ជាតិ
សមាគមគ្រឹះស្ថានឧត្តមសិក្សា ទទួលបានអនុគ្រោះពន្ធ៤ឆ្នាំបន្តទៀត ពីរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្រ្តី នាជំនួបប្រចាំឆ្នាំជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សា
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ព្រមតាមសំណើរបស់បណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានឧត្តមសិក្សា ក្នុងការអនុគ្រោះពន្ធដល់សមាគមគ្រឹះស្ថានឧត្តមសិក្សារយៈពេល៤ឆ្នាំបន្តទៀត គឺចាប់ពីឆ្នាំ២0២0 ដល់ឆ្នាំ២0២៣។ ជំនួបប្រចាំឆ្នាំរវាងសម្តេចនាយករដ្ឋមន្ត្រី និងសមាគមគ្រឹះស្ថានឧត្តមសិក្សា ប្រព្រឹត្តទៅនៅវិមានសន្តិភាព កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២0១៩។
លោក ហេង វ៉ាន់ដា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ថា រាល់គ្រឹះស្ថានអប់រំឯកជនទាំងអស់ ដែលជាសមាជិករបស់សមាគមគ្រឹះស្ថានឧត្តមសិក្សា គឺទទួលបានអនុគ្រោះពន្ធនេះ។ លោក បញ្ជាក់ថា បច្ចុប្បន្ន មានគ្រឹះស្ថានអប់រំឯកជនចំនួន១១0 ជាសមាជិករបស់សមាគមគ្រឹះស្ថានឧត្តមសិក្សា ដោយក្នុងនោះ ចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ទី១២ មាន៦៧ និងកម្រិតឧត្តមសិក្សា មាន៤៣។
លោក ហេង វ៉ាន់ដា ក៏បានស្នើឲ្យប្រមុខរដ្ឋាភិបាល ជួយពង្រីកវិសាលភាពគរុកោសល្យផងដែរ។ ប្រមុខរដ្ឋាភិបាល ឆ្លើយតបថា ចំពោះការពង្រីកវិសាលភាពលើការបណ្ដុះបណ្ដាលគរុកោសល្យ ត្រូវធ្វើតាមវិទ្យាស្ថានជាតិអប់រំ ដែលមានស្រាប់៕
Tag:
ហ៊ុន សែន
ហេង វ៉ាន់ដា
សមាគមគ្រឹះស្ថានឧត្តមសិក្សា
អនុគ្រោះពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com