រដ្ឋមន្ត្រី​ទេសចរណ៍ ប្រាប់​ឱ្យ​អ្នកវិនិយោគ​ជប៉ុន បោះទុន​លើ​ឆ្នេរ​អង្កោល និង​កោះទន្សាយ
ជាតិ
រដ្ឋមន្ត្រី​ទេសចរណ៍ ប្រាប់​ឱ្យ​អ្នកវិនិយោគ​ជប៉ុន បោះទុន​លើ​ឆ្នេរ​អង្កោល និង​កោះទន្សាយ
19, Dec 2019 , 10:03 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ប្រាប់​ឱ្យ​អ្នកវិនិយោគ​ជប៉ុន បោះទុន​រកស៊ី​នៅលើ​ឆ្នេរ​អង្កោល និង​កោះទន្សាយ នៅ​ខេត្ត​កែប​។ រដ្ឋមន្ត្រី​ទេសចរណ៍ ថ្លែង​បែបនេះ ក្រោយពី​ក្រុម​ប្រតិភូ​វិនិយោគ​ជប៉ុន បង្ហាញ​បំណង​ចង់​រកស៊ី​នៅ​កម្ពុជា​។​

 
​ថ្លែង​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ លោក ថោង ខុន បាន​និយាយថា ខេត្ត​កែប​កំពុងមាន​សក្ដានុពល​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ជាពិសេស​គឺ​ឆ្នេរ​អង្កោល និង​កោះទន្សាយ ដែល​អាច​វិនិយោគ​ទៅជា​តំបន់​ទេសចរណ៍​ថ្មី ព្រោះ​ជា​ឆ្នេរ​ធម្មជាតិ​នេះ មិនទាន់មាន​ការអភិវឌ្ឍ​ឱ្យបាន​លេចធ្លោរ​នៅឡើយ​។​
 
«​ប្រសិនបើ​ឆ្នេរ​នេះ​ត្រូវ​អភិវឌ្ឍន៍​ទៅជា​តំបន់​ទេសចរណ៍​បានល្អ វា​នឹង​ក្លាយជា​មេដែក​ដ៏​សំខាន់​ក្នុងការ​ស្រូបយក​ភ្ញៀវទេសចរ​ពី​គ្រប់ទិសទី ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ខេត្ត​កែប ជា​តំបន់់​ទេសចរណ៍​សម្រាក​លម្ហែ​កម្រិត​ខ្ពស់​។ ហើយ​ខេត្ត​កែប​បច្ចុប្បន្ន​ក៏មាន​ឆ្នេរកែប​រួចហើយ​ដែរ ដែល​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​យ៉ាងច្រើន​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ ដែល​បាន​ស្រង់​សម្តី​លោក ថោង ខុន​។​
 
​ក្រៅ​ឆ្នេរ​ខាងលើនេះ រដ្ឋមន្ត្រី​ទេសចរណ៍ ក៏​ប្រាប់​អ្នកវិនិយោគ​ជប៉ុន ឱ្យ​សម្លឹង​សក្ដានុពល​នៅ​តំបន់​ផ្សេងទៀត ដូចជា​តំបន់​ក​សិ​ទេសចរណ៍​កូន​សត្វ ខេត្តកំពត ដែលមាន​ចម្ការ​ម្រេច ចម្ការ​ផ្សេងទៀត ដែល​ស្ថិតនៅ​ជិត​ខេត្ត​កែប​ដែរ​។ ជាពិសេស​តំបន់​ទេសចរណ៍ធម្មជាតិ​ទេ​ទឹក​ពុះ នៅ​ខេត្តកំពង់ស្ពឺ ដែល​កំពុង​រង់ចាំ​អ្នកវិនិយោគ​ទៅធ្វើ​ការវិនិយោគ​អភិវឌ្ឍន៍​ឱ្យ​កាន់​តែមាន​សក្ដានុពល​ថែមទៀត​។​
 
​ក្រុម​អ្នកវិនិយោគ​ជប៉ុន ចាប់អារម្មណ៍​លើ​រមណីយដ្ឋាន​ធម្មជាតិ​ទេ​ទឹក​ពុះ​ខេត្តកំពង់ស្ពឺ ដោយ​អះអាងថា ពួកគេ​នឹង​ពិចារណា​វិនិយោគ​លើ​តំបន់​នោះ​។​
 
​ឆ្លើយតប​បំណង​របស់​ប្រតិភូ​ជប៉ុន លោក​រដ្ឋមន្ត្រី​ទេសចរណ៍ ថោង ខុន បាន​និយាយថា​៖«​ការវិនិយោគ​នៅ​តំបន់​ទេសចរណ៍​ទាំង​៣​ខាងលើនេះ ជប៉ុន​ប្រាកដជា​អាចធ្វើ​ទៅបាន ព្រោះ​អ្នក​វិនិយោគិន​ជប៉ុន​មាន​ជំនាញ​លើ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រភេទ​នោះ​ស្រាប់​»​។​
 
​បច្ចុប្បន្ន​ក្រសួងទេសចរណ៍ កំពុង​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប ហើយ​កំពុង​ត្រូវការ​អ្នកជំនាញ​បន្ថែមទៀត ដើម្បី​សម្រេច​កិច្ចការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​នេះ ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ខ្លាំង​ឡើង ខណៈ​ឆ្នេរសមុទ្រ​កម្ពុជា​បានជា​ប់​ជា​ឆ្នេរ​ស្អាត​ជាងគេ​បំផុត​លើ​ពិភព​ព​លោក របស់​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​។ ចំណែក​ផ្សារ​ក្ដាម​នៅ​ខេត្ត​កែប ក៏​កំពុង​ទទួលបាន​គម្រោង​អភិវឌ្ឍន៍​ទៅជា​ផ្សារ​ទេសចរណ៍ ដែលមាន​អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី (ADB)​ទៀតផង​។ នេះ​បើតាម​ក្រសួងទេសចរណ៍​៕

Tag:
 ថោង ខុន​
  ទេសចរណ៍​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com