ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​បើក​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត
20, Dec 2019 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការសិក្សា​កន្លងមករ​បស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA) បានចេញ​លទ្ធផល​ថា​ត្រូវ​ចំណាយ​ជាង​២​ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា មិន​ចង់​ចំណាយលុយ​ដ៏​ច្រើន​សម្រាប់​គម្រោង​នេះ​ទេ ដោយ​ចង់​ឲ្យ​ក្រុមហ៊ុន​ឯកជន​មក​វិនិយោគ​តែម្ដង ដូចគ្នា​នឹង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែរ​។ បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ជាមួយ​ក្រុម​ឯកជន​មួយ ដែល​ទុក​រយៈ​៨​ខែ សម្រាប់​សិក្សា​លម្អិត​លើ​គម្រោង​នេះ មុននឹង​សម្រេច​ចុងក្រោយ​ថា​ក្រុមហ៊ុន​ព្រម​វិនិយោគ ឬ​មិន​។​



​សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ថ្លែងប្រាប់​អ្នកកាសែត​នាឱកាស​លោក​ចុះ​ត្រួតពិនិត្យ​បញ្ហា​កកស្ទះ​រថយន្ត​ដឹកជញ្ជូន​នៅ​ច្រក​បាវិត នៅ​ថ្ងៃទី​១៩​ខែធ្នូ​៖



 
​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ដែល​ឯកភាពគ្នា​លើ​តំបន់​ត​ភ្ជាប់​រវាងផ្លូវ​ល្បឿន​លឿន​របស់​កម្ពុជា និង​ផ្លូវ​ល្បឿន​លឿន​របស់​វៀតណាម​។ លោក​បន្ត​ឲ្យ​ដឹង​ដូច្នេះ​ទៀតថា​៖«​នៅ​ចន្លោះ​ផ្លូវ​ល្បឿន​លឿន និង​ផ្លូវជាតិ​លេខ​១​របស់​យើង​នេះ គឺ​អាចមាន​ទីតាំង​ដើម្បី​បង្កើត​តំបន់​ត្រួតពិនិត្យ​ថ្មី​មួយទៀត អ៊ីចឹង​ឡាន​ដឹកទំនិញ​ចូល​ទីនោះ​(​ចូល​ពិនិត្យ​)​ហើយ ចង់​បើក​តាម​ផ្លូវជាតិ​លេខ​១​ក៏បាន ចង់​ឡឿ​ង​ទៅ​ផ្លូវ​ល្បឿន​លឿន​ក៏បាន​ដែរ​»​។​
 
​គួរ​បញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត នឹង​ក្លាយជា​ផ្លូវ​ល្បឿន​លឿនទី​២​របស់​កម្ពុជា បើសិន​គម្រោង​នេះ​ដំណើរការ ខណៈ​ផ្លូវ​ល្បឿន​លឿនទី​១​របស់​កម្ពុជា ភ្នំពេញ​ព្រះ​-​សីហនុ តម្លៃ​២​ពាន់​លាន​ដុល្លារ កំពុង​ដំណើការ​សាងសង់ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២២៕

Tag:
 ស៊ុន ចាន់ថុល​
  ផ្លូវ​ល្បឿន​លឿន​
  បាវិត
© រក្សាសិទ្ធិដោយ thmeythmey.com