ជាតិ
បញ្ជូន​ស្ដ្រី​ម្នាក់​ទៅ​តុលាការ​ក្រោយ​លួច​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ​១៨​តោន​
19, Dec 2019 , 4:25 pm        
រូបភាព
​សៀមរាប​៖ កម្លាំងចម្រុះ បាន​ចុះ​ឆែកឆេរ​ទីតាំង​វេច​ខ្ចប់ និង​ចែកចាយ​ប៊ីចេង​សញ្ញា​រូប​វែង​មួយកន្លែង និង​បាន​រកឃើញ​ប៊ីចេង​ក្លែងក្លាយ​សរុប​១៨​តោន​នៅក្នុង​ផ្ទះល្វែង​មួយកន្លែង ស្ថិតក្នុង​បុរី​សៀង​ណាំ​១ ក្នុងភូមិ​ខ្នា សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ បច្ចុប្បន្ន ម្ចាស់​ទីតាំង​ត្រូវបាន​កម្លាំង​ជំនាញ រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ហើយ​។​

 
​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប លោក ទិ​ត្យ ណា​រ៉ុង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃទី​១៩ ធ្នូ​ថា ស្ត្រី​ម្ចាស់​អាជីវកម្ម​មានឈ្មោះ ហ៊ិ​ម មនោ​រី ត្រូវបាន​នាំខ្លួន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃទី​១៨ ធ្នូ​។ លោកស្នងការ​បញ្ជាក់ថា ការចុះ​ឆែកឆេរ​នេះ គឺធ្វើឡើង​តាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​នាំចូល​ប៊ីចេង​សញ្ញា​រូប​វែក ដោយ​ចោទ​ម្ចាស់​អាជីវកម្ម​ខាងលើ​ថា​បាន​ក្លែង​ម៉ាក​សញ្ញា ធ្វើ​អាជីវកម្ម​ចែកចាយ​ប៊ីចេង​រូប​វែង​ក្នុង​ក្រុង​សៀមរាប​ដោយ​ខុសច្បាប់​។​
 
​លោកស្នងការ​បន្តថា ក្នុង​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​នោះ មានការ​ចូលរួម​ពី កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​សាលាដំបូង​ខេត្តសៀមរាប រួម​និង​កម្លាំង​ជំនាញ​មកពី​រាជធានី​ភ្នំពេញ​ផងដែរ​។ លោក ទិ​ត្យ ណា​រ៉ុង បញ្ជាក់ថា ម្ចាស់​អាជីវកម្ម​ខាងលើ​នឹង​ប្រឈម​បទ​ចោទ​ពាក់ព័ន្ធ​នឹង​ការរំលោភ​កម្មសិទ្ធិបញ្ញា​៕



Tag:
 ប៊ីចេង​
  ក្លែងក្លាយ​
© រក្សាសិទ្ធិដោយ thmeythmey.com