​សារមន្ទីរ​កូរ៉េខាងជើង​នៅ​សៀមរាប បិទទ្វារ​បណ្តោះអាសន្ន​តាំងពី​ថ្ងៃទី​២៥ ខែវិច្ឆិកា​
ជាតិ
​សារមន្ទីរ​កូរ៉េខាងជើង​នៅ​សៀមរាប បិទទ្វារ​បណ្តោះអាសន្ន​តាំងពី​ថ្ងៃទី​២៥ ខែវិច្ឆិកា​
20, Dec 2019 , 3:44 pm        
រូបភាព
ភ្ញៀវទេសចរជិះរ៉ឺម៉កកង់បីកាត់សារមន្ទីរសព្វទស្សន៍អង្គរនារសៀលថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៩
ភ្ញៀវទេសចរជិះរ៉ឺម៉កកង់បីកាត់សារមន្ទីរសព្វទស្សន៍អង្គរនារសៀលថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៩
​សៀមរាប​៖ សារមន្ទីរ​ដ៏​ធំ​ស្កឹមស្កៃ​និង​ទំនើប​របស់​ប្រទេស​កូរ៉េខាងជើង គឺ​សារមន្ទីរ​សព្វទស្សន៍​អង្គរ ឬ Angkor PANORAMA Museum បានប្រកាស​បិទទ្វារ​ប​ណ្ដោះ​អាសន្ន ។ មិនមាន​ការបញ្ជាក់​ពី​ការបិទទ្វារ​នេះ​ទេ តែ​គេ​សង្កេតឃើញថា មាន​ក្រុមហ៊ុន​និង​អាជីវកម្ម​មួយចំនួន​ដែល​កាន់កាប់​ដោយ​កូរ៉េខាងជើង បាន​បិទទ្វារ​ជា​បន្តបន្ទាប់​នៅ​ក្រុង​សៀមរាប​។​

 
​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សារមន្ទីរ​សព្វទស្សន៍​អង្គរ ដែល​បិទ​នៅមុខ​ទ្វារ​ចូល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖« សារមន្ទីរ​ត្រូវបាន​ផ្អាក​ប្រតិបត្តិការ​អាជីវកម្ម​ជាប​ន្ទា​ន់ និង​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃទី​២៥ ខែ វិច្ឆិកា នេះ​តទៅ​»​។ ក្នុង​សេចក្ដីជូនដំណឹង​នោះ ធ្វើឡើង​ដោយ​នាយក​ប្រតិបត្តិ លោក RI KYONG IL ។​
 
​សារព័ត៌មាន ThmeyThmey បាន​ព្យាយាម​ទាក់ទង​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​សុំ​ការបញ្ជាក់​ពី​រឿងរ៉ាវ​ទាំងនេះ តែ​ពុំមាន​ចម្លើយ​។ ប្រភពពី​បុគ្គល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា ក្រុមហ៊ុន​កូរ៉េខាងជើង​ប្រកាស​បិទ​សារមន្ទីរ​ភ្លាមៗ និង​ប្រគល់​ការគ្រប់គ្រង​ទាំងមូល​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា​ជា​បណ្ដោះអាសន្ន​។ បុគ្គលិក​ដែល​បម្រើ​ការងារ​ក្នុង​សារមន្ទីរ​ទាំងអស់ ត្រូវបាន​ផ្ទេរ​ទៅធ្វើ​ការ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​ជា​បណ្ដោះអាសន្ន រហូត​សារមន្ទីរ​បើក​ដំណើរការ​ឡើងវិញ​។ ប្រភព​បន្តថា សារមន្ទីរ​នេះ​នឹង​បើក​ដំណើរការ​ឡើងវិញ​នាពេល​ឆាប់ៗ​ខាងមុខ​។​
 
​សារមន្ទីរ​សព្វទស្សន៍​អង្គរ បាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៤ ធ្នូ ឆ្នាំ​២០១៥ មកដល់ពេលនេះ​គឺមាន​រយៈពេល​៤​ឆ្នាំ​គត់​។ សារមន្ទីរ​នេះ​កសាង​ដោយ​ក្រុមហ៊ុន ម៉ាន​សូ​ឌេ របស់​សាធារណរដ្ឋ​កូរ៉េ និង​អាជ្ញាធរ​ជាតិ​អប្សរា​។ ក្រុមហ៊ុន​នេះ​បានចាប់ផ្តើម​សាងសង់​នៅ​ខែ សីហា ឆ្នាំ​២០១១ និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ខែ កញ្ញា ឆ្នាំ​២០១៥​។ ខុសពី​សារមន្ទីរ​ទូទៅ ឬ​រូប​បដិមា​ទេ គឺជា​សារមន្ទីរ 3D ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​បំពាក់​គ្រឿង​បរិក្ខា​ទំនើបៗ​។ ប្រវត្តិ​ប្រាសាទ ប្រវត្តិ​ព្រះមហាក្សត្រ​ខ្មែរ​សម័យបុរាណ មាន​បញ្ចូល​ក្នុង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ដែល​អាចឱ្យ​អ្នកទស្សនា​ចុច​មើល និង​អាន​បាន​ដោយ​ងាយស្រួល​។​ល​៕

Tag:
 សារមន្ទីរ​កូរ៉េខាងជើង​
  សារមន្ទីរ​សព្វទស្សន៍​អង្គរ​
  អប្សរា​
© រក្សាសិទ្ធិដោយ thmeythmey.com