ក្រុមហ៊ុន​បង្កើត​ថ្មី Startup និង​ក្រុមហ៊ុន​ធំៗ​នៅ​ម៉ាឡេស៊ី​ចាប់​ដៃគូ​ដើម្បី​រៀនសូត្រ​ពីគ្នា​
អន្តរជាតិ
ក្រុមហ៊ុន​បង្កើត​ថ្មី Startup និង​ក្រុមហ៊ុន​ធំៗ​នៅ​ម៉ាឡេស៊ី​ចាប់​ដៃគូ​ដើម្បី​រៀនសូត្រ​ពីគ្នា​
21, Dec 2019 , 8:59 am        
រូបភាព
ស្ត្រី​ម្នាក់​ដើរ​កាត់​បញ្ជរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia នៅ​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​គូឡាឡាំពួ កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។
ស្ត្រី​ម្នាក់​ដើរ​កាត់​បញ្ជរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia នៅ​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​គូឡាឡាំពួ កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។
ដោយ: VOA
​គំរូ​ផ្គូផ្គង​ក្រុមហ៊ុន​នេះ​អាច​ក្លាយជា​និន្នាការ​គួរឱ្យ​ចាប់អារម្មណ៍ ដោយ​ម៉ាឡេស៊ី​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ខ្លាំង​បំផុត​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី​។​

 
​ប្រទេស​ម៉ាឡេស៊ី​មានគំនិត​មួយ​ដែល​អាច​នឹង​ជួយ​ក្រុមហ៊ុន​បង្កើត​ថ្មី startups ដែលជា​ធម្មតា​មិនមាន​មូលនិធិ ឬ​បទពិសោធន៍​ច្រើន ហើយក៏​អាចជួយ​ដល់​ក្រុមហ៊ុន​បង្កើត​យូរយារ​មកហើយ​កាន់តែច្រើន ដែល​ក្រុមហ៊ុន​ទាំងនោះ​ភាគច្រើន​ខ្លាច​ថា នឹងមាន​គូប្រជែង​ថ្មី​។​
 
​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​កំពុង​ចាប់​ដៃគូ​គ្នា ដោយ​ក្រុមហ៊ុន​ថ្មី និង​ក្រុមហ៊ុន​ចំណាស់​ចូលរួម​ជាមួយគ្នា ដើម្បី​ទទួលបាន​ប្រយោជន៍​ពី​ចំណុចខ្លាំង​របស់​ភាគី​ទាំងសងខាង និង​អាចជួយ​គ្នា​គេច​ផុតពី​ចំណុចខ្សោយ​របស់​ពួកគេ​។ គំរូ​នេះ​អាច​ក្លាយជា​និន្នាការ​គួរឱ្យ​ចាប់អារម្មណ៍ ដោយ​ម៉ាឡេស៊ី​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ខ្លាំង​បំផុត​នៅក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី​។ ម៉ាឡេស៊ី​ជា​កន្លែង​នៃ​ការបង្កើត​ក្រុមហ៊ុន​ជាច្រើន ដែល​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ពួកគេ​ទៅ​ប្រទេស​ផ្សេងទៀត រាប់​ចាប់ពី​ក្រុមហ៊ុន​បង្កើត​ថ្មី ដូចជា​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​អ្នកដំណើរ Grab រហូតដល់​ក្រុមហ៊ុន​ធំៗ​ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia​។​
 
​ជា​ឧទាហរណ៍​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ពហុ​ជាតិ​សាសន៍​ដែលមាន​ឈ្មោះថា PwC (PricewaterhouseCoopers) បាន​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​បង្កើត​ថ្មី​ដូចជា ក្រុមហ៊ុន Supahands ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ម៉ាស៊ីន​ចេះ​រៀន​ដើម្បី​ជួយ​អតិថិជន​ក្នុង​ការវិភាគ​ទិន្នន័យ​ទំហំ​ធំ Big Data ក្រុមហ៊ុន​ពាណិជ្ជកម្ម​អន​ឡាញ​ឈ្មោះ Dropee និង​ក្រុមហ៊ុន​សិក្សា​ទីផ្សារ​ឈ្មោះ Involve Asia​។​
 
​លោក Sridharan Nair ដែលជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន PwC ក្នុងប្រទេស​ម៉ាឡេស៊ី និយាយ​ពី​ក្រុមហ៊ុន​បង្កើត​ថ្មី​ថា​៖ «​ពួកគេ​បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត និង​ការតាំង​ចិត្ត​ក្នុងការ​រៀនសូត្រ និង​ផ្លាស់ប្តូរ​ចំណេះដឹង​ជាមួយនឹង​ដៃគូ​របស់ PwC ដែល​ពួកគេ​ត្រូវបាន​រើស​ឱ្យធ្វើ​ការ​ជាមួយ​។ ការយល់ដឹង​ដែល​ពួកគេ​បាន​ចែករំលែក​ជាមួយនឹង​ដៃគូ​របស់​យើង​នៅក្នុង​កម្មវិធី​មានតម្លៃ​ខ្លាំងណាស់​សម្រាប់ PwC ដោយសារតែ​វា​ជួយ​ធ្វើឱ្យ​ការយល់ដឹង​របស់​យើង​មាន​ភាព​ស៊ីជម្រៅ​ចំពោះ​ការវិនិយោគ​ដែល​ពួកគេ​បានចាប់ផ្តើម​ក្នុង​ការធ្វើ​ឌីជីថល​នីយកម្ម​អង្គភាព​របស់​ពួកគេ និង​វិធីសាស្ត្រ​របស់​ពួកគេ​ក្នុងការ​ប្រឡូក​ក្នុង​ការធ្វើ​ជំនួញ​បែប​ថ្មី​»​។​
 
​ក្រុមហ៊ុន​បង្កើត​ថ្មី​អាច​ប្រើប្រាស់​ជំនាញ​របស់​ដៃគូ PwC ដូចជា ហិរញ្ញប្បទាន និង​ការបោះ​ផ្សាយ​លក់​ភាគហ៊ុន​ជា​សាធារណៈ​ជា​លើកដំបូង​។ នៅពេល​ជាមួយគ្នា វា​មាន​សារៈសំខាន់​សម្រាប់​ក្រុមហ៊ុន​ធំៗ​ដើម្បី​ពួកគេ​អាច​មើលឃើញថា តើ​ក្រុមហ៊ុន​តូចៗ​ជាង​ពួកគេ​ធ្វើការ​ពិសោធន៍​ថ្មី​យ៉ាងដូចម្តេច​។ ដោយ​ការ​ផ្តោតអារម្មណ៍​ខ្លាំង​លើ​អនុលោមភាព ដំណើរការ​ក្រុមហ៊ុន​ដូចជា PwC ត្រូវ​អនុញ្ញាត និង​ឆ្លងកាត់​ដំណើរការ​ការិយាល័យ​ធិបតេយ្យ​ច្រើនជាង ដែល​មិនអាច​ធ្វើឱ្យ​ពួកគេ​មាន​សកម្មភាព​បាន​លឿន​ដូច​ក្រុមហ៊ុន​បង្កើត​ថ្មី​នោះទេ​។ 
 
​អ្នកគាំទ្រ​មើលឃើញថា ការប្រឹក្សា​គ្នា​ទៅវិញទៅមក​នេះ ជា​វិធី​មួយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង (emerging markets) អាច​អភិវឌ្ឍ​បន្ត​ឡើង​។​
 
​លោក Norhizam Abdul Kadir ជា​អនុប្រធាន​ផ្នែក​ការអភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​កំណើនសេដ្ឋកិច្ច​នៅ​ក្រុមហ៊ុន Malaysia Digital Economy Corp ដែលជា​ទីភ្នាក់ងារ​រដ្ឋា​ភិ​បាល និង​មាន​គោលដៅ​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច​ឌីជីថល​។​
 
​ភាពជា​ដៃគូ​ជា​គំនិត​មួយ​ក្នុងការ​ផ្តួចផ្តើម​ជំរុញ​កំណើនសេដ្ឋកិច្ច​។ ការប្រើប្រាស់​និង​ការនាំចេញ​ត្រីមាស​ទី​៣​របស់​ម៉ាឡេស៊ី​មិន​រីកចម្រើន​ខ្លាំង​ដូច​អ្វីដែល​អ្នក​សុទិដ្ឋិនិយម​បាន​សង្ឃឹមទុក​នោះទេ ហើយ​ប្រទេស​នេះ​កំពុង​រង់ចាំ​ឱ្យ​សហរដ្ឋអាមេរិក និង​ចិន​ដោះស្រាយ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម ដែល​ប៉ះពាល់​ដល់​តម្រូវការ​នៃ​ផលិតផល​ម៉ាឡេស៊ី​។​
 
​នៅក្នុងពេល​ជាមួយគ្នានេះ ម៉ាឡេស៊ី​បាន​កាត់បន្ថយ​ភាពក្រីក្រ​របស់ខ្លួន និង​កំពុង​បោះជំហាន​ទៅរក​ឋានៈ​ផ្លូវការ​ក្នុងនាម​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​។ តួនាទី​របស់​ម៉ាឡេស៊ី​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កិច្ចសហការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ឆ្នាំក្រោយ​នឹង​អាចធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​ឥទ្ធិពល​កាន់តែច្រើន​ទៅលើ​និន្នាការ​នានា​នៅ​អាស៊ីអាគ្នេយ៍​។​
 
​លោក Nic Chambers ដែលជា​នាយក​ថ្នាក់​តំបន់​របស់​ក្រុមហ៊ុន Michael Page Malaysia ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ធនធានមនុស្ស​បាន​និយាយថា​៖ «​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គារ​វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum) ប្រទេស​ម៉ាឡេស៊ី​ទទួលបាន​ចំណាត់ថ្នាក់​ទី​៣​នៅក្នុង​ពិភពលោក​សម្រាប់​ក្រុមហ៊ុន​ដែល​បាន​ត្រៀមខ្លួន​ទទួលយក​គំនិត​ច្នៃប្រឌិត​ថ្មីៗ និង​ទី​៤​ជារួម​សម្រាប់​វប្បធម៌​សហគ្រិនភាព​របស់ខ្លួន​។ សហគមន៍​អាជីវកម្ម​ក្នុងស្រុក​ទទួលបាន​ប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល ដូចជា​ឧស្សាហកម្ម​៤.០ ដែល​លើកកម្ពស់​ដំណើរការ​ស្វ័យប្រវត្តិកម្ម និង​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ​ទៅក្នុង​ប្រទេស​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com