ជាតិ
រដ្ឋមន្ត្រី​បរិស្ថាន​៖ នៅ​អាស៊ាន មានតែ​កម្ពុជា​និង​ឥណ្ឌូណេស៊ី​ទេ ដែល​លក់​ឥណទាន​កាបូន​
18, Dec 2019 , 9:59 pm        
រូបភាព
រូបពីក្រសួងបរិស្ថាន
រូបពីក្រសួងបរិស្ថាន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ថ្លែងថា នៅ​តំបន់​អាស៊ាន មានតែ​កម្ពុជា និង​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ ដែល​នាំចេញ​ឥណទាន​កាបូន ទៅ​ក្រៅប្រទេស​។ 


 
​ក្នុង​វិធី​ផ្ដល់​ប័ណ្ណសរសើរ​ដល់​ក្រុមការងារ​រ៉េដ​បូក​ជាតិ កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ លោក សាយ សំ​អាល់ លើកឡើងថា រយៈពេល​២០​ឆ្នាំ​មកនេះ កម្ពុជា មានឱកាស​ពេញលេញ ក្នុងការ​គិតគូរ​ពី​បញ្ហា​បរិស្ថាន និង​ធនធានធម្មជាតិ​។ លោក បន្តថា ការគ្រប់គ្រង​តំបន់​ធម្មជាតិ បានល្អ​ប្រសើរ ដោយ​ក្នុងនោះ​កម្ពុជា​បាន​លក់​ឥណទាន​កាបូន​នៅ​តំបន់​មួយចំនួន ដូចជា តំបន់​ជម្រក​សត្វព្រៃ​កែវ​សីមា តំបន់​ព្រៃ​ក្រវ៉ា​ញ​ខាងត្បូង និង​នៅ​ព្រៃ​តា​តៃ ក្នុង​ក្របខណ្ឌ​ទីផ្សារ​ស្ម័គ្រចិត្ត​។ 
 
​លោក អះអាងថា ឥណទាន​កាបូន ត្រូវបាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ​មួយចំនួន​ដូចជា ក្រុមហ៊ុន Disney ក្រុមហ៊ុន Shall និង ក្រុមហ៊ុន Gucci ជាដើម ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៦ រហូតមកដល់​បច្ចុប្បន្ន កម្ពុជា​ទទួលបាន​ចំណូល​ជាង​១១,៦​លាន​ដុល្លារ​។ លោក បន្ថែមថា ថវិកា​ដែល​ទទួល​បានមកពី​ការលក់​កាបូន គឺ​យកទៅ​អភិវឌ្ឍ​សហគមន៍​និង​តំបន់​អភិរក្ស​ធនធានធម្មជាតិ​នានា​។ 
 
​លោក​រដ្ឋមន្ត្រី បញ្ជាក់​ដូច្នេះ​ថា​៖«​យើង កំពុងតែ​សិក្សា និង​បន្ត​លក់​កាបូន​នៅ​ដែនជម្រកសត្វព្រៃ​ឡង់​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ផងដែរ​»​។ លោក និយាយទៀតថា កម្ពុជា​អាច​ផលិត​កាបូន​លើសពី ១០​លាន​តោន​ក្នុង​មួយឆ្នាំ​៕ 

Tag:
 អាស៊ាន​
  កាបូន​
© រក្សាសិទ្ធិដោយ thmeythmey.com