អន្តរជាតិ
ខួប២០ឆ្នាំ៖ លោក ស៊ី សរសើរម៉ាកាវដែលគិតគូរប្រយោជន៍ប្រទេស និងស្នេហាជាតិ ប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងក្នុងពិធីស្បថចូលកាន់តំណែងប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ។ រូបភាព AFP
× ថ្ងៃទី២០ ខែធ្នូ ជាខួបទី២០ ដែលព័រទុយហ្កាល់ប្រគល់ម៉ាកាវឲ្យចិនវិញ។ ចិនគ្រប់គ្រងម៉ាកាវក្រោមរូបមន្ត «ប្រទេសមួយ ប្រព័ន្ធពីរ» ដូចហុងកុងដែរ។ ប្រធានាធិបតីចិន ស៊ី ជិនភីង បាននិយាយសរសើរម៉ាកាវថា ២០ឆ្នាំមកនេះ ម៉ាកាវបានរីកចម្រើនឆាប់រហ័ស មានស្ថិរភាព និងពោរពេញដោយការស្នេហាមាតុភូមិ។ ប៉ុន្តែលោក ស៊ី ក៏ឆ្លៀតរំឭកដែរថា មិនថាម៉ាកាវ ឬហុងកុង គឺជារឿងផ្ទៃក្នុងរបស់ចិន។
ទីក្រុងម៉ាកាវ កំពុងរំឭកខួបទី២០ នៃការក្លាយជាទឹកដីចិនម្ដងទៀត បន្ទាប់ពីត្រូវបានព័រទុយហ្កាល់ផ្ទេរសិទ្ធិគ្រប់គ្រងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៩ ។ ចិន ក៏អនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធដើម្បីគ្រប់គ្រងម៉ាកាវ។ ម៉ាកាវ ក៏ក្លាយជាតំបន់រដ្ឋបាលពិសេសមួយរបស់ចិនដែលមានស្វ័យភាពកម្រិតខ្ពស់ផ្នែករដ្ឋបាល ក៏ដូចជាសេដ្ឋកិច្ចដូចហុងកុងដែរ ប៉ុន្តែនៅហុងកុងវិញ កំពុងរំជើបរំជួលដោយសារបាតុកម្មជាង៦ខែមកហើយ។
ប្រធានាធិបតីចិន ស៊ី ជិនភីង សាទរម៉ាកាវចំពោះស្ថិរភាពរបស់ខ្លួន។ ដូរពីការប្រើពាក្យខ្លាំងៗ និងដាច់ណាត់ដាក់ហុងកុងជាទីដែលបាតុករគាំទ្រប្រជាធិបតេយ្យរាប់ម៉ឺនាក់អុកឡុករាល់សប្ដាហ៍តាំងពីខែមិថុនាមក លោក ស៊ី បាននិយាយសរសើរតំបន់រដ្ឋបាលពិសេសមួយនេះដែលអនុវត្តជោគជ័យគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ និងបានអរគុណប្រជាជនម៉ាកាវដែលមានគំនិតស្នេហាជាតិ និងក្ដីបារម្ភពីប្រយោជន៍ជាតិ។
ថ្លែងក្នុងពិធីស្បថចូលកាន់តំណែងប្រធានប្រតិបត្តិម៉ាកាវថ្មីដែលធ្វើឡើងនៅចំថ្ងៃខួបទី២០ឆ្នាំនេះ លោក ស៊ី បញ្ជាក់ថា៖ «សេចក្ដីស្នេហាជាតិរបស់ម៉ាកាវ ជាមូលហេតុសំខាន់នៃជោគជ័យរបស់រូបមន្តដឹកនាំតាមប្រទេសមួយប្រទេសពីរ។ ជោគជ័យនេះ ក៏ប្រាប់យើងដែរថា ការអនុវត្តគោលការណ៍នេះ [ប្រទេសមួយ ប្រព័ន្ធពីរ] អាចបន្តទៅមុខយូរអង្វែងបាន នៅពេលយើងធានាថា វាមិនត្រូវបានបំភ្លៃប៉ុណ្ណោះ»។
ប្រធានាធិបតីចិន បានបញ្ចប់សុន្ទរកថារបស់ខ្លួនជាមួយនឹងសារទាក់ទងពីអធិបតេយ្យរបស់ចិនលើទឹកដីម៉ាកាវ និងហុងកុង។ ត្រង់ចំណុចនេះ លោកអះអាងថា បន្ទាប់ពីម៉ាកាវ និងហុងកុង ត្រូវបានប្រគល់ឲ្យចិនវិញ កិច្ចការនៃតំបន់រដ្ឋបាលពិសេសទាំងពីរនេះ គឺជាកិច្ចការផ្ទៃក្នុងទាំងស្រុងរបស់ចិន ហើយមិនត្រូវការការចង្អុលណែនាំណាមួយពីកម្លាំងខាងក្រៅ។ បើតាមលោក ស៊ី ឆន្ទៈរបស់រដ្ឋាភិបាលចិន និងប្រជាជនចិន នឹងការពារអធិបតេយ្យជាតិ និងសន្តិសុខ គឺរឹងដូចថ្ម។
ទាំងម៉ាកាវ ទាំងហុងកុង សុទ្ធតែមានទទួលបានសិទ្ធិពិសេសពីរដ្ឋាភិបាលមជ្ឈិមដូចគ្នា។ ប៉ុន្តែខណៈដែលម៉ាកាវមានសភាពស្ងប់ស្ងាត់នោះ នៅហុងកុងកំពុងកក្រើកដោយបាតុកម្មទាមទារប្រជាធិបតេយ្យ ខណៈបានចោទប៉េកាំងថា ព្យាយាមកាត់បន្ថយសិទ្ធិស្វ័យភាព។ ប៉េកាំង បានទាត់ចោលការចោទប្រកាន់នេះ ហើយតែងប្រកាសថា គោលការណ៍ប្រទេសមួយប្រព័ន្ធពីរនៅតែអនុវត្តដដែល។ ដោយសារម៉ាកាវមានស្ថិរភាព ចិនទំនងជាចង់ប្រែក្លាយទីក្រុងនេះជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំផងដែរ៕
Tag:
ចិន
ស៊ី ជិនភីង
ម៉ាកាវ
ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com