អន្តរជាតិ
លោក ត្រាំ ស្នើ​ព្រឹទ្ធសភា​ឲ្យ​ប្រញាប់​បើកសវនាការ​រឿង​ដកតំណែង​
20, Dec 2019 , 11:50 am        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងនាកិច្ចប្រជុំរួមសភានាពេលកន្លងមក។ ខាងក្រោយខ្នង គឺអនុប្រធានាធិបតី ម៉ៃ ផេន និងប្រធានរដ្ឋសភា ណាន់ស៊ី ផេឡូស៊ី ។ រូបភាព AFP
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងនាកិច្ចប្រជុំរួមសភានាពេលកន្លងមក។ ខាងក្រោយខ្នង គឺអនុប្រធានាធិបតី ម៉ៃ ផេន និងប្រធានរដ្ឋសភា ណាន់ស៊ី ផេឡូស៊ី ។ រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៩ ខែធ្នូ បានស្នើ​ឲ្យ​ព្រឹទ្ធសភា​ប្រញាប់​បើកសវនាការ​លើ​សំណុំរឿង​ដកតំណែង ខណៈ​រដ្ឋសភា​បាន​ចោទប្រកាន់​លោក​ជា​ផ្លូវការ​ហើយ​នោះ​។ លោក ត្រាំ ក៏​ស្នើ​បក្ស​សាធារណរដ្ឋ​គ្រប់គ្រង​សវនាការ​នេះ​ឲ្យ​បានល្អ​ក្នុងនាម​ជា​បក្ស​សំឡេង​ភាគច្រើន ហើយ​ឆាប់​ផ្ដល់​ភាព​ស្អាតស្អំ​ដល់​រូបលោក​។ ប៉ុន្តែ​បក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា ទំនង​មិន​អនុញ្ញាត​ឲ្យ​លោក ត្រាំ រួចខ្លួន​ស្រួលៗ​ឡើយ​។​

 
​បន្ទាប់ពី​រដ្ឋសភា​បោះឆ្នោត​ចោទប្រកាន់​លើ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជា​ផ្លូវការ ដល់​វេន​ព្រឹទ្ធសភា​ធ្វើការ​វិញ​ម្ដង​។ តាមច្បាប់​អាមេរិក ព្រឹទ្ធសភា​អាមេរិក នឹង​ក្លាយជា​តុលាការ​កាត់ក្ដី​លើ​សំណុំ​រឿងនេះ​ថា ត្រូវ​បណ្ដេញ​លោក ត្រាំ ចេញពី​តំណែង​ឬ​យ៉ាងណា​។ សំឡេង​ពីរភាគបី ឬ​៦៧​នៃ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​១០០​រូប  ជា​សំឡេង​ចាំបាច់​បំផុត​ដើម្បី​ដក​លោក ត្រាំ បាន​។ 
 
​បច្ចុប្បន្ននេះ ការចោទប្រកាន់​លោក ត្រាំ មិនទាន់​ត្រូវបញ្ជូន​ទៅកាន់​ព្រឹទ្ធសភា​ទេ ដោយ​ប្រធានរដ្ឋសភា​អាមេរិក ណាន់​ស៊ី ផេ​ឡូ​ស៊ី រង់ចាំ​ឲ្យ​ព្រឹទ្ធសភា​ឯកភាពគ្នា​លើ​បញ្ញត្តិ និង​នីតិវិធី​របស់​សវនាកា​រ​សិន​។​លើសពីនេះ អ្នកស្រី ផេ​ឡូ​ស៊ី ក៏​មិនទាន់​បញ្ចេញ​ឈ្មោះ​សមាជិក​ព្រឹទ្ធសភា​ដែល​នឹងត្រូវ​ដើរតួ​ជា​រដ្ឋអាជ្ញា​ក្នុងការ​កាត់ក្ដី​នេះដែរ​។ ប៉ុន្តែ​លោក ត្រាំ ឯណោះ​វិញ ហាក់​អន្ទះអន្ទែង និង​ចង់បាន​សវនាការ​មួយ​ឲ្យ​បាន​លឿន​បំផុត​។​
 
«​ខ្ញុំ​ចង់បាន​សវនាការ​ឲ្យ​បាន​លឿន​។​» នេះ​ជា​ទាមទារ​របស់លោក ត្រាំ នៅលើ Twitter របស់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែធ្នូ​។ ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​១៨ រដ្ឋសភា​អាមេរិក បាន​ចោទ​លោក ត្រាំ លើ​ករណី​ចំនួន​ពីរ គឺ​រំលោភ​អំណាច និង​រារាំង​ដំណើការ​សភា ហើយ​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី​បី​ដែល​ត្រូវ​ចោទ​បែបនេះ​។ ប៉ុន្តែ​លោក ត្រាំ នៅតែ​ចាត់ទុក​ការចោទប្រកាន់​នេះ ជា​រឿង​មិន​ពិត និង​ជា​ការតាមប្រមាញ់​របស់​បក្ស​ប្រជាធិបតេយ្យ​។ 
 
​លោក ត្រាំ បាន​ប្រាប់​ទៅ​បក្ស​ប្រជាធិបតេយ្យ​ដែរ​ថា ពួកគេ​នឹង​ចាញ់ក្ដី បើ​មិនមាន​វត្តមាន​ក្នុង​សវនាការ​ទេនោះ​។ តាម​ការគ្រោងទុក សវនាការ​កាត់ក្ដី​លោក ត្រាំ រំពឹង​ធ្វើឡើង​នៅ​ដើមខែ​មករា ឆ្នាំ​២០២០ ។ យ៉ាងណាមិញ បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ មិនទាន់​រកឃើញ​ចំណុចរួម​ដើម្បី​ដំណើការ​សវនាការ​នៅឡើយ​ទេ​។ ចំណុច​ខ្ទាស់​ធំជាងគេ គឺ​បក្ស​ប្រជាធិបតេយ្យ ចង់​ឲ្យ​សាក្សី​សំខាន់ៗ​មួយចំនួន ចូលរួម​ផ្ដល់​សក្ខីកម្ម ប៉ុន្តែ​បក្ស​សាធារណរដ្ឋ​បដិសេធ​។ 
 
​ក្នុង​សវនាការ បើ​សមាជិក​ព្រឹទ្ធសភា​៦៧ សម្រេច​ថា លោក ត្រាំ មាន​កំហុស នោះ​លោក​នឹងត្រូវ​អស់តំណែង ហើយ​ជំនួស​ដោយ​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន ។ ប៉ុន្តែ​សំឡេង​៦៧ នេះ មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​បក្ស​ប្រជាធិបតេយ្យ​ដែលមាន​សំឡេង​តែ​៤៧ ទល់នឹង​បក្ស​សាធារណរដ្ឋ​ដែលមាន​៥៣​សំឡេង​។ ទាល់​តែមាន​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​សាធារណរដ្ឋ​គាំទ្រ​ខ្លះ​ទើប​គោលដៅ​ដកតំណែង​នេះ បានសម្រេច​។​
 
​យ៉ាងណាក្ដី រឿងនេះ​ទំនង​មិនអាច​កើតឡើង​ព្រោះ​បក្ស​សាធារណរដ្ឋ​ជឿថា ការចោទប្រកាន់​លោក ត្រាំ តាំងពីដើម​រៀងមក ជា​រឿង​នយោបាយ​ច្រើនជាង​ដំណើការ​ស៊ើបអង្កេត​បទ​ឧក្រិដ្ឋ​។ លោក ត្រាំ ផ្ទាល់ ក៏​ជឿជាក់​លើ​សមាជិក​បក្សរ​បស់​លោក​ដែរ ទើប​ស្នើ​ឲ្យ​ឆាប់​សវនាការ ន្អា​ល​ផ្ដល់​ភាព​ស្អាតស្អំ​ឲ្យ​រូបលោក​វិញ​នោះ​៕ 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com