ជាតិ
ក្ដី​ស្រមៃ​ខ្ពស់​នឹង​អាច​សម្រេចបាន បើ​យើង​មិន​ប្រាប់​មនុស្ស​ចិត្តចង្អៀត​
19, Dec 2019 , 11:22 am        
រូបភាព
លោក ជុំ សន្យា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃសាលាកុលសម្ព័ន្ធ
លោក ជុំ សន្យា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃសាលាកុលសម្ព័ន្ធ
ដោយ: ថ្មីៗ
អត្ថបទផ្តល់ជូនដោយ លោក ជុំ សន្យា 
ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃសាលាកុលសម្ព័ន្ធ


​មនុស្ស​ត្រូវតែមាន​សេចក្ដី​ស្រមៃ ហើយ​វា​ត្រូវតែ​ខ្ពស់​។ ផលប្រយោជន៍​នៃ​ការ​ស្រមៃ​ខ្ពស់​នោះ​គឺថា បើ​យើង មិនអាច​ទៅដល់ យ៉ាងហោចណាស់​ក៏​យើង​ទៅជិត​ដល់​វា​ដែរ​។ ដើម្បី​សម្រេច​ក្ដី​ស្រមៃ​របស់​យើង យើង​ត្រូវ តែ មិន ប្រាប់​ពី​ក្តី​ស្រមៃ​របស់​យើង​នោះ ទៅ​មនុស្ស​ដែលមាន​គំនិត​ចង្អៀត​ឡើយ​។​


 
​សូម​នៅ​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​ព្យាយាម​មើលងាយ​មហិច្ឆតា​រប​ស់​អ្នក​។ មនុស្ស​គំនិត​ចង្អៀត​ជានិច្ចកាល​តែងតែ​មើលងាយ​មហិច្ឆតា​របស់​គេ ប៉ុន្តែ​មនុស្ស​អស្ចារ្យ​វិញ​តែងតែ​ធ្វើអោយ​អ្នកមាន​អារម្មណ៍​អស្ចារ្យ និង អាចធ្វើអោយ​អ្នក​ក្លាយខ្លួនជា​មនុស្ស​អស្ចារ្យ​ផងដែរ​។ នៅពេលដែល​អ្នក​ចង់​ធ្វើ​ផែនការ​ធំ​ដើម្បី​បង្កើតជា​ផ្លែផ្កា​វា​សំខាន់​ណាស់​អ្នក​ត្រូវតែ ប្រយ័ត្នប្រយែង​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកណាម្នាក់​ទៀងទាត់​ជាប្រចាំ ។​
 
​នៅពេលដែល​អ្នក​ប្រាប់​សុបិន​របស់​អ្នក​ទៅកាន់​មនុស្ស​ដែលមាន​គំនិត​ចង្អៀត ភ្លាមនោះ​ពួកគេ​នឹង បំបាក់ ទឹកចិត្ត​អ្នក មើលងាយ​អ្នក លួចគំនិត​អ្នក ឬក៏​ក្លាយជា​គូប្រជែង​របស់​អ្នក​។​
 
​ក្ដី​ស្រមៃ​របស់​អ្នក​គឺ​មិនមែន​សម្រាប់​ប្រាប់ និង​ចែករំលែក​ជាមួយ​មនុស្ស​ដែលមាន​ចរិត​ចង្អៀត​នោះទេ​។ ជាពិសេស​ទៅទៀត​នោះ​គឺ​ទៅកាន់​មនុស្ស​ដែលមាន​គំនិត​តូច បើ​ពុំ​នោះទេ ពួកគេ​នឹងធ្វើ​អោយ​អ្នកមើល​ឃើញ​ពី​មូលហេតុ​ជាច្រើន​ដែល​ធ្វើឱ្យ​ក្ដី​សុបិន​របស់​អ្នក​មិនអាច​ដំណើរការបាន និង​ធ្វើអោយ​អ្នក​ងងឹតភ្នែក មើលមិនឃើញ​មូលហេតុ​ដែល​វា​ដំណើរការ​។​
 
​លោក ច​ន ស៊ី​មិច​វែ​ល បាន​និយាយថា​៖ «​ក្ដី​ស្រមៃ​កាន់តែ​ធំ អ្នក​ត្រូវតែ​ជា​មនុស្ស​ខ្លាំង និង​ឆ្លាត​ឲ្យ​ធំ​ជាង​ក្ដី​ស្រមៃ​របស់​អ្នក ដើម្បី​សម្រេច​ក្ដី​ស្រមៃ​របស់​អ្នកឯង​ទាល់តែ​បាន​»​។ មនុស្ស​ចិត្តចង្អៀត នឹងធ្វើ​ឲ្យ​អ្នកធ្លាក់​ទៅក្នុង​ទីកន្លែង​មួយ​ដែល​ទាប​ជាង​ក្ដី​សុបិន​របស់​អ្នក​។ ពួកគេ​គឺ​មិនអាច​មាន​ក្ដី​សុបិន​បានទេ និង​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួកគេ​តែងតែ​ច្របាច់ក​សម្លាប់​ក្ដី​សុបិន​ដ៏​ធំ​របស់​អ្នក​។ ហេតុដូចនេះ​អ្នកឯង​មិនត្រូវ​ចែករំលែក​ក្ដី​ស្រមៃ​របស់​អ្នកឯង​ជាមួយ​មនុស្ស​ដែល​គ្មាន​សមត្ថភាព ឃើញ​រូបភាព​ធំ​នោះទេ​។​
 
​ក្ដី​សុបិន​ជាច្រើន​ត្រូវបាន​រាំងស្ទះ ហើយ​សក្ដានុពល​ជាច្រើន​ដែល​មិនទាន់​ឃើញច្បាស់​ខ្លាំង​ត្រូវបាន​គេ​កប់​ជា​បណ្ដោះអាសន្ន​ដោយសារតែ​មនុស្ស​មួយចំនួន​បានរៀបចំ​ផែនការ​ជីវិត​របស់​ពួកគេ​ជាមួយ​មនុស្ស​ដែល​ខ្វះ​ចក្ខុវិស័យ​ឃើញ​រូបភាព​ធំ​។​
 
​សូម​នៅ​ជុំវិញ​មនុស្ស​ដែល​ពង្រីក​និង​ជំរុញ​ការគិត​របស់​អ្នក តែ​មិនមែន​នៅ​ជុំវិញ​អ្នក​ដែល​កាត់បន្ថយ​ក្ដី​សុបិន​ធំ​របស់​អ្នក ឲ្យ​ដូចជា​ក្ដី​សុបិន​ដ៏​តូច​របស់​ពួកគេ​ទេ​។ ជំនួស​ឱ្យ​ការធ្វើ​មន្ទីរពិសោធន៍ ស្រាវជ្រាវ​សម្រាប់ ការ ស្រាវជ្រាវ​អវកាស លោក អី​ឡោ​ន​ម៉ាស បាន​បើក​ក្រុមហ៊ុន​មួយ​ដែល​ប្រកួតប្រជែង និង​សាហាវ​ជាង​នេះ នោះ​គឺ​ការ ប្រកួតប្រជែង​គម្រោង​ជាច្រើន​ជាមួយ NASA​។ លោក វិ​ឆាត​ប្រេន​សុន សុខចិត្ត​មិន​ធ្វើជា​ភ្នាក់ងារទេសចរណ៍ លោក​បានសម្រេច​ចិត្ត​បើក​ក្រុមហ៊ុន Virgin Group Ltd​។ ចំណែកឯ​លោក​ថៅកែ​ក្រុមហ៊ុន Amazon ឈ្មោះ ជេ​វ ប៉ែស​សូ សម្រេចចិត្ត​មិន​ធ្វើជា អ្នកគ្រប់គ្រង​ទូទៅ​នៅក្នុង​ហាង​លក់​សៀវភៅ​ឡើយ ផ្ទុយទៅវិញ​គាត់​បាន បើក កន្លែង​លក់​សៀវភៅ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់មាន​នៅក្នុង​លោក ។ 
 
​បន្ថែម​ពីនេះ​ទៅទៀត លោក ប៊ី​ល​ហេ្គ​ត មាន​ក្ដី​ស្រមៃ​ដែលថា​ផ្ទះ​ទាំងអស់ និង​មាន​កុំព្យូទ័រ​ផ្ទាល់ខ្លួន ហើយ​សព្វថ្ងៃនេះ​ផ្ទះ​ខ្លះ​ថែមទាំង​មាន​កុំព្យូទ័រ​ច្រើនជាង​មួយគ្រឿង​ទៅទៀត​។ រីឯ​លោក ស្ទី​វ​ចប វិញ ក្ដី​សុបិន​ដ៏​ធំ របស់លោក គឺ​ដាក់​កុំព្យូទ័រ​ទាំងមូល​ចូលទៅក្នុង​ប្រព័ន្ធ​ទូរស័ព្ទ​។ សព្វថ្ងៃនេះ​ទូរស័ព្ទ​របស់​យើង​មិន​ត្រឹមតែ​អាចធ្វើ​អ្វីដែល​កុំព្យូទ័រ​ផ្ទាល់ខ្លួន​អាច​ធ្វើបាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​អ្វីៗ​ជាច្រើន​ទៀត ដែល​នឹកស្មាន​មិន​ដល់​។​
 
​អាថ៌កំបាំង​របស់​មនុស្ស​អស្ចារ្យ​ទាំងនោះ គឺ​ពួកគាត់​បានដាក់​វិន័យ និង​គោលការណ៍​អោយ​ខ្លួន​ពួកគាត់​នៅ​អោយ​ឆ្ងាយ​ពី​មនុស្ស​ដែលមាន​ចិត្តចង្អៀត​។ ដូចនេះ ប្រសិនបើ​យើង​ចង់​ទទួលបាន​ការសម្រេច​គោលបំណង​ដ៏​អស្ចារ្យ​របស់​យើង​អោយ​ដូច​ពួកគាត់ ពួកយើង​ក៏ត្រូវ​តែ​នៅ​អោយ​ឆ្ងាយ​ពី​ប្រភេទ​មនុស្ស​ដែលមាន​ចិត្តចង្អៀត​ដូចខាងក្រោម​៖
 
ទី​១- មនុស្ស​ចិត្តគំនិត​ក្ដាម​

​ចិត្តគំនិត​ក្ដាម គឺជា​ពាក្យប្រៀបធៀប​មួយ សំដៅ​ដល់​មនុស្ស​មួយក្រុម​ដែល ឃើញ​នរណាម្នាក់​នៅ​ជុំវិញ​ពួកគេ សម្រេចបាន​នូវ​ការកែលម្អ​ខ្លួនឯង ដែល​ពួកគេ​មិនអាច​សម្រេចបាន​ដោយ​ខ្លូន​ឯង​។ ពាក្យប្រៀបធៀប​ត្រូវបាន​បង្កើត​ចេញ​មកជា​គំរូ​នៃ​ឥរិយាបទ​ដែល​បាន​សំគាល់​នៅក្នុង​ក្ដាម​នៅពេល​ពួក​សត្វ​ទាំងនោះ​ជាប់​នៅក្នុង​ធុង​។ ខណៈពេលដែល​ក្ដាម​ណាមួយ​អាច​រត់គេច​បាន​យ៉ាង​ងាយស្រួល​វា និង​ត្រូវបាន​គេ​បំផ្លាញ និង កំទេច​ដោយ​អ្នកដទៃ​នៃ​ក្រុម​ពួកវា​។ 
 
​ភាពស្រដៀងគ្នា​នៃ​អាកប្បកិរិយា​របស់​មនុស្ស​ត្រូវបាន​គេ​អះអាងថា​សមាជិក​នៃ​ក្រុម​មួយ និង​ព្យាយាម​កាត់បន្ថយ​ភាពជឿជាក់​លើ​ខ្លួនឯង​របស់​សមាជិក​ណា​ម្នាក់​ដែល​ទទួលបាន​ភាពជោគជ័យ​លើសពី​ខ្លួនឯង ដោយ​ការ​ច្រណែន និង​ការ​អាក់អន់ចិត្ត​ដើម្បី​បញ្ឈប់​ការរីកចម្រើន​រប​ស់បុ​គ្គល​នោះ​។​
 
ទី​២- មនុស្ស​ដែលមាន​ចិត្ត​បង្គួរ​

​មនុស្ស​ប្រភេទ​នេះ គឺជា​មនុស្ស​ដែលមាន​គំនិត​មធ្យម​។ ពួកយើង​តែងតែ​បង្ហាញ​សត្រូវ​ដ៏​អស្ចារ្យ ដ៏​ធំ​បំផុត គឺ​ក្ដី​ស្រមៃ ចក្ខុវិស័យ និង​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន​។ ពួកគេ​ជឿថា​សត្រូវ​ដ៏​ធំ​បំផុត​របស់​យើង គឺ ជា​មនុស្ស​ម្នាក់​ដែល​ជួយ​យើង​ជោគជ័យ​បាន​តិចជាង​អ្វីដែល​ធម្មជាតិ​បាន​បង្កើត​យើង​មក​។ 
​​ពួកយើង​ត្រូវតែ​បង្កើត​គំនិត​មួយ​របស់​ពួកយើង​អោយទៅដល់​កម្រិត​មួយ ដែល​យើង​អាច​ប្រឆាំង​ទៅ នឹង​ការហ៊ុមព័ទ្ធ​ដោយ​មនុស្ស​ដែលមាន​គំនិត​មធ្យម​។ បើ​ពួកយើង​សម្រេចចិត្ត​ចង់បាន​តែ​ប៉ុណ្ណឹង​តិចជាង​អ្វីដែល​យើង​អាចធ្វើ​បាន​នោះ​ពួកយើង​នឹង​ទទួលបាន​តិចជាង​ការចង់​បានតែ​ប៉ុណ្ណឹង​។​
​ទី​៣- មនុស្ស​ដែលមាន​គំនិត​ថា​ខ្លួនឯង​អសន្តិសុខ​
 
​​មនុស្ស​ដែលមាន​គំនិត​ចង្អៀត នឹង​ក្លាយជា​មនុស្ស​ប្រយ័ត្ន​នៃ​ក្ដី​ស្រមៃ​ដ៏​ធំ​របស់​អ្នក​។ ហេតុដូចនេះ មនុស្ស​ដែលមាន​គំនិត​ថា​ខ្លួនឯង​អសន្តិសុខ​ជាមួយ​ក្ដី​ស្រមៃ​ដ៏​ធំ​របស់​យើង នឹងធ្វើ​ការប្រណាំង​ប្រជែង​ជាមួយ​អ្នក ជាជាង​ការជួយ​លើកទឹកចិត្ត និង​ជួយ​អ្នកឯង​ទេ​។ ក្រុម​នោះ​នឹង​បំពុល​ក្ដី​ស្រមៃ​របស់​អ្នក​។ ហើយ​ថែម​ពីនេះ​ទៅទៀត ពួកគេ​នឹង​បំផ្លាញ​ក្តី​សុខ​របស់​អ្នកដទៃ​ដោយសារ​ពួកគេ​នោះ​មិនអាច​រកក្ដី​សុខ​ដាក់ខ្លួន ប៉ុន្តែ​មានតែ​សេចក្ដី​ភ្លើង​ដាក់ខ្លួន​។ 
 
​​អ្នកត្រូវការ​មនុស្ស​ដែលមាន​ការគោរព និង​លើក​តម្លៃ​ខ្លួនឯង​ក្នុងន័យ​វិជ្ជមាន ដើម្បី​វិនិយោគ​ទៅក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​។ មនុស្ស​គោរព​និង​លើក​តម្លៃ​ខ្លួនឯង​ក្នុងន័យ​វិជ្ជា​មាន គឺជា​ទ្រព្យសម្បត្តិ​ដ៏​អស្ចារ្យ​បំផុត​របស់​មនុស្ស​ដែលមាន​ក្ដី​ស្រមៃ​ខ្ពស់​។ 
 
ទី​៤- មនុស្ស​ដែលមាន​គោលបំណង​ទាប​

​សោកនាដកម្ម​ដ៏​ធំ​បំផុត​នៃ​ជីវិត មិនមែន​ថា​យើង​មាន​គោលដៅ​ខ្ពស់ ហើយ​ខកខាន ឬ​មិនបាន​ធ្វើទៅ​ដល់​គោលដៅ​នោះទេ តែ​ថា​យើង​បានកំណត់​គោលដៅ​ទាប​។ កុំអោយ​មនុស្ស​ដែលមាន​គំនិត​តូច ទាញ​ក្ដី​សុបិន​ធំ​របស់​អ្នក អោយ​សម​នឹង​ប្រអប់​គោលបំណង​ដ៏​តូច​របស់​ពួកគេ​។ មនុស្ស​ដែលមាន​គំនិត​ទាប នឹង​កាត់បន្ថយ​អ្នក​អោយមាន​ការគិត​តូច​ដូច​ពួកគាត់​ដែរ​។ តម្កើង​គោលបំណង​របស់​អ្នក​អោយ​ខ្ពស់​ដែល​អាចទៅរួច ហើយ​មនុស្ស​ដែល​ត្រឹមត្រូវ​នឹង​មករក​អ្នក​។​
 
​ទី​៥- មនុស្ស​ដែលមាន​គំនិត​ច្រណែន​

​លោក អា​រី​ស្តូ​ត បាន​និយាយថា​ការ​ច្រណែន គឺជា​ការឈឺចាប់​ចំពោះ​សំណាងល្អ​របស់​អ្នកដទៃ​។ នៅពេល​មាន​មនុស្ស​មានចិត្ត​ច្រណែនឈ្នានីស ពួកគាត់​តែងតែ​ជេរប្រមាថ​អ្វីៗ​ទាំងអស់ មិន​ថា​វា​ល្អ ឬ អាក្រក់​នោះទេ​។ ចំណែកឯ​លោក ណាប៉ូលេអុង បូ​ណា​ផាត បាន​និយាយថា​៖ «​ការ​ច្រណែន គឺជា​ការប្រកាស​នៃ​ភាពអន់ថយ​»​។ កុំ​នាំ​មនុស្ស​ច្រណែន​មក​ក្នុង​រង្វង់​គំនិត​របស់​អ្នក​។ ពួកគេ​នឹង​ឱ្យ​ក្ស័យធន​នៃ​ក្ដី​ស្រមៃ​របស់​អ្នក​។ រាល់​ក្ដី​ស្រមៃ​របស់​យើង​អាច​ក្លាយជា​ការពិត ប្រសិនបើ​យើង​មាន​ភាពក្លាហាន​ក្នុង​ការតាមប្រមាញ់​ក្តី​ស្រមៃ​ទាំងនោះ​។ ក្ដី​សុ​បិ​ន្ដ​ធំ ប៉ុន្តែ​ត្រូវតែ​ចងចាំ​ថា អ្នក​ត្រូវតែ​បោះជំហាន​ពី​តូចៗ​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​ក្ដី​សុបិន​ទាំងឡាយ​របស់​អ្នក​។ អ្នក​មិនដែល​ក្មេង​ពេក​ទេ ក្នុងការ​សុបិន​។ ហ៊ាន​សុបិន​ធំ​។ លោត​ផ្លោះ​ឆ្ពោះទៅរក​សេចក្ដី​ជំនឿ ហើយ​បញ្ចេញ​សក្ដានុពល​របស់​អ្នក​អោយ​សាហាវ​តាមតែ​អាចធ្វើ​ទៅរួច​។​
 
​កុំ​បន្ទាប​ក្ដី​សុបិន​របស់​អ្នក គ្រាន់តែ​ឲ្យ​សម​ទៅនឹង​ការពិត​របស់​អ្នក​។ ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការជឿជាក់​របស់​អ្នក​ដើម្បី​ឲ្យ​សម​ទៅនឹង​ជោគវាសនា​របស់​អ្នក​។ អនាគត​គឺជា​កម្ម​សិទ្ធ​របស់​អ្នក​ដែល​ជឿជាក់​លើ​ភាពស្រស់ស្អាត​នៃ​ក្ដី​សុបិន​របស់​អ្នក​។ កុំ​បោះបង់ចោល​ក្ដី​សុបិន​របស់​អ្នក ហើយ​នៅពេល​នរណាម្នាក់​ប្រាប់​អ្នក​ថា «​វា​មិនអាច​ធ្វើ​បានទេ​» វា​មិនមែន​បានន័យថា​អ្នក​មិនអាច​ធ្វើ​វា​បានឡើយ​។ វា​មានន័យថា អ្នក​មិនអាច​ធ្វើ​វា​ជាមួយ​ពួកគេ​។ កុំ​ឲ្យ​នរណាម្នាក់​និយាយថា «​អ្នក​មិនអាច​ធ្វើ​អ្វី​បានទេ​»​។ អ្នកមាន​ក្ដី​សុបិន​ដែល​អ្នក​ត្រូវការពារ និង សិទ្ធិ​ក្នុងការ​រស់នៅក្នុង​សុបិន​របស់​អ្នក​ដែល​ស្ថិតនៅក្នុង​ដៃ​របស់​អ្នក​។​
 
​តាម​បទពិសោធន៍​របស់ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​អ្នក​ទាំងអស់​ដែល​បាន​និយាយថា «​ទេ​» (​វា​មិនអាច​ធ្វើ​បានទេ​) ចំពោះ​ខ្ញុំ​ផ្ទាល់​។ ដោយសារតែ​ពួកគេ ខ្ញុំ​បានធ្វើ​វា​ដោយ​ខ្លួនឯង​៕

 

Tag:
 ​ស្ថាបនិក​
  ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ​នៃ​សាលា​កុលសម្ព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com