កីឡាជាតិ
ជាតិ
រ៉ឹង ប៊ុនហៀង ជាកីឡាករខ្មែរទី៤ ដែលចាកចេញពីក្រសួងការពារជាតិ កីឡាករ រ៉ឹង ប៊ុនហៀង ពេលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីន, រូបភាពពី FFC
× ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង បានចែកផ្លូវជាមួយក្លិបបាល់ទាត់ក្រសួងការពារជាតិ(ទ័ព)ក្រោយរួមរស់ជាមួយគ្នា៥ឆ្នាំ។ ប៊ុនហៀង ជាកីឡាករខ្មែរទី៤ ដែលបានចាកចេញពីក្លិបជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន បីសម័យកាលមួយនេះ។
ខុសពីក្លិបដទៃដែលកំពុងមមាញឹកជាមួយការបន្តកិច្ចសន្យានិងនាំចូលកីឡាករថ្មីៗ ដើម្បីត្រៀមការប្រកួតក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ និងពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាលឆ្នាំ២០២០ ក្រសួងការពារជាតិបានប្រកាសចែកផ្លូវគ្នាជាមួយកីឡាករសំខាន់ៗជាបន្តបន្ទាប់។
ជាក់ស្តែងក្រោយចែកផ្លូវជាមួយខ្សែបម្រើ ឈិន ឈឿន, ច្រឹង ពលរដ្ឋ និងអ្នកចាំទី អ៊ុំ វិចិត្រ ក្លិបជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន បីសម័យកាលមួយនេះ បានបន្តចែកផ្លូវជាមួយខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ខ្លួន គឺកីឡាករ រ៉ឹង ប៊ុនហៀង។ ការចែកផ្លូវជាបន្តបន្ទាប់នេះ បានបង្កើតជាចម្ងល់ដល់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា ដោយអ្នកខ្លះវាយតម្លៃថា ក្លិបនេះអាចនឹងជួបបញ្ហាខ្វះកីឡាករ ក៏ដូចជាបាត់បង់សមត្ថភាពក្នុងការប្រកួតប្រជែងនៅរដូវកាលថ្មីខាងមុខជាដើម។
ក្នុងចំណោមកីឡាករទាំង៤មានតែកីឡាករ ឈិន ឈឿន និង អ៊ុំ វិចិត្រ ប៉ុណ្ណោះ ដែលបានទ្រនំថ្មី ក្នុងនោះ ឈិន ឈឿន ចុះកិច្ចសន្យាលេងឲ្យព្រះខ័នរាជស្វាយរៀង ខណៈអ្នកចាំទី អ៊ុំ វិចិត្រ ចូលរួមជាមួយភ្នំពេញក្រោន។ ចំណែកកីឡាករ ច្រឹង ពលរដ្ឋ និង រ៉ឹង ប៊ុនហៀង មិនមានព័ត៌មានផ្លូវការពាក់ព័ន្ធក្លិបថ្មី ដែលពួកគេត្រូវចុះកិច្ចសន្យាលេងឲ្យក្នុងរដូវកាលឆ្នាំ២០២០នៅឡើយទេ។
ក្រៅពីកីឡាករកម្ពុជាទាំង៤រូប ក្លិបនេះក៏បានចែកផ្លូវជាមួយកីឡាករបរទេស៣រូបទៀតផងដែរ រួមមានកីឡាករ Bisan George, Mohamed Hamza Abdelhamed Allam និង Khan Mohammed Faeez។
រ៉ឹង ប៊ុនហៀង បានចូលរួមជាមួយក្រសួងការពារជាតិតាំងពីឆ្នាំ២០១៥ ក្រោយចាកចេញពីក្លិបបៀលប្រាយូណាយធីត។ កីឡាករវ័យ២៧ឆ្នាំរូបនេះបានក្លាយជាសមាជិកក្រុមជម្រើសជាតិតាំងពីឆ្នាំ២០១២៕
Tag:
បាល់ទាត់
រ៉ឹង ប៊ុនហៀង
ទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com