ជាតិ
ព្រលានយន្តហោះខេត្តសៀមរាប ធ្វើសមយុទ្ធគ្រប់គ្រងគ្រោះអាសន្ន ដើម្បីសាកល្បងឧបករណ៍រុករក និងសង្គ្រោះ
× សៀមរាប៖ អាកាសយានដ្ឋានអន្ដរជាតិខេត្តសៀមរាបសហការជាមួយរដ្ឋបាលខេត្ត បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ គ្រប់គ្រងគ្រោះអាសន្ននៅក្នុងបរិវេណអាកាសយានដ្ឋាននៅព្រឹកថ្ងៃទី១៨ ធ្នូ។ សមយុទ្ធលើកទី៦នេះ គឺដើម្បីធ្វើតេស្ដទៅលើឧបករណ៍រុករក និងសង្គ្រោះទៅលើការទំនាក់ទំនងរវាងអាកាសយានដ្ឋានអន្ដរជាតិជាមួយស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្ត និងសាកល្បងសមត្ថភាពជួយសង្គ្រោះជនរងគ្រោះ ក៏ដូចជាការសង្គ្រោះបឋមនៅកន្លែងកើតហេតុ។
នាយកអាកាសយានដ្ឋានអន្ដរជាតិខេត្តសៀមរាប លោក ប៊ុន រដ្ឋា បានឱ្យដឹងថា សមយុទ្ធនេះមានការដុតកុងឡាន និងប្រេង បង្កើតជាផ្សែងខ្មៅ ដូចហេតុការណ៍កើតឡើងពិតៗ។ លោកបន្តថា គោលបំណងនៃលំហាត់សមយុទ្ធនេះ គឺដើម្បីអនុវត្តន៍ការងារពាក់ព័ន្ធនឹងការទំនាក់ទំនង ការឆ្លើយតប និងដើម្បីរកឱ្យឃើញពីកង្វះខាតរបស់អាកាសយានដ្ឋាន ដើម្បីបំពេញបន្ថែមពេលមានអាសន្ន។ បន្ថែមពីនេះ សមយុទ្ធក៏បានសាកល្បងពីសមត្ថភាពនៃការបែងចែកជនរងគ្រោះ ការជួយសង្គ្រោះបឋម និងរបៀបដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
អភិបាលខេត្តសៀមរាប លោក ទៀ សីហាដែលបានចុះពិនិត្យលំហាត់សមយុទ្ធនៅពេលនោះដែរ យល់ថា ការងារនេះគឺបង្ហាញពីការសហប្រតិបត្តិការគ្នាបានយ៉ាងល្អរវាងអាកាសយានដ្ឋានអន្តរជាតិជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ប៉ុន្តែក៏នៅមានចំណុចខ្លះនៅមិនបានល្អដែរ ដែលត្រូវរៀបចំឡើងវិញ។ លោកអភិបាលបានជំរុញឱ្យមានកែតម្រូវចំណុចដែលនៅខ្វះខាត់ឱ្យបានល្អ ក្នុងគោលដៅធ្វើយ៉ាងណា នៅពេលមានអាសន្នជាក់ស្តែង ត្រូវដោះស្រាយបញ្ហាទាំងនេះឱ្យបានលឿន និងទាន់ពេលវេលា៕
© រក្សាសិទ្ធិដោយ thmeythmey.com