ជាតិ
សម្ដេច ហ៊ុន សែន ៖ មន្ត្រី​ពូកែ​រាយការណ៍ និង​បន្ទោស​តែ​ថ្នាក់ក្រោម ត្រូវ​ដាក់ចូល​ឃ្លាំង​
18, Dec 2019 , 9:09 am        
រូបភាព
​ភ្នំពេញ​៖ មន្ត្រី​ដែល​ពូកែ​ខាង​រាយការណ៍ និង​បន្ទោស​តែ​ថ្នាក់ក្រោម ត្រូវ​ដាក់ចូល​ឃ្លាំង ហើយ​មិនចាំបាច់​ឱ្យបំពេញ​ការងារ​អ្វី​ទៀត​នោះទេ​។ សម្ដេច ហ៊ុន សែន ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន នៅ​ព្រឹក​ថ្ងៃទី​១៨ ធ្នូ​។​


 
​ថ្លែង​ចំពោះមុខ​និស្សិត និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា នៅពេល​មាន​បញ្ហា​កើតឡើង​នៅតាម​មូលដ្ឋាន ឬ​ថ្នាក់ក្រោម​ជាតិ​នោះ វា​តែងតែ​លេចចេញ​រូបរាង​មន្ត្រី​ពីរ​ប្រភេទ​ឡើង​។ មន្ត្រី​ទាំងពីរ​ប្រភេទ ដែល​សម្ដេច កត់សម្គាល់​នេះ គឺ​មន្ត្រី​ពូកែ​ដោះស្រាយ​បញ្ហា និង​មន្ត្រី​ពូកែ​រាយការណ៍ ហើយ​បន្ទោស​ថ្នាក់ក្រោម​ខ្លួន​។​
 
​សម្រាប់​ប្រមុខ​រដ្ឋាភិបាល មន្ត្រី​ពូកែ​ដោះស្រាយ​បញ្ហា គឺ​អាចជួយ​អភិវឌ្ឍ​ជាតិ​ឱ្យ​រីកចម្រើន​។ ប៉ុន្តែ​មន្ត្រី​ពូកែ​តែ​រាយការណ៍​នោះ គឺជា​មន្ត្រី​អសមត្ថភាព ហើយ​មិនចាំបាច់​ផ្ដល់​ការងារ​ឱ្យ​ពួកគេ​ធ្វើ​បន្តទៀត​នោះទេ​។​

សូមស្ដាប់សំឡេង៖

 
​ថ្លែង​បែបនេះហើយ សម្ដេច ហ៊ុន សែន ក៏បាន​លើក​ករណី​រំលំ​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ខែមិថុនា ឆ្នាំ​២០១៩​កន្លងមក​ថា មន្ត្រី​ថ្នាក់ជាតិ​ខ្វះ​ការគ្រប់គ្រង និង​ប្រមូលផ្ដុំ​កម្លាំង​ដោះស្រាយ​បញ្ហា​បាក់​អគារ​នោះ ខណៈ​មន្ត្រី​ក្រោម​ជាតិ បាន​បំពេញការងារ​យ៉ាង​ល្អ​។​
 
​មិនតែប៉ុណ្ណោះ​នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​រម្លឹក​មន្ត្រី​ថ្នាក់ជាតិ​ថា ត្រូវ​ផ្ដល់​អំណាច​ពិតប្រាកដ​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​នានា ពោលគឺ​កុំ​ផ្ដល់​អំណាច​ខ្យល់ ទៅ​ពួកគេ ដែល​ធ្វើឱ្យ​ពួកគេ​ពិបាក​សម្រេចចិត្ត​ក្នុងការ​ដោះស្រាយ និង​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​៕ 

Tag:
 ហ៊ុន សែន​
  មន្ត្រីរាជការ
© រក្សាសិទ្ធិដោយ thmeythmey.com