អន្តរជាតិ
Boeing ប្រកាសផ្អាកការផលិតយន្តហោះ 737 Max បណ្តោះអាសន្ន រូបភាព៖ Reuters
× ក្រុមហ៊ុនយន្តហោះអាមេរិក Boeing នៅថ្ងៃទី១៦ ខែធ្នូ បានប្រកាសថា ខ្លួននឹងផ្អាកដំណើរការផលិតយន្តហោះ 737 Max ដែលលក់ដាច់បំផុតនៅក្នុងខែមករា ឆ្នាំ២០២០ខាងមុខនេះ។ ការផ្អាកដំណើរការផលិតជាលើកដំបូងក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ត្រូវបានគេមើលឃើញថា ដោយសារតែការធ្លាក់យន្តហោះប្រភេទនេះ ២គ្រឿង ត្រឹមតែរយៈពេល៥ ខែប៉ុណ្ណោះ។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing យៈពេលពីរថ្ងៃ បានសម្រេចផ្អាកដំណើរការផលិតយន្តហោះប្រភេទBoeing 737MAX នៅក្នុងខែមករា ឆ្នាំ២០២០ ខាងមុខ បន្ទាប់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់អាមេរិក (FAA) បានបដិសេធ ផ្តល់អាជ្ញាប័ណ្ឌក្នុងការហោះហើរមុនឆ្នាំ ២០២០ លើយន្តហោះខ្នាតធំមួយនេះ ។
យ៉ាងណាក៏ដោយ ការសម្រេចរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានគេមើលឃើញថា វាមានការប៉ះពាល់តិចតួចតែប៉ុណ្ណោះក្នុងពេលភ្លាមៗនេះ ខណៈពេលជើងហោះហើរមួយចំនួនត្រូវបានផ្អាករួចហើយ និងការជំរុញឲ្យភ្ញៀវជាច្រើនលុបចោលការហោះហើរជាដើម។ ដោយឡែកបុគ្គលិកជាង១ម៉ឺននាក់វិញ ក្រុមហ៊ុននៅតែរក្សាទុកដដែល ដើម្បីបញ្ចៀសផលវិបាកផ្សេងៗ ដែលអាចប៉ះពាល់ដល់ចង្វាក់ផលិតកម្មសកល និងសេដ្ឋកិច្ចអាមេរិក។
មកទល់ពេលនេះ ក្រុមហ៊ុន Boeing នៅតែបន្តផលិតដដែលយន្តហោះដដែល បើទោះបីជាមានការហាមឃាត់ការហោះហើរក៏ដោយ ប៉ុន្តែក្នុងតែបរិមាណតិចតួចតែប៉ុណ្ណោះ។ ពោលគឺក្រុមហ៊ុនយន្តហោះ នឹងផលិតត្រឹមតែ ៤២គ្រឿង និងទិញគ្រឿងម៉ាស៊ីនយន្តហោះ ត្រឹមតែ ៥២ផ្នែកតែប៉ុណ្ណោះក្នុងមួយខែ។
យន្តហោះ Boeing ប្រភេទ 737 MAX ត្រូវបានផ្អាកហោះហើរតាំងពីខែមីនាមកម្លេះ ដោយសារយន្តហោះប្រភេទនេះ បានធ្លាក់នៅក្នុងឥណ្ឌូណេស៊ីមួយគ្រឿង និងអេត្យូពីមួយគ្រឿង ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ៣៤៦នាក់ ក្នុងរយៈពេល ៥ខែតែប៉ុណ្ណោះ។ ការណ៍នេះ បានធ្វើឲ្យក្រុមហ៊ុនផលិតយន្តហោះមួយនេះ បានខាតលុយប្រមាណជា ៩ពាន់លានដុល្លារ។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា យន្តហោះប្រភេទ737MAX ត្រូវអនុញ្ញាតឲ្យហោះហើរនៅពេលណាទេ ប៉ុន្តែវាត្រូវផ្អែកទៅលើរដ្ឋបាលអាកាសចរណ៍សហព័ន្ធ។ បើគេរំពឹងទុក យន្តហោះ 737MAX អាចនឹងអនុញ្ញាតឲ្យដំណើរការវិញ ប្រសិនមានការផ្លាស់ប្តូរការសាកល្បងផ្នែកបច្ចេកទេសឲ្យស្របទៅនឹងច្បាប់របស់អាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com