អន្តរជាតិ
លោក អូ​បា​ម៉ា​៖ ពិភពលោក​ដែល​ដឹកនាំ​ដោយ​ស្ត្រី នឹង​ប្រសើរ​ជាង​បុរស
17, Dec 2019 , 6:09 pm        
រូបភាព
លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក ទី៤៤ (getty images)
លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក ទី៤៤ (getty images)
ដោយ:
​ប្រសិនបើ​ស្ត្រី​បាន​ដឹកនាំ​រាល់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក វា​នឹងមាន​រីកចម្រើន​ជាទូទៅ​ក្នុង​កម្រិតជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​បច្ច័យ​។ អតីត​ប្រធាន​ធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា លើកឡើង​បែបនេះ​។ ពី​ប្រទេស​សិង្ហ​បុរី អតីត​មេដឹកនាំ​អាមេរិក​ស្បែក​ខ្មៅ​រូបនេះ បញ្ជាក់​ត្រង់ៗ​ថា ស្ត្រី មិនល្អ​ឥតខ្ចោះ​ឡើយ ប៉ុន្តែ​ជា​រឿង​ប្រកែក​មិនបាន​នោះ​គឺថា ពួកគេ​គឺ​ល្អប្រសើរ​ជាង​បុរស​។

 
​ថ្លែង​នៅ​ព្រឹត្តិការណ៍​ឯកជន​មួយ​លើ​ប្រធានបទ «​ភាពជា​អ្នកដឹកនាំ​» នៅ​ថ្ងៃ ចន្ទ ១៧ ធ្នូ លោក អូ​បា​ម៉ា និយាយថា អំឡុងពេល​លោក​នៅ​កាន់អំណាច​ជា​ប្រធានាធិបតី​អាមេរិក​ទី​៤៤ លោក​ធ្លាប់​សញ្ជឹង​គិតថា​តើ​ពិភពលោក​មួយ​ដែល​ដឹកនាំ​ទាំងស្រុង​ដោយ​ស្ត្រី នឹងមាន​លក្ខណៈ​បែបណា​។ 
 
«​ឥឡូវនេះ ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​អ្នក​ដឹងថា អ្នក​មិនល្អ​ឥតខ្ចោះ​នោះឡើយ ក៏ប៉ុន្តែ ជា​រឿង​ដែល​ប្រកែក​មិនបាន អ្វីដែល​ខ្ញុំ​អាច​និយាយ​នោះ​គឺថា អ្នក​គឺ​ល្អប្រសើរ​ជាង​យើង (​បុរស​)»​។ លោក អូ​បា​ម៉ា បញ្ជាក់​បែបនេះ ដោយ​សង្កត់ធ្ងន់ថា លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្នុងពេល​២​ឆ្នាំ ប្រសិនបើ​ប្រជាជាតិ​ទាំងអស់​លើ​ភពផែនដី បាន​ដឹកនាំ​ដោយ​ស្ត្រី​នោះ មនុស្ស​រាល់គ្នា នឹង​មើលឃើញ​ពី​ការរីកចម្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៅ​ទូទាំង​វិស័យ​ទាំងអស់ ដែល​ក្នុងនោះ កម្រិតជីវភាព​និង​លទ្ធផល ជាដើម​។  
 
​ទន្ទឹមនឹង​ការនិយាយ​លើកតម្កើង​ស្ត្រី លោក អូ​បា​ម៉ា បែរជា​បន្ទោស​លើ​បុរស ដោយ​និយាយថា​៖«​ប្រសិនបើ​អ្នកមើល​លើ​ពិភពលោក​សព្វថ្ងៃ ហើយ​មើល​ដល់​បញ្ហា​នោះ ជាធម្មតា វា​កើតចេញពី​មនុស្ស​ចាស់ បុរស​វ័យ​ចំណាស់ ដែល​មិន​យល់​ពី​របៀប​ដឹកនាំ​»​។ ក្រៅពី​រឿង​តួនាទី​ស្ត្រី​ក្នុងការ​ដឹកនាំ​ប្រទេស​នេះ លោក អូ​បា​ម៉ា ក៏បាន​លើកឡើង​ពី​ការ​បែកខ្ញែក​នយោបាយ (political polarization) និង​ការប្រើប្រាស់​បណ្តេញ​ផ្សព្វ​សង្គម​ចែករំលែក​ព័ត៌មាន​ក្លែងបន្លំ​។ 
 
​សូមបញ្ជាក់ថា លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ចាប់ពី​ឆ្នាំ​២០០៩ ដល់ ឆ្នាំ​២០១៧​។ ហើយ​ចាប់តាំងពី​ចាក​ចេញពី​សេត​វិមាន​អាមេរិក​មក លោក និង​អតីត​ស្ត្រី​ទីមួយ គឺ​អ្នកស្រី មី​ឈែល អូ​បា​ម៉ា បាន​បង្កើត​មូល​និ​ធី​មួយ​ដែលមាន​គោលដៅ​តាមដាន​មេដឹកនាំ​វ័យក្មេង​នៅ​ទូទាំង​ពិភពលោក​៕

Tag:
 សហរដ្ឋអាមេរិក​
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  ស្ត្រី​
  បុរស
© រក្សាសិទ្ធិដោយ thmeythmey.com