ជាតិ
រដ្ឋមន្ត្រីវប្បធម៌ ជំទាស់មិនឱ្យរុះរើស្ពានថ្មចាស់សម័យបារាំង នៅខេត្តបាត់ដំបងឡើយ
× ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំទាស់មិនឱ្យរុះរើស្ពានថ្មចាស់សម័យបារាំង ដែលស្ថិតនៅមុខសាលាខេត្ត ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា យល់ឃើញថា ស្ពានថ្មចាស់សម័យបារាំងនេះ ពុំគួររុះរើចេញនោះទេ។ មូលហេតុដែលរដ្ឋមន្ត្រីវប្បធម៌ លើកឡើងបែបនេះ ដោយសារតែស្ពានថ្មចាស់នេះមានអាយុកាល១០០ឆ្នាំមកហើយ ដែលបានកសាងនៅសម័យបារាំង ជាសំណង់បេតិកភណ្ឌទីក្រុងនៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបង និងក្នុងប្រទេសកម្ពុជា ហើយវាក៏មានតម្លៃជាប្រវត្តិសាស្ត្រ លើផ្នែកស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថានទៀតផង។
លិខិតរបស់ក្រសួងវប្បធម៌ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រី ភឿង សកុណា បានសរសេរដូច្នេះថា៖»ម្យ៉ាងទៀតស្ពាននេះ ចាត់ទុកជាមរតកដ៏កម្រមួយ ដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង គួរតែរក្សាទុក និងជួសជុលឡើងវិញ ហើយប្រើប្រាស់ជាស្ពានថ្មើជើង»។
ដើម្បីការពារ និងអភិរក្សស្ពាននេះ រដ្ឋមន្ត្រីវប្បធម៌ បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា សហការដោះស្រាយបញ្ហានេះ តាមរយៈការចុះទៅត្រួតពិនិត្យនៅទីតាំងផ្ទាល់ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ខាងសារព័ត៌មានថ្មីៗ មិនអាចទាក់ទងអភិបាល និងអភិបាលរង រួមទាំងលោក សឿម ប៊ុនរិទ្ធិ អ្នកនាំពាក្យខេត្តបាត់ដំបង ដើម្បីសាកសួរជុំវិញបំណងរុះរើស្ពានថ្មនេះបានទេ៕
Tag:
ស្ពានថ្ម
សម័យបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com