កីឡាជាតិ
ជាតិ
ជើងឯក​ពិភពលោក​វ៉ូ​វី​ណា​ម​៖ ប៉ាល់ ឆរ​ស្ម៊ី ដណ្តើមបាន​មេដាយមាស​ទី​៣​ឲ្យ​កម្ពុជា​
19, Dec 2019 , 2:56 pm        
រូបភាព
រូបភាពពី Cambodia Vovinam Team
រូបភាពពី Cambodia Vovinam Team
ដោយ:
​កីឡាការិនី ប៉ាល់ ឆរ​ស្ម៊ី ដណ្តើមបាន​មេដាយមាស​ទី​៣​ឲ្យ​កម្ពុជា នា​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​៦​នៅ​កម្ពុជា​។ មេដាយមាស​នេះ​ដណ្តើមបាន​លើ​វិញ្ញាសា​សម្តែង​កាំបិត​ភ្លោះ​(Dual Knife Form) ដែលមាន​កីឡាការិនី​មកពី​៤​ប្រទេស​ចូលរួម​។ នេះ​ជា​មេដាយមាស​ទី​២​របស់ រ​ស្ម៊ី បន្ទាប់ពី នាង ដណ្តើមបាន​មេដាយមាស​ដំបូង​ក្នុង​វិញ្ញាសា​សម្តែង​ជា​ក្រុម​។​

 
​ការធ្វើ​បាន​ក្នុង​លំដាប់​ពិន្ទុ​២៦៧ គឺ​វា​គ្រប់គ្រាន់​ក្នុង​ការជួយ​ឲ្យ​កីឡាការិនី ប៉ាល់ ឆរ​ស្ម៊ី គ្រង​ជើងឯក​លើ​វិញ្ញាសា​សម្តែង​កាំបិត​ភ្លោះ​ក្នុង​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ពិភពលោក ដែលមាន​អត្ត​ពលិកម​ក​ពី​២៣​ប្រទេស​ចូលរួម​។ តាមរយៈ​មេដាយ​នេះ បង្ហាញ​ឲ្យ​ឃើញថា ឆរ​ស្ម៊ី នៅតែ​ជា​កីឡាការិនី​វ៉ូ​វី​ណា​ម​ឆ្នើម​សម្រាប់​កម្ពុជា ទោះបី​មាន​វ័យ​ច្រើន​ក៏ដោយ​។ 
 
​កីឡាការិនី​មី​យ៉ាន់​ម៉ា Khaing War Phoo ទទួលបាន​មេដាយប្រាក់ ក្រោយ​ធ្វើបាន​២៦៦​ពិន្ទុ រីឯ​មេដាយ​សំរឹទ្ធ​បាន​ទៅលើ​កីឡាការិនី​សិង្ហ​បុរី Shahrudin Nurhanishah ក្រោយ​ធ្វើបាន​២៦២​ពិន្ទុ និង​មេដាយ​សំរឹទ្ធ​ស្ទួន​បាន​ទៅ​កីឡាការិនី​បារាំង Truong Thuy Tien ក្រោយ​សម្រេចបាន​២៥៩​ពិន្ទុ​។ 
 
​នេះ​ជា​មេដាយមាស​ទី​៣​របស់​កម្ពុជា តែ​ជា​មេដាយមាស​ទី​២​សម្រាប់​កីឡាការិនី ប៉ាល់ ឆរ​ស្ម៊ី បន្ទាប់ពី​រូបគេ​ដណ្តើមបាន​មេដាយមាស​ដំបូង​លើ​វិញ្ញាសា​សម្តែង​ជា​ក្រុម​នៅ​ថ្ងៃ​ប្រកួត​បើកឆាក​ដំបូង​។ មុន​មេដាយមាស​របស់​កីឡាការិនី​រូបនេះ កម្ពុជា​ដណ្តើមបាន​មេដាយមាស​មួយ​រួចមកហើយ ដែល​រកបាន​ដោយ​កីឡាករ ភូ​ថង អេ (​ម៉ឹ​ន មេ​ឃា​) លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៦៤​គីឡូក្រាម​។ 
 
​ការប្រកួត​ជើងឯក​ពិភពលោក​នេះ​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​១៦-២២ ខែធ្នូ ឆ្នាំ​២០១៩ ដោយមាន​អត្ត​ពលិកម​ក​ពី​២៣​ប្រទេស​ចូលរួម​៕ 







Tag:
 វ៉ូ​វី​ណា​ម​
  ប៉ាល់ ឆរ​ស្ម៊ី​
  ជើងឯក​ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com