អន្តរជាតិ
វៀតណាម និង​ចិន​ចាប់ផ្តើម​កិច្ចចរចា​ឡើងវិញ ដែលជា​ផ្នែក​មួយ​នៃ​វដ្ដ​ចរចា និង​ជម្លោះ​អស់​រយៈពេល​២០​ឆ្នាំ​
18, Dec 2019 , 1:39 pm        
រូបភាព
រូប​ឯកសារ៖ កប៉ាល់ និង​កន្លែង​បូមប្រេង​មួយ ដែល​ចិន​ហៅ​ថា Haiyang Shiyou 981 ត្រូវ​បាន​គេ​ថត​បាន​ កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤។
រូប​ឯកសារ៖ កប៉ាល់ និង​កន្លែង​បូមប្រេង​មួយ ដែល​ចិន​ហៅ​ថា Haiyang Shiyou 981 ត្រូវ​បាន​គេ​ថត​បាន​ កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤។
ដោយ: VOA
​តៃប៉ិ ៖ ប្រទេស​ចិន​និង​វៀតណាម​ដែលជា​គូ​ជម្លោះ​លើ​អធិបតេយ្យភាព​ដែនសមុទ្រ​បានចាប់ផ្តើម​ចរចា​គ្នា​ម្តងទៀត បន្ទាប់ពី​មាន​ភាព​រកាំរកូស​ជាមួយគ្នា​អស់​រយៈពេល​យ៉ាងយូរ​កាលពីដើមឆ្នាំ​។ អ្នកវិភាគ​ហៅ​ការណ៍​នេះ​ថា​ជា ការបង្ហាញ​ពី​ឈុត​ឆាក​សន្តិភាព ដែល​កើត​ឡើងជា​ទម្លាប់​មុនពេល​មាន​ភាព​ប្រទាំង​ប្រទើស​កាន់តែច្រើន​បន្ថែមទៀត​កើតឡើង​។​

 
​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​និយាយថា ការដក​នាវា​ស្រាវជ្រាវ​របស់​ចិន​ចេញពី​ដែនទឹក​មាន​ជម្លោះ​នៅក្នុង​ខែតុលា និង​ការដែល​វៀតណាម​នឹង​ធ្វើជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បានធ្វើឱ្យ​ប្រទេស​ទាំង​២​ចាប់ផ្តើម​ចរចា​គ្នា​ឡើងវិញ​នៅ​ដើមខែ​នេះ​។​
 
​កាលពីដើម​ខែធ្នូ​ក្រុមការងារ​ចិន​-​វៀតណាម​ស្តីពី​កិច្ចសហការ​ដែនសមុទ្រ បានរៀបចំ​កិច្ចចរចា​ជុំ​ទី​១៣ នៅក្នុង​ក្រុង​ហូជីមិញ​។ សារព័ត៌មាន Viet Nam News បាន​រាយការណ៍​ថា ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​ថ្នាក់កណ្តាល​មកពី​ក្រសួងការបរទេស​រប​ស់​ប្រទេស​ទាំង​២​។​
 
​លោក Carl Thayer គឺជា​សាស្ត្រាចារ្យ​ចូលនិវត្តន៍​ដែលមាន​ជំនាញ​លើ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​សាកលវិទ្យាល័យ New South Wales ក្នុងប្រទេស​អូស្ត្រាលី​។ លោក​បាន​និយាយថា «​ខ្ញុំ​យល់ថា ពួកគេ​កំពុង​បោះជំហាន​ឆ្ពោះទៅរក​ដំណាក់កាល​ចរចា​គ្នា ដោយសារតែ​ការប្រឈមមុខ​ដាក់គ្នា​មិន​ទទួលបាន​ផល​នោះទេ​»​។​
 
​អ្នកជំនាញ​បាន​ពន្យល់ថា ចិន និង​វៀតណាម​មាន​ភាពមិន​ចុះសម្រុង​គ្នា និង​បាន​ចរចា​គ្នា​រាប់សិប​ដង​រួចមកហើយ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​។ ទំនាក់ទំនង​ការទូត​ជាធម្មតា​កើតមានឡើង បន្ទាប់ពី​ភាគី​ទាំង​២​ទុកចោល​បញ្ហា​ជាក់លាក់​ណាមួយ ឬ​ភាគី​ម្ខាង ឬ​ទាំង​២​ចង់​បង្កើន​មុខមាត់​របស់ខ្លួន​ក្នុងនាម​ជា​អ្នករក្សា​សន្តិភាព ជាពិសេស​នៅពេលដែល​ភាព​តានតឹង​នៅក្នុង​កិច្ចសន្ទនា​អាស៊ាន​-​ចិន​កាន់តែ​តានតឹង​ឡើង​។ កិច្ចចរចា​របស់​ពួកគេ​មិនបាន​ដោះស្រាយ​ភាពមិន​ចុះសម្រុង​គ្នា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នៃ​ការកាន់កាប់​ចំណែក​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​សម្បូរ​ទៅដោយ​ធនធាន​នេះ​ទេ​។ 
 
​លោក Nguyen Thanh Trung គឺជា​នាយក​មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ​នៅក្នុង​ក្រុង​ហូជីមិញ​។ លោក​និយាយថា «​ចិន​នៅតែ​រក្សា​ជំហរ​ដ៏​រឹងមាំ​របស់ខ្លួន​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ពួកគេ​នឹងមិន​ផ្តល់​សម្បទាន​ច្រើន​ដើម្បី​ជំរុញឱ្យមាន​ការចរចា​ជាមួយនឹង​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​នោះទេ​»​។​
 
​ប្រទេសជិតខាង​ទាំង​២ ដែលមាន​ជម្លោះទឹកដី​ក្នុង​ប្រវត្តិសាស្ត្រ​រាប់​សតវត្សរ៍​មកហើយ​នេះ បានទាមទារ​យក​ផ្នែក​ខាងលិច​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ទំហំ​៣​លាន​៥​សែ​នគ​.​ម​.​ការ៉េ បើទោះជា​ចិន​មាន​សេដ្ឋកិច្ច និង​យោធា​ខ្លាំង​ជាង​វៀតណាម ដែល​ការណ៍​នេះ​ឲ្យ​ធ្វើ​ចិន​មាន​ឥទ្ធិពល​ទៅលើ​ដែនសមុទ្រ​ជាង ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​យ៉ាងណាក៏ដោយ​។ ប្រទេស​ទាំង​២​កំពុង​រុករក​អណ្តូងប្រេង និង​ឧស្ម័ន​ដែល​អាចមាន​យ៉ាងច្រើន​នៅ​បាតសមុទ្រ​នេះ​។​
 
​វដ្ត​នៃ​ជម្លោះ និង​ការចរចា​
 
​វៀតណាម និង​ចិន​ជាធម្មតា​ចរចា​គ្នា បន្ទាប់ពី​ចិន​ធ្វើ​ចរាចរណ៍​នាវា ឬ​សង់​កន្លែង​រុករក​ប្រេង​ទៅក្នុង​ដែនទឹក​មាន​ជម្លោះ ឬ​វៀតណាម​ឈាន​ជើង​ចូលក្នុង​ការរុករក​ថា​ម​ពល​។ ជា​ឧទាហរណ៍ កិច្ចចរចា​ត្រូវបាន​គេ​ធ្វើ​យ៉ាង​លឿន​នៅក្នុង​ឆ្នាំ​២០១៤ នៅពេលដែល​ភាគី​ទាំង​២​ចង់​បញ្ចៀស​ឧប្បត្តិហេតុ ដែល​កប៉ាល់​វៀតណាម​បុក​កប៉ាល់​ចិន នៅក្បែរ​ឆកសមុទ្រ Tonkin ដោយសារតែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សម្រេច​ជីក​អណ្តូងប្រេង​នៅ​ទីនោះ​។ ក្រោម​មក នៅក្នុង​កិច្ចប្រជុំ​មួយ​នៅក្នុង​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១៧ ក្រុមមន្ត្រី​ជាន់ខ្ពស់​រប​ស់​ភាគី​ទាំង​២​បាន​យល់ព្រម​គ្នា​នឹង​ដោះស្រាយ​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នេះ​។​


បាតុករ​វៀតណាម​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​ចិន​នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤។
 
​ភាព​រកាំរកូស​ដាក់គ្នា​នៅ​ឆ្នាំនេះ​បានចាប់ផ្តើម​នៅក្នុង​ខែមិថុនា នៅពេលដែល​កប៉ាល់​ស្រាវជ្រាវ​ថាមពល​មួយ​ឈ្មោះថា Haiyang Dizhi 8 បានចាប់ផ្តើម​ល្បាត​ដែនទឹក​មាន​ជម្លោះ​នៅ​ជុំវិញ​តំបន់ Vanguard Bank ដែលមាន​ចម្ងាយ​៣៥០​គ​.​ម​.​ពី​ឆ្នេរសមុទ្រ​របស់​វៀតណាម​នៅ​ប៉ែក​អាគ្នេយ៍​។ នៅក្នុង​ខែតុលា ក្រុមហ៊ុន​រុករក​ប្រេង​មួយ​ដែល​ចុះហត្ថលេខា​ជាមួយនឹង​វៀតណាម​និយាយថា ខ្លួន​ឈប់​ដំណើរការ​នៅ​តំបន់​នោះ ហើយ​មួយថ្ងៃ​ក្រោយមក​កប៉ាល់​ស្រាវជ្រាវ​របស់​ចិន​ក៏បាន​ចាក​ចេញពី​ទីនោះ​ដែរ​។ 
 
​មូលហេតុ​សម្រាប់​ការចរចា​នៅ​ខែ​នេះ​
 
​អ្នកវិភាគ​និយាយថា ប្រទេស​វៀតណាម​អាច​មើលទៅ​ដូចជា​អ្នកចរចា មិនមែនជា​អ្នក​ប្រយុទ្ធ​រករឿង​នោះទេ នៅក្នុង​ចំណោម​មេដឹកនាំ​នៅក្នុង​តំបន់​នៅ​ឆ្នាំ​ក្រោយនេះ ក្នុងនាម​ជា​ប្រធាន​សមាគម​អាស៊ាន​។ អ្នកវិភាគ​បន្ថែមថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សង្ឃឹមថា នឹង​ចុះសម្រុង​ជាមួយនឹង​វៀតណាម​ក្នុង​រយៈ​ពេលដែល​វៀតណាម​ធ្វើជា​ប្រធាន នៅ​ចុងឆ្នាំ​២០២០ ប្រសិនបើ​ប្លុក​តំបន់​អាស៊ាន​ដែលមាន​១០​ប្រទេស​ជា​សមាជិក​នេះ​ចាត់វិធានការ​ទៅលើ​សមុទ្រ​ចិន​ខាងត្បូង​។​


លោក​ Prayuth Chan-Ocha នាយករដ្ឋមន្ត្រី​ថៃ​ប្រគល់​ញញួរ​ដែល​បង្ហាញ​ពី​តួនាទី​ជា​ប្រធាន​អាស៊ាន​ទៅ​ឱ្យ​លោក​ Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ក្នុង​ក្រុង​បាងកក​ ប្រទេស​ថៃ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
 
​លោក Thayer និយាយថា «​ចិន​ត្រូវ​ប្រឈមមុខ​នឹង​អាស៊ាន​ដែលមាន​វៀតណាម​ធ្វើជា​ប្រធាន ដែលជា​ប្រទេស​ប្រឆាំង​យ៉ាងខ្លាំង​ក្លា​ចំពោះ​សកម្មភាព​របស់​ចិន​រួចទៅហើយ​»​។​
 
​លោក Nguyen និយាយថា រដ្ឋាភិបាល​វៀតណាម​ចង់ឱ្យ​ពលរដ្ឋ​របស់ខ្លួន​ឃើញថា ខ្លួន​ព្យាយាម​ធ្វើការ​ជាមួយ​ចិន ប្រសិនបើ​មាន​អ្វីមួយ​អាក្រក់​កើតឡើង​នៅពេល​អនាគត​។ លោក​បន្ថែមថា កិច្ចចរចា​ទាំងនេះ​អាច​នឹង​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​កាន់តែច្រើន​ទៅលើ​ការរុករក​ជលផល ឬ​ថាមពល​។​
 
​លោក Collin Koh ដែលជា​អ្នកស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ដែនសមុទ្រ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang នៅក្នុង​ប្រទេស​សិង្ហ​បុរី​និយាយថា «​សម្រាប់​វៀតណាម ដោយសារតែ​ឥឡូវនេះ​ខ្លួន​ជា​ប្រធាន​អាស៊ាន វា​មើលទៅ​មិនល្អ​សម្រាប់​វៀតណាម​នោះទេ ប្រសិនបើ​ខ្លួន​បន្ត​អនុវត្ត​ជំហាន​យោធា​តឹងរ៉ឹង​ចំពោះ​ចិន ជាពិសេស​បន្ទាប់ពី​ចិន​បាន​ដក​កប៉ាល់​ស្រាវជ្រាវ​របស់ខ្លួន​ចេញពី​តំបន់ Vanguard Bank រួចទៅហើយ​នោះ​»​។​
 
​លោក Koh និយាយថា ទោះជា​យ៉ាងនេះ​ក្តី នៅពេល​អនាគត ចិន​នឹង​នៅតែ «​ប្រើ​កម្លាំង​បង្ខំ​ក្នុង​កម្រិត​ណាមួយ​ដែល​អាច​គ្រប់គ្រង​បាន​» ហើយ​វៀតណាម​នឹង​ចង់ឱ្យ​ចិន​បញ្ឈប់​សកម្មភាព​នោះ​។ លោក​បន្ថែមថា ការចរចា​ឥឡូវនេះ​បង្ហាញ​ពី «​វដ្ត​ដដែលៗ​» នៃ​ឧបសគ្គ និង​ការផ្សះផ្សារ​គ្នា​៕

© រក្សាសិទ្ធិដោយ thmeythmey.com