ជាតិ
នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ការបែងចែកការងារទៅថ្នាក់ក្រោមជាតិ ដើម្បីកុំឱ្យរដ្ឋមន្ត្រីនៅឱបក្រសោបការងារ
× ភ្នំពេញ៖ ការបែងចែកការងារទៅថ្នាក់ក្រោមជាតិ គឺដើម្បីពង្រឹងប្រសិទ្ធភាព និងការអភិវឌ្ឍតាមមូលដ្ឋាន។ ហើយការបែងចែកនេះ ក៏ជាការចែករំលែកការងារពីរដ្ឋមន្ត្រីក្រសួង ដើម្បីកុំឱ្យពួកគេនៅតែឱបក្រសោបការងារ ហើយប៉ះពាល់ដល់ការបម្រើផលប្រយោជន៍ពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។
សម្ដេច ហ៊ុន សែន បានវាយតម្លៃថា មន្ត្រីថ្នាក់មូលដ្ឋានបច្ចុប្បន្ន សុទ្ធតែមានសមត្ថភាពបំពេញការងារច្រើនហើយ ក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ ដូច្នេះមិនចាំបាច់ទាល់តែមានការសម្រេចពីក្រសួង ឬថ្នាក់ជាតិ ដូចមុនទៀតឡើយ។ ក្នុងន័យនេះប្រមុខរដ្ឋាភិបាល បានពន្យល់ថា បើសិនជាមិនផ្ដល់អំណាចឱ្យថ្នាក់ក្រោមជាតិ ហើយទុកឱ្យពួកគេរង់ចាំការសម្រេចពីថ្នាក់ជាតិនោះ វាអាចធ្វើឱ្យខាតពេលវេលា និងប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋ ។ បើតាមសម្ដេច ហ៊ុន សែន ការបែងចែកការងារនេះ ក៏ជាហេតុផលមួយ ដើម្បីកុំឱ្យរដ្ឋមន្ត្រីនៅតាមក្រសួងនានា ឱបក្រសោបការងារផងដែរ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើន នៅព្រឹកថ្ងៃទី ១៨ ធ្នូ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយដូច្នេះថា៖«ប្រហែលជាក្រសួងមួយចំនួន បានមើលឃើញហើយថា ខ្ញុំចុះហត្ថលេខាយកតែម្ដង ព្រោះបើរង់ចាំអស់លោក(រដ្ឋមន្ត្រី) យល់ព្រម(ផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ) រង់ចាំសេះដុះស្នែង ពីព្រោះអស់លោក គិតថា កិច្ចការទាំងអស់នេះ ទាល់តែរដ្ឋមន្ត្រីគ្រប់គ្រង ដូច្នេះអស់លោក អត់ព្រមប្រគល់ឱ្យគេ។ អ៊ីចឹងបានជាខ្ញុំចារមួយទៅសម្ដេច ស ខេង រៀបចំអនុក្រឹត្យមក ចាំខ្ញុំចុះហត្ថលេខា។ វិស័យអប់រំ ត្រូវផ្ទេរស្អីខ្លះ ,វិស័យសុខាភិបាល ផ្ទេរស្អីខ្លះ, វិស័យកសិកម្ម ផ្ទេរស្អីខ្លះ, វិស័យធនធានទឹកផ្ទេរស្អីខ្លះ, វិស័យដីធ្លីផ្ទេរស្អីខ្លះ? រុញទៅ(ថ្នាក់ក្រោមជាតិ)តែម្ដង ដើម្បីយកទៅធ្វើ។ បើមិនអ៊ីចឹងទេ រដ្ឋមន្ត្រីយើង នៅឱបក្រសោបនៅហ្នឹង»។
មិនតែប៉ុណ្ណោះនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានរម្លឹកមន្ត្រីថ្នាក់ជាតិថា ត្រូវផ្ដល់អំណាចពិតប្រាកដដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយបញ្ហានានា ពោលគឺកុំផ្ដល់អំណាចខ្យល់ ទៅពួកគេ ដែលធ្វើឱ្យពួកគេពិបាកសម្រេចចិត្តក្នុងការដោះស្រាយ និងបម្រើផលប្រយោជន៍ពលរដ្ឋ។ «យើងបានឃើញថា យើងអន្តរាគមន៍ពី(ថ្នាក់ជាតិ)នេះទៅ វាឆ្ងាយណាស់។ ប៉ុន្តែបើយើងឱ្យអំណាចនេះ ទៅថ្នាក់មូលដ្ឋាន គឺថ្នាក់មូលដ្ឋានទទួលបន្ទុក ទទួលខុសត្រូវធ្វើការ។ ក៏ប៉ុន្តែយើងត្រូវឱ្យទាំងមុខងារគេ ផ្ដល់នូវភារកិច្ចឱ្យគេគ្រប់គ្រាន់ ធនធានមនុស្សក៏ត្រូវឱ្យគេគ្រប់គ្រង ថវិកាក៏ត្រូវឱ្យគេ ទើបគេអាចធ្វើទៅបាន។ ហើយបើឱ្យតែអំណាចខ្យល់ គឺធ្វើអីអត់កើតទេ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល។
និយាយពីបញ្ហាមន្ត្រីនេះ សម្ដេច ហ៊ុន សែន ក៏បានលើកពីមន្ត្រីពូកែដោះស្រាយបញ្ហា និងមន្ត្រីពូកែរាយការណ៍ ហើយបន្ទោសថ្នាក់ក្រោមខ្លួនដែរ។ សម្រាប់ប្រមុខរដ្ឋាភិបាល មន្ត្រីពូកែដោះស្រាយបញ្ហា គឺអាចជួយអភិវឌ្ឍជាតិឱ្យរីកចម្រើន។ ប៉ុន្តែមន្ត្រីពូកែតែរាយការណ៍នោះ គឺជាមន្ត្រីអសមត្ថភាព ហើយមិនចាំបាច់ផ្ដល់ការងារឱ្យពួកគេធ្វើបន្តទៀតនោះទេ៕
Tag:
ហ៊ុន សែន
វិមជ្ឈការ
© រក្សាសិទ្ធិដោយ thmeythmey.com