ហេតុអ្វី​បានជា​ការបំពាន​អំណាច​ជា​បទ​ល្មើ​ល​ទម្លាក់​ពី​តំណែង​ប្រធានាធិបតី​បាន​?
អន្តរជាតិ
ហេតុអ្វី​បានជា​ការបំពាន​អំណាច​ជា​បទ​ល្មើ​ល​ទម្លាក់​ពី​តំណែង​ប្រធានាធិបតី​បាន​?
19, Dec 2019 , 1:39 pm        
រូបភាព
ច្បាប់ចម្លងមួយស្តីពីបទចោទទម្លាក់ប្រធានាធិបតីពីតំណែង ចេញផ្សាយកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅរដ្ឋធានីវ៉ាស៊ីនតោន។ Photo: AP
ច្បាប់ចម្លងមួយស្តីពីបទចោទទម្លាក់ប្រធានាធិបតីពីតំណែង ចេញផ្សាយកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅរដ្ឋធានីវ៉ាស៊ីនតោន។ Photo: AP
ដោយ: VOA
​វិមាន​សភាជាតិ​អាមេរិក ៖ លោក Donald Trump ជា​ប្រធានាធិបតី​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​ដែល​ត្រូវ​រង​ការចោទប្រកាន់​ទម្លាក់​ពី​តំណែង​ផ្អែកលើ​បទល្មើស​ជាក់លាក់​ដែលថា លោក​បាន​រំលោភ​អំណាច​នៃ​ការិយាល័យ​របស់លោក​។

 
​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​មិន​បញ្ជាក់​ដោយ​ចំៗ​ទេ​ថា ការរំលោភ​អំណាច​ជា​មូលហេតុ​មួយ​ដែល​សភា Congress របស់​សហរដ្ឋអាមេរិក​អាច​ទម្លាក់​ប្រធានាធិបតី​មួយរូប​បាន​។ ជំនួស​វិញ រដ្ឋធម្មនុញ្ញ​បានចែង​ពី​មូលហេតុ «​ក្បត់ជាតិ ស៊ីសំណូក បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ និង​បទល្មើស​មជ្ឈិម​»​។​
 
​អ្នកតាក់តែង​ច្បាប់​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ អ្នកជំនាញ​ផ្នែក​ច្បាប់​ជាច្រើន និង​ករណី​យុត្តិសាស្ត្រ​នៅក្នុង​នីតិវិធី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​ក្នុងពេល​កន្លងមក គាំទ្រ​នីតិវិធី​នៅពេល​បច្ចុប្បន្ននេះ​។​
 
​លោក​ប្រធានាធិបតី Trump ថា លោក​មិន​បានធ្វើ​អ្វី​ខុស​ទេ ហើយ​ថា ការចោទប្រកាន់​របស់​អ្នកតំណាងរាស្ត្រ​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជា «​បទ​ចោទ​ទម្លាក់​ពី​តំណែង ដែល​មិនគួរ​ឲ្យ​ជឿ​បាន យ៉ាប់យឺន និង​គួរ​ឲ្យ​អស់​សំណើ​ច‍​»​។​


រូបឯកសារ៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ស្តាប់លោកប្រធានាធិបតី Donald Trump ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងជំនួបទ្វេភាគីមួយ ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។
 
​តើ​បទ​ចោទ Articles of Impeachment និយាយ​អ្វីខ្លះ​អំពី​ការរំលោភ​អំណាច​របស់លោក Trump?

​បទ​ចោទ​អំពី​ការរំលោភ​អំណាច​នេះ ផ្អែក​សំខាន់​ទៅលើ​ការចោទប្រកាន់ថា លោក Trump បានកំណត់​ឲ្យ មានការ​បញ្ចេញ​ថវិកា ៣៩១​លាន​ដុល្លារ ជា​ជំនួយ​យោធា​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ជំនួប​មួយ​នៅ​សេត​វិមាន​សម្រាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky ដើម្បី​ជា​ថ្នូរ​នឹង​ប្រទេស​អ៊ុយ​ក្រែ​ន​ប្រកាស​ការស៊ើបអង្កេត​គូប្រជែង​របស់លោក Trump នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២០ គឺ​លោក Joe Biden និង​កូនប្រុស​របស់លោក​ឈ្មោះ Hunter Biden​។​
 
​បទ​ចោទ​ករណី​ទីមួយ ដែល​ត្រូវបាន​អ្នកតំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ស្នើឡើង​កាលពី​ថ្ងៃទី​១០ ខែធ្នូ បាន​ចែងថា​៖ «​ប្រធានាធិបតី Trump បាន​ចូលរួម​នៅក្នុង​គ្រោងការណ៍​នេះ ឬ ការប្រព្រឹត្ត​មួយ​ដើម្បី​សម្រេច​បំណង​បែប​ពុករលួយ ក្នុង​គោលដៅ​ទទួល​ប្រយោជន៍​ខាង​នយោបាយ​»​។​
 
​បទ​ចោទ​នេះ​បន្តថា «​ក្នុងការ​ប្រព្រឹត្ត​នេះ លោក​ប្រធានាធិបតី Trump បាន​ប្រើ​អំណាច​នៃ​តំណែង​ប្រធានាធិបតី ក្នុង​របៀប​មួយ​ដែល​ធ្វើ​ឲ្យ​ខូច​ដល់​សន្តិសុខ​ជាតិ​នៃ​សហរដ្ឋអាមេរិក និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​បូរណភាព​នៃ​ដំណើរការ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​សហរ​ដ្ឋ​អាមេរិក​។ ដូច្នេះ​លោក (Trump) មិន​អើពើ​និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​ផលប្រយោជន៍​ប្រទេស​ជា​ត‍ិ​»​។​
 
​ហេតុអ្វី​បានជា​«​ការរំលោភ​អំ​ណា​ច‍​» ស្ថិតនៅក្នុង​ប្រភេទ «​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ និង​បទល្មើស​មជ្ឈិម​»?

​ខណៈដែល​អ្នកតាក់តែង​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​មិនបាន​ចែង​ចំៗ​អំពី​ករណី​រំលោភ​អំណាច ថា​ជា​បទល្មើស​ដែល​អាច​ទម្លាក់​ពី​តំណែង​បាន តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ជជែក​អះអាង​កាលពី​សប្តាហ៍​មុន​ថា ស្ថាប័ន​សភា​សហរដ្ឋអាមេរិក​ត្រូវបាន​ប្រគល់​អំណាច​ឲ្យ​ដក​ប្រធានាធិបតី​ពី​តំណែង​ក្នុងករណី​មាន​ស្ថានភាព​បែបនេះ​។​
 
​លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា ថ្លែង​កាលពី​ថ្ងៃទី​១០ ខែធ្នូ ក្នុងពេល​ធ្វើការ​បង្ហាញ​អំពី​បទ​ចោទ​ពីរ​ករណី (Articles of Impeachment) ថា​៖ «​អ្នកតាក់តែង​រដ្ឋធម្មនុញ្ញ​[​សហរដ្ឋអាមេរិក​] បាន​មើលឃើញថា នៅ​ថ្ងៃ​ណាមួយ​នឹងមាន​ប្រធានាធិបតី​ដែល​មកកាន់​តំណែង ហើយ​ប្រើ​ការិយាល័យ​ប្រធានាធិបតី​នេះ ដោយ​ក្បត់​ទំនុកចិត្ត​សាធារណៈ និង​ធ្វើ​ឲ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ ដើម្បី​ជា​ថ្នូរ​នឹង​ការទទួលបាន​ជំនួយ​បរទេស​ក្នុង​យុទ្ធនាការ​ដើម្បី​ជាប់ឆ្នោត​ជាថ្មី​។​​
 
​លោក​បន្ថែមថា​៖ «​ពួកគេ​បាន​មើលឃើញ​ពី​គ្រោះថ្នាក់​នេះ ហើយ​បានកំណត់​មធ្យោបាយ​ដោះស្រាយ ហើយ​មធ្យោបាយ​នោះ​គឺ​នីតិវិធី​ទម្លាក់​ពី​តំ​ណែ​ង‍​»​។​
 
​អ្នកជំនាញ​ថា ការពិត​ដែលថា ជំនួយ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវបាន​អនុម័ត​ដោយ​ស្ថាប័ន​អំណាច​មួយទៀត​នៃ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ធ្វើ​ឲ្យ​ករណីនេះ​ជា​ករណី​រំលោភ​អំណាច​យ៉ាង​ជាក់ច្បាស់​។​
 
​អ្នកស្រី Barbara Ann Perry ប្រធាន​ផ្នែក​ការសិក្សា​អំពី​ប្រធានាធិបតី នៅ​មជ្ឈមណ្ឌល Miller នៃ​សាកលវិទ្យាល័យ Virginia ថ្លែងថា​៖ «​តាម​រដ្ឋធម្មនុញ្ញ លោក [Trump] ពិតជា​មិនមាន​សិទ្ធិ​អ្វី​នឹង​សម្រេច​ថា​[​ជំនួយ​]​ត្រូវគេ​ផ្តល់​ឲ្យ​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ឬ​យ៉ាងណា​ន‍ោះ​»​។ អ្នកស្រី Perry បន្ថែមថា លោក​ប្រធានាធិបតី Trump ថែមទាំង​រំលោភ​អំណាច​ទៀត​ក្នុងករណី​ដែល​លោក​បាន​ភ្ជាប់​ការពន្យារពេល​ជំនួយ​នេះ ទៅនឹង​(​លក្ខខណ្ឌ​)​នៃ​ការស៊ើបអង្កេត​ចំពោះ​គូប្រជែង​នយោបាយ​របស់លោក​។​
 
​តើ​បទ​ចោទ​ចំពោះ​លោក Trump មាន​លក្ខណៈ​យ៉ាងណា​បើ​ប្រៀបធៀប​ទៅនឹង​បទ​ចោទ​ចំពោះ​ប្រធានាធិបតី​មុ​ន‍ៗ​?

​អ្នកតាក់តែង​ច្បាប់​ក្នុងករណី​នីតិវិធី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​មុនៗ បាន​ប្រើ​អត្ថន័យ​ទូលំទូលាយ​នៃ​ពាក្យ «​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ និង​បទល្មើស​មជ្ឈិម​» ដើម្បី​រួមបញ្ចូល​ទាំង​ការចោទប្រកាន់​អំពី​ការរំលោភ​អំណាច​ប្រឆាំងនឹង​ប្រធានាធិបតី​មុនៗ​។​
 
​លោក Louis Michael Seidman សាស្ត្រាចារ្យ​ផ្នែក​ច្បាប់រដ្ឋធម្មនុញ្ញ​នៅ​មជ្ឈមណ្ឌល​ច្បាប់​នៃ​សាកលវិទ្យាល័យ Georgetown ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្លែងថា​៖ «​បញ្ហា​ស្នូល​នៃ​នីតិវិធី​ចោទប្រកាន់​ទម្លាប់​ពី​តំណែង​នេះ​គឺ​នៅត្រង់ថា បុគ្គល​ម្នាក់​ដែល​បាន​ដល់​ឋានៈ​ជា​ប្រធានាធិបតី ហើយ​ជំនួស​ឲ្យ​ការប្រើ​អំណាច​នេះ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​អាមេរិកាំង និង​ធានាថា​ច្បាប់​នានា​ត្រូវបាន​អនុវត្ត​ដោយ​សុចរិត​នោះ បែរជា​ប្រើ​អំណាច​នេះ​សម្រាប់​គោលបំណង​មិន​ស្របច្បាប់​ទៅ​វិ​ញ‍​»​។ លោក​បន្ថែមថា​៖ «​នេះ​ជា​ប្រធានបទ​ស្នូល​ដែលមាន​នៅក្នុង​រាល់​នីតិវិធី​ចោទ​ទម្លាក់​ប្រធានាធិបតី​ទាំង​អ​ស‍់​»​។​


រូបឯកសារ៖ លោក Bill Clinton អតីតប្រធានាធិបតីអាមេរិក ថ្លែងអរគុណសមាជិកគណបក្សប្រជាធិបតេយ្យដែលបានបោះឆ្នោតប្រឆាំងនឹងការទម្លាក់រូបលោកពីតំណែង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៨។
 
​លោក​អតីត​ប្រធានាធិបតី Bill Clinton បាន​ប្រឈម​នឹង​បទ​ចោទ​បួន​ករណី កាលពី​ខែធ្នូ​ឆ្នាំ​១៩៩៨ ប៉ុន្តែ​ការចោទប្រកាន់​អំពី​ការដែល​លោក​បាន​រំលោភ​អំណាច​ការិយាល័យ​របស់​លោក​ខណៈ​បិទបាំង​រឿងអាស្រូវ​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​កម្មសិក្សាការី​នៅ​សេត​វិមាន​ឈ្មោះ Monica Lewinsky មិនត្រូវ​បានអនុម័ត​ឆ្លង​រដ្ឋសភា​សហរដ្ឋអាមេរិក​ទេ​។​
 
​កាលពី​ខែសីហា ឆ្នាំ​១៩៧៤ លោក​ប្រធានាធិបតី Richard Nixon បាន​លាលែង​ពី​តំណែង ជាជាង​ប្រឈម​នឹង​ការបោះឆ្នោត​អំពី​បទចោទប្រកាន់​ទម្លាក់​ពី​តំណែង​នៅក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក ដោយ​រួមមាន​បទ​ចោទថា​លោក​បាន​រំលោភ​អំណាច​នៃ​ការិយាល័យ​របស់លោក ដោយ​បញ្ជា​ឲ្យ​ការិយាល័យ​នានា​របស់​រដ្ឋាភិបាល ស៊ើបអង្កេត​ពលរដ្ឋ​មួយចំនួន​។​
 
​លោក​អតីត​ប្រធានាធិបតី Andrew Johnson ត្រូវបាន​ចោទប្រកាន់​ទម្លាក់​ពី​តំណែង​នៅ​ឆ្នាំ​១៨៦៨ ចំពោះ​បទ​ចោទ​ជាច្រើន​ទាក់ទង​នឹង​ការប្រើប្រាស់​អំណាចនីតិប្បញ្ញត្តិ​របស់លោក​។ ប៉ុន្តែ​លោក​មិនបាន​ប្រឈម​នឹង​បទ​ចោទ​ជាក់លាក់​ណាមួយ​ទាក់ទង​នឹង​ការរំលោភ​អំណាច​នោះទេ​។​

​ហេតុអ្វី​បានជា​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ជឿជាក់ថា អាកប្បកិរិយា​របស់លោក Trump ជាមួយ​អ៊ុយ​ក្រែ​ន មាន​ច​រឹត​ជាការ​រំលោភ​អំណាច​?

​អ្នកតំណាងរាស្ត្រ​លោក David Cicilline ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុម​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​សប្តាហ៍​មុន​ថា ការរំលោភ​អំណាច​របស់លោក Trump «​ប៉ះទង្គិច​ដល់​ស្នូល​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​យើង គឺ​ប្រព័ន្ធ​មួយ​ដែល​ពលរដ្ឋ​មាន​សមត្ថភាព​អាច​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​របស់​ពួកគេ​ដោយ​ខ្លួនឯង​បា​ន‍​។ មិនមាន​បទឧក្រិដ្ឋ​ណា​ធ្ងន់ធ្ងរ​ជាង​ការ​ទាញ​រដ្ឋាភិបាល​បរ​ទេស​មួយ​ឲ្យ​មក​ចូល​ពាក់ព័ន្ធ​ហើយ​ធ្វើឱ្យ​ខូច​ដំណើរការ​បោះឆ្នោត​របស់​យើង​ឡើយ​»​។​
 
​លោក Trump ជា​ប្រធានាធិបតី​ទីមួយ​ដែល​រង​បទចោទប្រកាន់​ទាក់ទង​នឹង​ការរំលោភ​អំណាច​ក្នុង​វិស័យ​ទំនាក់ទំនង​អន្តរជាតិ​។ លោក Cicilline ថ្លែងថា អ្នកតាក់តែង​រដ្ឋធម្មនុញ្ញ​មានការ​បារម្ភ​អំពី​ស្ថានភាព​យ៉ាង​ដូច្នេះ នៅពេល​ពួកគេ​រៀបរៀង​មធ្យោបាយ​នៃ​ការ​ចោទ​ទម្លាក់​ពី​តំណែង​។​
 
​អ្នកតំណាងរាស្ត្រ Cicilline ថ្លែងថា​៖ «​នេះ​ជា​ករណី​ដែល​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក​បាន​នាំ​រដ្ឋាភិបាល​បរទេសមួយ​ឲ្យ​មក​បង្ខូចការ​បោះឆ្នោតរ​បស់​យើង និង​ធ្វើ​ឲ្យ​អន់ថយ​ដល់​ប្រជាធិបតេយ្យ​របស់​យើង​។ វា​បានធ្វើ​ឲ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ​របស់​យើ​ង‍​»​។​
 
​អ្នកតំណាងរាស្ត្រ លោកស្រី Sheila Jackson Lee សមាជិក​គណៈកម្មាធិកា​រ​យុត្តាធិការ​នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក ដែល​បាន​សរសេរ​បទ​ចោទ​ទាំងពីរ​ករណីនេះ ថ្លែង​កាលពី​សប្តាហ៍​មុន​ថា សកម្មភាព​នៃ​អ្នកតាក់តែង​ច្បាប់​សហរដ្ឋអាមេរិក «​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ខុសពី​ប្រទេស​ដទៃ​ណា​ទាំងអស់​។ ចំណុច​នោះ​គឺថា មិនមាន​អ្នកណាម្នាក់​នៅ​ពីលើ​ច្បាប់​ទ‍េ​»​។​
 
​លោកស្រី Lee ថ្លែងបន្តថា គណៈកម្មាធិការ​របស់​លោកស្រី «​បាន​ពិនិត្យ​យ៉ាង​មុតមាំ​ចំពោះ​សំណួរ​អំពី​ការរំលោភ​អំណាច​នេះ ដែល​ប្រសិនបើ​យើង​ចាប់ផ្តើម​លែង​ខ្វល់ខ្វាយ​អំពី​រឿង​ជំរុញ​ឲ្យ​ប្រធានាធិបតី​ត្រូវ​ទទួលខុសត្រូវ​នោះ វា​នឹង​នាំ​ឲ្យ​សហរដ្ឋអាមេរិក​ធ្លាក់ខ្លួន​ទៅ​ដូចនឹង​ប្រទេស​ផ្សេងទៀត​ទាំងអស់​ដែលមាន​បញ្ហា​ខាង​ការដឹកនាំ​។ ដំណើរការ (​បទ​ចោទ​ទម្លាក់​ពី​តំណែង​នេះ​) បង្ហាញ​យ៉ាងច្បាស់​ថា យើង​មាន​ប្រធានាធិបតី មិន​មែនមាន​ព្រះមហាក្សត្រ​ទ‍េ​»​។​
 
​នៅពេល​រដ្ឋសភា​ពេញអង្គ​របស់​សហរដ្ឋអាមេរិក​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​ទី​១៨ ខែធ្នូ​នេះ អ្នកតំណាងរាស្ត្រ​ក៏​នឹង​ពិចារណា​ផងដែរ​ថា តើ​លោក Trump គួរ​ត្រូវបាន​គេ​ដក​ពី​តំណែង​ដោយសារ​លោក​បាន​រារាំង​ការស៊ើបអង្កេត​របស់​ស​ភា​ចំពោះ​លទ្ធភាព​នៃ​ការរំលោភ​អំណាច​របស់លោក​។ ប្រសិនបើ​បទ​ចោទ​មួយ​ឬ​បទ​ចោទ​ទាំងពីរ​ករណី​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា​នោះ ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​នឹង​បើក​អង្គប្រជុំ​នៅ​ដើម​ឆ្នាំក្រោយ​ដើម្បី​ពិចារណា​ថា តើ​លោក Trump គួរ​ត្រូវបាន​ដក​ចេញពី​តំណែង​ឬ​យ៉ាងណា​?
 

© រក្សាសិទ្ធិដោយ thmeythmey.com