រទេស ការបង្ខំ​ឱ្យ​ការ​...​ការបង្ខំ​ពលកម្ម​កុមារ ទម្រង់​ផលិត​សម្ភារ​អាសអាភាស​ឬមួយ​មានការ​រំលោភបំពាន​ផ្លូវភេទ​តាមរយៈ​ការ​ទាញ​ប្រយោជន៍​ទៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត​...»​។​
 
​ការរំលោភបំពាន​កុមារ បង្កើតឱ្យមាន​បញ្ហា​ផ្លូវចិត្ត​ដល់​កុមារ ហើយ​វា​ក៏​ជា​បន្ទុក​មួយ​ដល់​សង្គម​ផងដែរ​។ ដើម្បី​ដោះស្រាយ ក៏ដូចជា​ជួយ​សម្រាល​បន្ទុក​កិច្ចការ​នេះ ក្រសួង​ពាក់ព័ន្ធ និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន បាន​ប្រឹងប្រែង​បង្កើត​មជ្ឈមណ្ឌល​ដើម្បី​ជួយ​កុមារ​រងគ្រោះ​ទាំងនោះ​។ ក្រោយ​ជួយសង្គ្រោះ កុមារ​អាច​រស់នៅ រៀនសូត្រ និង​ទទួលបាន​ចំណេះ​ជំនាញ​វិជ្ជាជីវៈ ដើម្បី​កែប្រែ​ជីវិត​របស់​ពួកគេ​។ កុមារ​ខ្លះ បន្ត​រស់នៅ​និង​រៀនសូត្រ​រហូតដល់​អាយុ​១៦​ឬ​១៧​ឆ្នាំ ហើយ​ខ្លះ​ត្រូវ​ឪពុកម្ដាយ​ស្នើសុំ​យកទៅ​រស់នៅ​ជុំ​គ្រួសារ​វិញ​ក៏មាន តែ​ពួកគេ​ស្ថិតក្រោម​ការតាមដាន ដើម្បី​កុំឱ្យ​មានការ​រងគ្រោះ​ម្ដងទៀត​៕

Tag:
 ការរំលោភបំពាន​
  មជ្ឈមណ្ឌល​តស៊ូ​មតិ​
  កុមារ​រងគ្រោះ​
  មូលនិធិ A21
© រក្សាសិទ្ធិដោយ thmeythmey.com