អន្តរជាតិ
ទីបំផុត រដ្ឋសភា​អាមេរិក​បោះឆ្នោត​ចោទប្រកាន់​លោក ត្រាំ ជាផ្លូវការ មុនឈានទៅដកតំណែង
19, Dec 2019 , 8:55 am        
រូបភាព
​នៅ​ទីបំផុត រដ្ឋសភា​អាមេរិក​ដែល​កាន់កាប់​ដោយ​បក្ស​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី​១៨ ខែធ្នូ (​ម៉ោង​នៅ​អាមេរិក​) បាន​បោះឆ្នោត​ចោទប្រកាន់​លោក ដូ​ណា​ល់ ត្រាំ ជាផ្លូវការក្រោម​បទ​ចោទ​ចំនួន​ពីរ គឺ​ការបំពាន​អំណាច និង​ការធ្វើ​ឲ្យ​រាំងស្ទះ​ដំណើការ​ស៊ើបអង្កេត​រប​ស់​រដ្ឋសភា​។ លោក ត្រាំ កា្ល​យ​ជា​ប្រធានាធិបតី​អាមេរិក​ទី​បី​ដែល​ត្រូវ​ចោទប្រកាន់បែបនេះ​បន្ទាប់ពី​លោក អែន​ឌ្រូ ច​ន​សុន នៅ​ឆ្នាំ​១៨៦៨ និង​លោក ប៊ី​ល គ្លី​ន​តុ​ន នៅ​ឆ្នាំ​១៩៩៨ ។​

 
​បន្ទាប់ពី​ការជជែក​គ្នា​តឹងសរសៃក​អស់​រាប់​ម៉ោង​រួចមក សមាជិក​រដ្ឋសភា​អាមេរិក​ក​ឈានដល់​ការបោះឆ្នោត​ចោទប្រកាន់​ប្រធានាធិបតី ដូណាល់ ត្រាំ ​។ សមាជិក​រដ្ឋសភា​ភាគច្រើន បាន​បោះឆ្នោត​គាំទ្រ​មាត្រា​នៃ​ការដកតំណែង​ចំនួន​ពីរ ដែល​ចោទ​លោក ត្រាំ ពីបទ​រំលោភបំពាន​អំណាច និង​ការបង្អាក់​ដំណើរការ​ស​ភា​ក្នុងការ​ស៊ើបអង្កេត​លើ​ករណី​ដែល​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​បរទេស​ចាត់​ការ​គូប្រជែង​របស់ខ្លួន​។ កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ជាដើម​ហេតុ​នៃ​រឿងនេះ​។​
 
​សម្រាប់​ករណី​បំពាន​អំណាច សមាជិកសភា​ចំនួន​២៣០ បាន​បោះឆ្នោត​គាំទ្រ ខណៈ​សមាជិក​ចំនួន​១៩៧​នាក់​ទៀត បោះឆ្នោត​ប្រឆាំង​។ សមាជិកសភា​គាំទ្រ​ភាគច្រើនបំផុត គឺ​មកពី​បក្ស​ប្រជាធិបតេយ្យ​ដែល​កាន់កាប់​សំឡេង​ភាគច្រើន​ក្នុង​សភា​។ ប៉ុន្តែ​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ពីរ​នាក់ បោះឆ្នោត​ប្រឆាំង​ដូចគ្នា​នឹង​សមាជិកសភា​បក្ស​សាធារណរដ្ឋ​ទាំងអស់​។ 


 
​ចំណែកឯ​មាត្រា​នៃ​ការដកតំណែង​លើ​ករណី​បង្អាក់ដំណើ​ការស៊ើបអង្កេត​របស់​សភា​វិញ សមាជិកសភា​ចំនួន២២៩ បានគាំទ្រ និង១៩៨នាក់ទៀត បោះឆ្នោតប្រឆាំង។ ការអនុម័ត​លើ​មាត្រា​ស្ដីពី​ការចោទប្រកាន់​ទាំងពីរ​នេះ ត្រូវការ​សំឡេង​ភាគច្រើន​៥០​បូក​មួយ​ប៉ុណ្ណោះ​។ 
 
ជា​នីតិវិធី សំណុំរឿង​ដកតំណែង​នេះ ត្រូវបញ្ជូន​បន្តទៅ​កាន់​ព្រឹទ្ធសភា​កាត់ក្ដី​មួយ​ដំណាក់កាល​ទៀត​។ នៅ​ព្រឹទ្ធសភា​ដែល​បក្ស​សាធារណរដ្ឋ​មាន​សំឡេង​ភាគច្រើន​នោះ រំពឹង​បើកសវនាការ​ក្នុង​ខែមករា​ខាងមុខ​។ ក្នុងករណី​ព្រឹទ្ធសភា​សម្រេចចិត្ត​ដកតំណែង​ដែរ ទើប​លោក ត្រាំ អស់តំណែង​។ អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន នឹង​ឡើង​អង្គុយ​កៅអី​ប្រធានាធិបតី​ជំនួស​៕ 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com