ជាតិ
សេដ្ឋកិច្ច
វៀតណាមស្នើបង្កើតតំបន់ត្រួតពិនិត្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរួមគ្នានៅច្រកបាវិត
× ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា និងរដ្ឋមន្ត្រីដឹកជញ្ជូនរបស់វៀតណាម បានចាប់ផ្ដើមពិនិត្យដោះស្រាយបញ្ហាកកស្ទះការដឹកជញ្ជូន ឆ្លងកាត់ច្រកព្រំដែនរវាងប្រទេសទាំងពីរ ដែលបានចាប់ផ្ដើមនៅថ្ងៃទី១៩ខែធ្នូនេះ។ លោក ស៊ុន ចាន់ថុល ឲ្យដឹងថា ភាគីទាំងពីរនឹងមានកិច្ចប្រជុំទ្វេភាគីជាបន្តបន្ទាប់ ក្រោយការចុះពិនិត្យជាស្ដែងនេះ ដើម្បីដោះស្រាយបញ្ហាដឹកជញ្ជូនឆ្លងព្រំដែននេះ។ ជាមួយគ្នានេះ បើតាមលោក ស៊ុន ចាន់ថុល ភាគីវៀតណាមបានត្រៀមដីប្រមាណ៥០ហិកតាក្នុងទឹកដីរបស់ខ្លួន ដើម្បីឲ្យភាគីទាំងពីរសិក្សាបង្កើតជាតំបន់ត្រួតពិនិត្យរួមគ្នា។
សូមស្ដាប់ប្រសាសន៍លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៖
បើតាមលោក ស៊ុន ចាន់ថុល ការបង្កើតឲ្យមានច្រកត្រួតពិនិត្យរួមគ្នា គឺស្របនឹងគោលបំណងរបស់មហាអនុតំបន់មេគង្គ និងអាស៊ាន ដើម្បីផ្ដល់ភាពងាយស្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
គួរបញ្ជាក់ច្រកបាវិត គឺច្រកដ៏សំខាន់មួយ ខណៈដែលរដ្ឋាភិបាលមានផែនការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ច្រកមួយនេះ។ សព្វថ្ងៃតំបន់បាវិតមានសកម្មសេដ្ឋកិច្ចយ៉ាងមមាញឹក ហើយច្រកព្រំដែនរវាងកម្ពុជានិងវៀតណាម នៅតំបន់នេះកំពុងមានបញ្ហាកកស្ទះរថយន្តដឹកជញ្ជូន ពិសេសរថយន្តដឹកកុងតេន័រ ឆ្លងកាត់ច្រកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com