កីឡាជាតិ
ជាតិ
ក្រុម​ឥន្ទ្រ​ទេវី​លើក​ពាន​ជើងឯក​វិទ្យាល័យ ជាមួយ​ប្រាក់រង្វាន់​៦០​លាន​រៀល​
20, Dec 2019 , 9:38 am        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​វិទ្យាល័យ​ឥន្ទ្រ​ទេវី​លើក​ពាន​«​ជើងឯក​វិទ្យាល័យ​»​ប្រចាំឆ្នាំ​២០១៩ អម​ជាមួយ​ទឹកប្រាក់​ចំនួន​៦០​លាន​រៀល ក្រោយ​យកឈ្នះ​ក្រុម​វិទ្យាល័យ​ឬ​ស្សី​កែវ ២-១ ក្នុងជំនួប​ចុងក្រោយ នា​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​។ ពិធី​បិទ​ការប្រកួត​ជើងឯក​វិទ្យាល័យ​ធ្វើឡើង​ក្រោម​វត្តមាន​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំរាជធានី​ភ្នំពេញ​។ 

 
​ក្រោយ​ប្រកួត​សន្សំ​ពិន្ទុ​តាម​រូបមន្ត​វិលជុំ​អស់​រយៈពេល​ប្រមាណ​៨​ខែ ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវី បាន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​ពានរង្វាន់​ជើងឯក​វិទ្យាល័យ​ប្រចាំឆ្នាំ​២០១៩​។ តំណែង​ជើងឯក កើតឡើង​ក្រោយ​ពួកគេ​យកឈ្នះ​ក្រុម​វិទ្យាល័យ​ឬ​ស្សី​កែវ​ក្នុង​លទ្ធផល ២-១ នា​ជំនួប​សន្សំ​ពិន្ទុ​ចុងក្រោយ​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ពួកគេ​គ្រង​កំពូល​តារាង​ដោយមាន​៤៦​ពិន្ទុ ខណៈ​ក្រុម​លេខ​២​វិទ្យាល័យ​ឬ​ស្សី​កែវ​មាន​៤២​ពិន្ទុ​។ 
 
​ក្រៅពី​ពាន​និង​មេដាយមាស​ក្រុមយុវជន​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ទទួល​ប្រាក់រង្វាន់​ចំនួន​៦០​លាន​រៀល ដែល​ចំនួន​នេះ​ប្រហាក់ប្រហែល​នឹង​ប្រាក់រង្វាន់​ក្រុម​ជើងឯក​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ ក្រុម​លេខ​២​វិទ្យាល័យ​ឬ​ស្សី​កែវ​ទទួលបាន​ប្រាក់រង្វាន់​៤០​លាន​រៀល ខណៈ​ក្រុម​លេខ​បី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ទទួលបាន​២០​លាន​រៀល​។ ចំណែក​ក្រុម Fair Play សាលារៀន​វេ​ស្ទ​ឡា​ញន៍​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​២​លាន​រៀល​។ 


 
​នា​ជំនួប​ចុងក្រោយ​ដ៏​ស្វិត​ស្វាយ​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ កីឡាករ ជា ណារិន បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រុម​វិទ្យាល័យ​ឬ​ស្សី​កែវ​នៅ​នាទី​ទី​៣៥​។ ប៉ុន្តែ​ភាព​រីករាយ​របស់​អ្នកគាំទ្រ​ឬ​ស្សី​កែវ​បាន​រសាត់​ឆ្ងាយ​ទៅវិញ បន្ទាប់ពី​ខ្សែបម្រើ អាត អូន​តូច វាយបក​តាម​ស្មើ ១-១ ឲ្យ​ក្រុម​វិទ្យាល័យ​ឥន្ទ្រ​ទេវី​នៅ​៣​នាទី​បន្ទាប់​។ 
 
​សម្រែក​ទ្រហឹងអឺងកង​ពី​អ្នកគាំទ្រ​ឥន្ទ្រ​ទេវី​បាន​បន្ត​កើតឡើង​ម្តងទៀត បន្ទាប់ពី​កីឡាករ ស រតនា សម្រេច​គ្រាប់​បាល់​នាំមុខ ២-១ ឲ្យ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​នៅ​នាទី​ទី​៤៥ មុន​ចប់​វគ្គ​ទី​១​។ ឈានដល់​តង់​ទី​២ គ្មាន​គ្រាប់​បាល់​កើតឡើង​ឡើយ​សម្រាប់​ក្រុម​ទាំងពីរ ទោះ​ពួកគេ​បាន​ព្យាយាម​ដាក់​សម្ពាធ និង​បង្កើត​ឱកាស​ដាក់គ្នា​ទៅវិញទៅមក​ក៏ដោយ ហើយ​ពួកគេ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ 
 
​នៅក្នុង​ពិធី​បិទ​ការប្រកួត​ពានរង្វាន់​ជើងឯក​វិទ្យាល័យ ដែល​រៀបចំ​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ ធ្វើឡើង​ក្រោម​វត្តមាន​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក សាយ សំ​អាល់ រដ្ឋ​មន្ត្រ​ក្រសួង​បិ​រ​ស្ថាន និង​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំរាជធានី​ភ្នំពេញ​, លោកស្រី ពុ​ធី ធីតា ប្រធាន​ក្លិប​បាល់ទាត់​បឹងកេត និង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​៕  















Tag:
 កីឡា​ជាតិ​
  ជើងឯក​វិទ្យាល័យ​
  ឥន្ទ្រ​ទេវី
© រក្សាសិទ្ធិដោយ thmeythmey.com