អន្តរជាតិ
តុលាការ​ប៉ា​គី​ស្ថាន​៖ បើ​ស្លាប់​មុន​ទទួលទោស​ប្រហារជីវិត សព Musharraf គប្បី​ដាក់​ព្យួរ​៣​ថ្ងៃ​
20, Dec 2019 , 8:19 pm        
រូបភាព
អតីតប្រធានាធិបតីប៉ាគីស្ថាន Pervez Musharraf ដែលត្រូវកាត់ទោសប្រហារជីវិតពីបទក្បត់ជាតិ
អតីតប្រធានាធិបតីប៉ាគីស្ថាន Pervez Musharraf ដែលត្រូវកាត់ទោសប្រហារជីវិតពីបទក្បត់ជាតិ
ដោយ:
​សាកសព​របស់​អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន Pervez Musharraf គួរតែ​ត្រូវយក​មកកាន់​កណ្ដាលរ​ដ្ឋ​ធានី អ៊ី​ស្លា​ម៉ា​បាដ នៃ​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​ព្យួរ​រយៈពេល ៣ ថ្ងៃ ប្រសិនបើ​លោក​ស្លាប់​មុន​ទទួលទោស​ប្រហារជីវិត​។ តុលាការ​ពិសេស​មួយ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន បញ្ជាក់​បែបនេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៩ ខែធ្នូ​។ សព្វថ្ងៃ លោក Musharraf កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​នៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។

 
​តុលាការ​ពិសេស​ដែលមាន​សមាជិក​៣​នាក់ បាន​កាត់ទោស​ប្រហារជីវិត​កំបាំងមុខ លោក Musharraf អាយុ ៧៦​ឆ្នាំ ពីបទ ក្បត់ជាតិ ក្នុង​រឿងក្តី​ដែល​អូសបន្លាយ​ជាង​៦​ឆ្នាំ​។ ក្នុង​សាលក្រម​លម្អិត​ចំនួន​១៦៧​ទំព័រ តុលាការ​ពិសេស​នេះ បាន​បញ្ជាក់ថា​៖«​ជន​ដែល​ត្រូវ​កាត់ទោស ត្រូវ​ព្យួរ​ក រហូតដល់​ស្លាប់​»​។ 
 
​បើតាម​សារព័ត៌មាន The Times of India ប្រធាន​យុត្តិធម៌​តុលាការ​ជាន់ខ្ពស់​ម្នាក់​ដែល​ដឹកនាំ​តុលាការ​ពិសេស​នេះ Waqar Ahmad Seth បានលើកឡើង​ទៀតថា លោក Musharraf គួរតែ​ត្រូវ​ព្យួរ​នៅ​ទីសាធារណៈ ប្រសិនបើ​លោក​ស្លាប់ មុន​ទទួលទោស​ប្រហារជីវិត​របស់លោក​។ 
 
​ត្រង់នេះ លោក និយាយ​ដូច្នេះ​៖«[…] ប្រសិនបើ​រកឃើញថា​ស្លាប់ សាកសព [​លោក Musharraf] គួរ​ត្រូវយក​ទៅកាន់​តំបន់ D-Chowk ក្នុង​រដ្ឋធានី អ៊ី​ស្លា​ម៉ា​បាដ នៃ​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​ព្យួរ​រយៈពេល ៣ ថ្ងៃ​»​។ គួរ​កត់សម្គាល់ថា តំបន់ D-Chowk ឬ Democracy Chowk គឺជា​ទីកន្លែង​ជិត​នឹង​អគារ​រដ្ឋាភិបាល​សំខាន់​មួយចំនួន ដូចជា ការិយាល័យ​នាយករដ្ឋមន្ត្រី សភា និង​តុលាការ​កំពូល ជាដើម​។ 
 
​យ៉ាងណាក៏ដោយ យោធា​ប៉ា​គី​ស្ថាន តាមរយៈ​អ្នកនាំពាក្យ ខឹងសម្បារ​ជាខ្លាំង​ចំពោះ​សាលក្រម​លម្អិត​របស់​តុលាការ​ពិសេស​នេះ  ដោយ​អះអាងថា សាលក្រម​នេះ គឺ​ប្រឆាំងនឹង​តម្លៃ​អារ្យធម៌ សាសនា មនុស្សជាតិ និង​តម្លៃ​ដទៃ​ផ្សេងទៀត​។ 
 
​ទន្ទឹមនេះ សាលក្រម​នេះ ក៏​កើតឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី​លោក Musharraf បានលើកឡើង​ជា​សំណួរ​ពាក់ព័ន្ធ​ការជំនុំជម្រះ​របស់​តុលាការ​ពិសេស​នេះ ដោយ​និយាយថា សាលក្រម​នេះ គឺ​ផ្អែកលើ «​គំនុំសងសឹក​ផ្ទាល់ខ្លួន​» របស់​មនុស្ស​ខ្លះ មកលើ​រូបលោក​។ តាមរយៈ​វីដេអូ​ដែល​បង្ហោះ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន​ដែល​មានទោស​ក្បត់ជាតិ​នេះ កំពុង​សម្រាក​ព្យាបាល​លើ​គ្រែ​មន្ទីរពេទ្យ​មួយ ដោយ​មើលទៅ​ទន់ខ្សោយ ហើយ​និយាយ​សឹង​មិន​រួច​។​
 
​សូមបញ្ជាក់ថា លោក​អតីត​ប្រធានាធិបតី Musharraf បាន​ព្យួរ​រដ្ឋធម្មនុញ្ញ​ក្នុង​ឆ្នាំ​២០០៧ ហើយ​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន ដែល​ក្រោម​មាត្រា ៦ នៃ​រដ្ឋធម្មនុញ្ញ​របស់​ប៉ា​គី​ស្ថាន គឺជា​ទង្វើ​ក្បត់ជាតិ ដែល​ត្រូវ​កាត់ទោស​ប្រហារជីវិត​។ លោក គឺជា​មេដឹកនាំ​យោធា​ទីមួយ​ដែល​ទទួលទោស​ប្រហារជីវិត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប៉ា​គី​ស្ថាន​។ 
 
​ការកាត់ទោស​លោក គឺជា​រឿង​ធំ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន ដែល​យោធា​ដែលមាន​ឥទ្ធិពល​ខ្លាំង បាន​ដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​នេះ​អស់​ពេល​ជិត​ពាក់កណ្ដាល​នៃ​ប្រវត្តិសាស្ត្រ​៧២​ឆ្នាំ​របស់ខ្លួន​។ លោក បាន​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​១៩៩៩ ដោយ​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​របស់​អតីត​នាយករដ្ឋមន្ត្រី Nawaz Sharif ហើយ​បាន​ដឹកនាំ​ប្រទេស​អស់​ពេល​៩​ឆ្នាំ​។ ក្នុង​ឆ្នាំ​២០០៨ លោក​បាន​សុំលាលែង​ពី​តំណែង​ជា​ប្រធានាធិបតី​ទី​១០​របស់​ប៉ា​គី​ស្ថាន ក្រោយពី​បក្សប្រឆាំង​បាន​ព្យាយាម​បណ្តេញ​រូបលោក​ពី​តំណែង​កំពូល​នេះ​៕

Tag:
 ប៉ា​គី​ស្ថាន​
  Pervez Musharraf
  តុលាការ​ពិសេស​
  ក្បត់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com