អន្តរជាតិ
ចិន ដាក់ឲ្យប្រើប្រាស់នាវាដឹកយន្តហោះចម្បាំងផលិតក្នុងស្រុកជាលើកដំបូង នាវាដឹកយន្តហោះចម្បាំងចិន Shandong ,រូបភាព៖ Reuters
× មហាយក្សចិន នៅថ្ងៃទី១៧ ខែធ្នូ បានដាក់ឲ្យប្រើប្រាស់នាវាដឹកយន្តហោះចម្បាំងមួយគ្រឿង ដែលត្រូវបានផលិតផលនៅក្នុងស្រុកជាលើកដំបូង នៅឯមូលដ្ឋានយោធាដ៏សំខាន់មួយ ក្នុងសមុទ្រចិនខាងត្បូង។ការដាក់ឲ្យប្រើប្រាស់លើកនេះ ត្រូវបានគេមើលឃើញថា គឺជាការធ្វើទំនើបកម្មយោធាដ៏ធំមួយរបស់ចិន។
នាវាដឹកយន្តហោះចម្បាំង ដែលត្រូវបានចិនដាក់ឲ្យប្រើប្រាស់នេះ គឺត្រូវបានផលិតឡើងដោយយកតាមគំរូនាវាចម្បាំងទីមួយរបស់ខ្លួន Liaoning ដែលបានទិញពីអ៊ុយក្រែន កាលពីឆ្នាំ ១៩៩៨។ ជាផលិតផលក្នុងស្រុកទីមួយ នាវាដឹកយន្តហោះប្រភេទនេះ ត្រូវបានគេដាក់ឈ្មោះថា Shandong ជាទីដែលនាវានេះត្រូវបានផលិតឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។
កម្មវិធីដាក់សម្ពោធនាវាដឹកយន្តហោះនាមូលដ្ឋានយោធា ក្នុងទីក្រុង Sanya ភាគខាងត្បូងខេត្ត Hainan ត្រូវបានធ្វើឡើង ដោយមានការចូលរួមពីសំណាក់ប្រធានាធិបតីចិន ស៊ី ជិនភីង ដែលជាប្រធានគណៈកម្មការយោធាមជ្ឈិម។ ដោយមានវត្តមាននៅលើនាវាផលិតយន្តហោះក្នុងស្រុកមួយនេះផ្ទាល់ លោក ស៊ី បានបញ្ជាក់យ៉ាងមុតមាំ ពីភាពជោគជ័យរបស់ទីក្រុងប៉េកាំង ដែលអាចមានសមត្ថភាពផលិតនាវាដ៏ធំមួយបាន។
បើទោះបីជា នាវាដឹកយន្តហោះនេះ អាចផលិតបានដោយចិនក៏ពិតមែន ប៉ុន្តែវានៅខ្វះបញ្ហាបច្ចេកទេសច្រើនណាស់ បើធៀបទៅនឹងនាវារបស់អាមេរិក។ ដូចនេះវាទាមទារឲ្យទីក្រុងប៉េកាំង អភិវឌ្ឍនាវាមួយនេះ បន្ថែមទៀត ទើបអាចមានសមត្ថភាពដូចនាវាចម្បាំងរបស់ទីក្រុងវ៉ាស៊ីនតោន។ ចំណែកឯចំនួននាវាដឹកយន្តហោះចម្បាំងនេះទៀតសោត ចិននៅមានចំនួនតិចណាស់។ ពោលគឺចិន មានត្រឹមតែពីរគ្រឿងប៉ុណ្ណោះ ខណៈពេលអាមេរិកមានរហូតដល់ទៅ១០គ្រឿងឯណោះ។ ការណ៍នេះ អ្នកជំនាញបានទាមទារឲ្យចិន មាននាវាប្រភេទនេះ យ៉ាងហោចណាស់ ក៏៦គ្រឿងដែរ។
ពាក់ព័ន្ធទៅបញ្ហាផលិតនាវាដឹកយន្តហោះចម្បាំងនេះ រូបភាព ដែលចាប់បានពីផ្កាយរណបបានបង្ហាញថា ចិនកំពុងតែសាងសង់នាវាដឹកយន្តហោះថ្មីមួយទៀត ដែលធំជាងនេះ នៅកន្លែងផលិតនាវា ក្នុងតំបន់ Jiangnan ។ យ៉ាងណាក៏ដោយ វាមិនទាន់មានសេចក្តីប្រកាសផ្លូវការពីយោធាចិននៅឡើយទេ ខណៈអ្នកសារព័ត៌មានរដ្ឋចិនថា នាវានោះ កំពុងត្រូវបានគេផលិត។ រហូតមកទល់ពេលនេះ ការផលិតនាវាទីបី នៅតែមិនទាន់ច្បាស់នៅឡើយទេ ព្រោះវាគឺជាព័ត៌មានសម្ងាត់របស់រដ្ឋចិន។
សូមបញ្ជាក់ថា នាវាក្នុងស្រុករបស់ចិន Shandong កាលពីមួយខែមុន បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីសាកល្បងបញ្ហាបច្ចេកទេសរបស់នាវា។ ប៉ុន្តែហេតុការណ៍នេះ បានបង្កឲ្យតៃវ៉ាន់ ក្តៅស្លឹកត្រជៀកជាខ្លាំង ព្រោះវាប្រៀបដូចជាការគំរាមរបស់ទីក្រុងប៉េកាំង ខណៈពេលការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ជិតមកដល់៕
© រក្សាសិទ្ធិដោយ thmeythmey.com