ជាតិ
វីដេអូ
និស្សិត​ពេទ្យ​មួយក្រុម ស្រាវជ្រាវ​រុក្ខជាតិ​ទន្ទ្រានខេត្ត បង្កើតជា​ឱសថ​ព្យាបាល​
19, Dec 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ និស្សិត​ពេទ្យ​មួយក្រុម សិក្សា​ឆ្នាំ​ទី​៣ និង​ទី​៤ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​សាកលវិទ្យាល័យ​អន្តរជាតិ បាន​ជាប់​ជ័យលាភី​លេខ​១ ក្នុង​ពានរង្វាន់​គី​ណា​ល់ អំពី​អត្ថបទ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​សុខាភិបាល​។ និស្សិត​ពេទ្យ​មួយក្រុម​នេះ បាន​ស្រាវជ្រាវ​ពី​រុក្ខជាតិ​ទន្ទ្រានខេត្ត បង្កើតជា​ឱសថ​ព្យាបាល​ការឈឺចាប់​នៃ​របួស​។ យុវតី សួន សូ​និ​កា តំណាង​ក្រុមនិស្សិត​ជ័យលាភី​លេខ​១ បាន​លើកឡើងថា​៖ «​ក្រោយ​ស្រាវជ្រាវ​លើ​ប្រធានបទ​នេះ នាពេល​អនាគត ពួកយើង​នឹង​បង្កើតជា​ឱសថ សម្រាប់​ព្យាបាល​ការបំបាត់​ការឈឺ​ចុកចាប់​»​។



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ខាងក្រោម​ដូចតទៅ​៖ 

 
​និស្សិត​ពេទ្យ​មួយក្រុម​នេះ បាន​ស្រាវជ្រាវ​លើ​ប្រធានបទ «​ការសិក្សា​ពី​ការប្រើប្រាស់​រុក្ខជាតិ​ឱសថ​ព្យាបាល​ការឈឺចាប់​នៃ​របួស​នា​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ និង​នាពេល​បច្ចុប្បន្ន​នៅ​ភូមិ​ស្គន់ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ឆ្នាំ​២០១៩»​។ យុវតី សួន សូ​និ​កា និស្សិត​ពេទ្យ​ឆ្នាំ​ទី​៣ ជា​សមាជិក​ក្រុម បាន​បញ្ជាក់ថា ក្រុម​របស់​ពួកគេ​បាន​ស្រាវជ្រាវ​អំពី​រុក្ខជាតិ​ជា​ឱសថ​សម្រាប់​ការបំបាត់​ការឈឺ​ចុកចាប់ ដោយបាន​រកឃើញ​រុក្ខជាតិ​ទន្ទ្រានខេត្ត ជា​រុក្ខជាតិ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ឱសថ​។ 
 
​បើតាម​យុវតី សួន សូ​និ​កា ប្រជាពលរដ្ឋ​មួយចំនួន បាន​យក​ស្លឹក​ទន្ទ្រានខេត្ត​លាយ​ជាមួយ​អំបិល ឬ​ស្ករត្នោត ឬ​ទឹកឃ្មុំ សម្រាប់​ព្យាបាល​ការឈឺចាប់​នៃ​របួស​។ មូលហេតុ​ដែល​យុវជន​មួយក្រុម​នេះ ជ្រើសរើស​ខេត្តកំពង់ចាម សម្រាប់​ការស្រាវជ្រាវ​នេះ ដោយសារ​ខេត្តកំពង់ចាម សម្បូរ​ទៅដោយ​ការធ្វើ​កសិកម្ម ជាពិសេស​ដី​នា​ខេត្តកំពង់ចាម​មានគុណ​ភាពល្អ​។ 


 
​សូមបញ្ជាក់ថា ពានរង្វាន់​គី​ណា​ល់ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០១៣ ក្នុង​គោលបំណង​ជំរុញ​និស្សិត​កម្ពុជា ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល​ឲ្យ​មានឱកាស​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ស្របតាម​ស្តង់ដា​វិទ្យាសាស្ត្រ​អន្តរជាតិ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​ឲ្យ​បាន​ពេញលេញ​ក្នុង​វិស័យ​អប់រំ និង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ការសិក្សា​ស្រាវជ្រាវ​លក្ខណៈ​បែប​វិទ្យាសាស្ត្រ​នៅ​កម្ពុជា​។ ពាន់រង្វាន់​គី​ណា​ល់ ត្រូវបាន​រៀបចំឡើង​ដោយ​មូលនិធិ​គី​ណា​ល់ ដោយមាន​ការជួយឧបត្ថម្ភ​គាំទ្រ​ទាំងស្រុង​ពី​សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម និង​ក្រុមហ៊ុន​ខន​ហ្វី​រេល​៕




 

Tag:
 ទន្ទ្រានខេត្ត​
  រុក្ខជាតិ​
  ឱសថ​ព្យាបាល​
© រក្សាសិទ្ធិដោយ thmeythmey.com