អន្តរជាតិ
ម៉ាឡេស៊ី រង​ការរិះគន់​ដែល​រៀបចំ​ជំនួប​មេដឹកនាំ​ប្រទេស​ឥស្លាម​ក្រៅ​ក្របខណ្ឌ OIC
19, Dec 2019 , 3:18 pm        
រូបភាព
អគ្គលេខាធិការអង្គការកិច្ចសហប្រតិបត្តិការឥស្លាម Yousef al-Othaimeen ។ រូបភាព AFP
អគ្គលេខាធិការអង្គការកិច្ចសហប្រតិបត្តិការឥស្លាម Yousef al-Othaimeen ។ រូបភាព AFP
​ម៉ាឡេស៊ី នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​មេដឹកនាំ​ប្រទេស​ឥស្លាម​ដ៏​ធំ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រប​សាសនា​ដ៏​ធំ​មួយ​នេះ​។ មេដឹកនាំ​អ៊ីរ៉ង់ តួ​ក​គី និង​កាតា​ជាដើម មាន​វត្តមាន​ក្នុងជំនួប​ក្នុង​សប្ដាហ៍​នេះ​។​ប៉ុន្តែ​ជំនួប​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ រង​ការរិះគន់​ខ្លាំង​ពី​អង្គការ​កិច្ចសហប្រតិបត្តិការ​ឥស្លាម (OIC) និង​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ចាត់ទុក​ជំនួប​នេះ​ជាការ​ធ្វើ​ទន់ខ្សោយ​ដល់​សាសនា ទោះជា​មេដឹកនាំ​ម៉ាឡេស៊ី​បាន​ទាត់ចោល​ក្ដីបារម្ភ​ក៏ដោយ​។​

 
​មេដឹកនាំ​ប្រទេស​កាន់សាសនា​ឥស្លាម​ធំៗ​ដូចជា​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី​, ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ និង​ស្ដេច​កាតា​ផងដែរ នឹងមាន​វត្តមាន​នា​ជំនួប​កំពូល​ឥស្លាម​ដែល​ម៉ាឡេស៊ី​រៀបចំឡើង​ក្នុង​សប្ដាហ៍​នេះ​។ មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត សាល​ម៉ាន បាន​បដិសេធ​ការអញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ ឯ​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន អ៊ី​ម​រ៉ា​ន ខាន់ បាន​លុបចោល​គម្រោង​ទស្សនកិច្ច​ភា្ល​មៗ​។ 
 
​បើ​មើល​តាម​សមាសភាព​អ្នកចូលរួម មេដឹកនាំ​ភាគច្រើន គឺ​មកពី​ប្រទេស​ដែលមាន​ទំនាស់​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​តែម្ដង​។ ដូចនេះ​ទើប ម៉ាឡេស៊ី​រង​ការ​រិះគន់ថា ព្យាយាម​បង្កើត​ប្លុក​ថ្មី​ជំនួស​អង្គការ​កិច្ចសហប្រតិបត្តិការ​ឥស្លាម (OIC)​។ OIC នេះ ជា​អង្គការ​មាន​សមាជិក​៥៧​ប្រទេស ហើយ​មាន​ទីស្នាក់ការ​នៅ​ទីក្រុង Jeddah របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។ អគ្គលេខាធិការ OIC លោក Yousef al-Othaimeen ចាត់ទុក​ជំនួប​នៅ​ម៉ាឡេស៊ី ជាការ​ធ្វើ​ឲ្យ​សាសនា​ឥស្លាម​ធ្លាក់ចុះ​។​
 
«​វា​មិនមែនជា​ប្រយោជន៍​សម្រាប់​រដ្ឋ​ឥ​ស្លា​មួយ​ដែល​រៀបចំ​កិច្ចប្រជុំ​នៅក្រៅ​ក្របខណ្ឌ OIC ឡើយ ពិសេស​នៅពេលដែល​ពិភពលោក​ជួប​ជម្លោះ​ជាច្រើន​។​» នេះ​ជាការ​លើកឡើង​របស់លោក al-Othaimeen តែ​មិនបាន​និយាយ​ដល់​ឈ្មោះ​ម៉ាឡេស៊ី​ឡើយ តែ​បន្តថា ការធ្វើ​ឲ្យ OIC អន់ថយ នឹងធ្វើ​ឲ្យ​សាសនា​ឥស្លាម និង​អ្នកប្រតិបត្តិ​សាសនា​នេះ​ចុះខ្សោយ​ដែរ​។ 
 
​តាមពិតទៅ ម៉ាឡេស៊ី ក៏បាន​ទាត់ចោល​ពាក្យរិះគន់​នេះ​រួចហើយ​ដែរ​។ លោក មហា​ធៀ បានទូល​មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​នា​ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​១៧ ខែធ្នូ ថា ជំនួប​នេះ​គ្មាន​គោលដៅ​បង្កើត​ប្លុក​ថ្មី​អ្វី​ទេ​។ ប៉ុន្តែ​ប្រមុខរដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​ឆ្លើយថា បញ្ហា​របស់​ពិភព​ឥស្លាម គួរ​ដោះស្រាយ​តាម​យន្តការ OIC ដើម្បី​រក្សា​ការរួបរួម​គ្នា​។  
 
​អ្វីដែល​ជាការ​បារម្ភ​នោះ គឺ​កិច្ចប្រជុំ​នៅ​គូ​ឡា​ឡាំ​ពួ អាច​ក្លាយជា​វេទិកា​របស់​ក្រុម​ប្រទេស​ឥស្លាម​មកពី​ប្លុក​របស់​តួ​ក​គី អ៊ីរ៉ង់ ប្រើប្រាស់​ប្រឆាំងនឹង​ឥទ្ធិពល​អា​រ៉ា​ប៊ី​សា​អូឌីត​។ ដូច​ដឹង​ស្រាប់ អ៊ីរ៉ង់ និង​អា​រ៉ា​ប៊ី​សា​អូឌីត គឺជា​សត្រូវ​ចាស់​ឆ្នាំ ហើយ​ទំនាស់​រវាង​មហាអំណាច​ទាំងពីរ ធ្វើ​ឲ្យ​រង្គោះរង្គើ​មជ្ឈិមបូព៌ា​យ៉ាងខ្លាំង​។ ក្រុង​រី​យ៉ា​ដ ក៏​មើលមុខ​គ្នា​មិនត្រូវ​ជាមួយ​ក្រុង​អង់កា​រ៉ា​បន្ទាប់​ករណី​ឃាតកម្ម​អ្នកកាសែត Jamal Khasoggi លើទឹក​ដី​តួ​ក​គី​៕ 

Tag:
 ម៉ាឡេស៊ី​
  OIC
  អ៊ីរ៉ង់​
  អា​រ៉ា​ប៊ី​សា​អូឌីត​
© រក្សាសិទ្ធិដោយ thmeythmey.com