ជាតិ
សង្គមជាតិ
បរទេស​ម្នាក់ ដែល​ទិតៀន​កម្ពុជា «​ត្រូវ​ហាម​មិន​ឲ្យ​ចូល​កម្ពុជា​រហូត​»
19, Dec 2019 , 11:47 am        
រូបភាព
ជនជាតិបរទេសដែលបានបង្ហោះវីដេអូ
ជនជាតិបរទេសដែលបានបង្ហោះវីដេអូ
​អគ្គនាយដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​បិទ​ទិដ្ឋាការ​ជា​អចិន្ត្រៃយ៍​លើ​ជនជាតិ​បរទេស​ម្នាក់ ដែល​បាន​បង្ហោះ​វីដេអូ​ក្នុង YouTube ដែលមាន Chanel ឈ្មោះ James FT ដោយ​អំពាវនាវ​មិន​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ដទៃ មក​ទស្សនា​នៅ​កម្ពុជា​។ ការសម្រេច​បិទ​ទិដ្ឋាការ​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋ​ម​ន្រី្ត​ក្រសួងទេសចរណ៍ លោក ថោង ខុន និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ប្រជុំ​ជាមួយគ្នា កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​។


 
​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក អាត់ បូ​នី ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ដូច្នេះ​ថា​៖«​ជនជាតិ​បរទេស ដែល​បាន​បង្ហោះ​វីដេអូ​នោះ ត្រូវបាន​បិទ​ទិដ្ឋាការ​មិន​ចូល​កម្ពុជា​ជា​រៀងរហូត​»​។  
 
​ជាមួយគ្នា​ដែរ ក្រសួងទេសចរណ៍ នឹងដាក់​ពាក្យបណ្ដឹង​ទៅកាន់​ក្រុមហ៊ុន Google និង Facebook ដើម្បី​សុំ​លុប​វីដេអូ ដែល​ជនជាតិ​បរទេស​នោះ បាន​បង្ហោះ​។ ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍ បាន​សរសេរ​ពីស​ម្តី​របស់លោក ថោង ខុន ដែល​និយាយ​ក្នុង​កិច្ចប្រជុំ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថា ក្រសួងទេសចរណ៍ នឹង​រៀបចំ​សំណើ​ទៅកាន់​ក្រសួងការបរទេស និង​កិច្ច​ហស​ប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ចាត់ការ​លើ​ជនបរទេស​រូបនោះ​បន្ថែមទៀត​។ 
 
​សូមបញ្ជាក់ថា ជនជាតិ​បរទេស​នេះ បាន​បង្ហោះ​វីដេអូ​ពី​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម​និង​ចំណីអាហារ​។ លើសពីនេះ ជនជាតិ​បរទេស​នេះ មិន​ពេញចិត្ត​កម្ពុជា​ដោយសារ​រក​ដៃគូ (​មិត្តស្រី ) មិនបាន ហើយ​លើកឡើងថា កម្ពុជា​ខុសពី​ប្រទេស​ផ្សេងទៀត ដែល​ខ្លួន​ធ្លាប់​ទៅ​។ ជនជាតិ​បរទេស​នេះ បាន​បង្ហោះ​វីដេអូ​នៅក្នុង Youtube តាំងពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​មកម្ល៉េះ ហើយ​បន្ទាប់មក​ត្រូវបាន​ចែករំលែក​បន្ត​ទៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕ 

Tag:
 បិទ​ទិដ្ឋាការ​
© រក្សាសិទ្ធិដោយ thmeythmey.com