ONE Championship
កីឡាជាតិ
ជាតិ
នៅ ស្រី​ពៅ សរសើរ​ម្ចាស់​ខ្សែក្រវាត់​ពីរ Stamp Fairtex ដែលមាន​ចំណុច​យក​គំរូ​តាម​
20, Dec 2019 , 9:39 pm        
រូបភាព
ដោយ៖ស៊ី​ធី
 
​កីឡាការិនី​មាន​ប្រជាប្រិយភាព នៅ ស្រី​ពៅ សរសើរ​ដល់​ម្ចាស់​ខ្សែក្រវាត់​កម្រិត​ពិភពលោក​ពីរ​ស្ថាប័ន STAMP FAIRTEX  អំពី​ចំណុច​ល្អៗ​មួយចំនួន ហើយ​ថែមទាំង​អាច​យក​ជា​គំរូ​ល្អ​ទៀតផង​។


 
​នៅ ស្រី​ពៅ បាន​លើក​ចំណុច​វិជ្ជមាន​បែបនេះ​៖«​ខ្ញុំ​បាន​មើល​វីដេអូ​អំពី​ការប្រកួត​របស់គាត់ [STAMP FAIRTEX] ជាច្រើន​នាពេល​កន្លងមក​។ គាត់​ល្អ​ទាំង​ប្រកួត​ប្រដាល់សេរី ទាំង​វាយ​ដាក់​ទ្រុង ឬ គុន​ចម្រុះ​។  គាត់​មាន​កម្លាំង​ជើងល្អ ទាត់​លឿន និង ម៉ាត់​លឿន​។ STAMP ល្អ​ទាំង​វ៉ៃ​សេរី​ហើយ​ទៅ​ប្រកួត​វាយ​ដាក់​ទ្រុង ឬ MMA ក៏​នៅតែ​ល្អ​ខ្លាំង​ទៀត​មួយរយៈ​ចុងក្រោយ​»​។​
 
​កីឡាការិនី​វ័យ ២៤ ឆ្នាំ​តំណាង​ឲ្យ​កម្ពុជា​បាន​បង្ហើប​អំពី​ទស្សនៈ​ផ្ទាល់ខ្លួន​ទៀតថា​រូបគេ​មានចិត្ត​រំភើប​ពេល​ឃើញ Stamp ប្រកួត​ម្ដងៗ ព្រោះថា​ការប្រកួត​របស់ Stamp សុទ្ធតែ​ល្អមើល​។ Stamp មាន​វ័យ​ត្រឹម ២២ ឆ្នាំ ប៉ុន្តែ​មាន​សមត្ថភាព​អាច​ឈ្នះ​ខ្សែក្រវាត់​កម្រិត​ពិភពលោក ONE Championship ចំនួន​ពី​ប្រភេទ​កីឡា​ផ្សេងគ្នា​។  Stamp ជា​ម្ចាស់​ខ្សែក្រវាត់​ផ្នែក​កីឡាការិនី​កម្រិត​ពិភពលោក​មិន​ធ្លាប់​មាននៅ​សង្វៀន ONE​។ ខ្សែក្រវាត់​ដែល Stamp កំពុងកាន់​បច្ចុប្បន្ន មានដូចជា ONE Atomweight Kickboxing World Title និង ONE Atomweight Muay Thai World Title​។ នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាងមុខ កីឡាការិនី​ថៃ​រូបនេះ​ដាក់​គោលដៅ​ឈ្នះ​ខ្សែក្រវាត់ ពី​ការប្រកួត​កីឡា​គុន​ចម្រុះ​ម្ដង ព្រោះថា ការប្រកួត​គុន​ចម្រុះ ៣ លើកចុងក្រោយ​មកនេះ​ឈ្នះ​ទាំង ៣ លើក​តែម្ដង​។​
 
 
​នៅ ស្រី​ពៅ បាន​គូសបញ្ជាក់ថា​៖«​និយាយ​រួម​ទៅ​បង ! ខ្ញុំ​ពេញចិត្ត​ចំពោះ​ក្បាច់គុន​ប្រដាល់សេរី​របស់គាត់​ល្អ ប៉ុន្តែ​ពេល​ឡើងទៅ​ប្រកួត​ក្បាច់គុន​ចម្រុះ និង MMA កាន់តែ​ល្អ​ថែមទៀត​។ អ្វីដែល​ជាការ​លើក​ទឹក​ដល់​ខ្ញុំ គឺ ខ្ញុំ​ចង់​ឈ្នះ​ខ្សែក្រវាត់​ដូច​គាត់​ដែរ​»​។ 


 
​ក្រៅពី​សរសើរ​ចំពោះ​កីឡាការិនី​ជើង​ខ្លាំង​ថៃ​ខាងលើ នៅ ស្រី​ពៅ ដែលជា​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​លើកដំបូង​ក្នុងនាម​ជា​កីឡាការិនី ក៏​បង្ហាញ​អំពី​ការតាំង​ចិត្ត​យ៉ាង​មុះ​បែបនេះ ៖«​ខ្ញុំ​ដាក់​គោលដៅ​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ដូច Stamp ។ មានតែ​ខំ​ហ្វឹកហាត់ និង រក​សង្វៀន​ប្រកួត​ឲ្យ​បាន​ច្រើន​ដើម្បី​ទទួលបាន​បទពិសោធន៍​ល្អៗ​ថ្មីៗ​ឆ្ពោះទៅ​ដណ្ដើម​ខ្សែក្រវាត់​កម្រិត​ខ្ពស់​។ បើសិន​យើង​គ្រាន់តែ​ហាត់ ហើយ​អត់​បាន​ប្រកួត​ក៏​សមត្ថភាព​នៅ​យ៉ាប់​ដដែល​បង​»​។ 
 
​គួររំលឹកថា នៅ ស្រី​ពៅ ប្រកួត​នៅ​សង្វៀន ONE Championship បានតែ​ពីរ​គត់​នៅ​ឆ្នាំ ២០១៩ ហើយ​កីឡាការិនី​វ័យ ២៤ ឆ្នាំ​រូបនេះ​ទទូច​ចង់បាន​ការប្រកួត​បន្ថែ​ម​ទៀត​នៅ​សង្វៀន​លំដាប់​ពិភពលោក​មួយ​នេះ​បើសិនជា​អាចទៅរួច​។ ស្រី​ពៅ ឡើង​ប្រកួត​ដំបូង​ឈ្នះ​ពិន្ទុ​កីឡាការិនី​ថៃ​មានបទពិសោធន៍​ច្រើន Rika Ishige កាល​ខែ កុម្ភៈ ឆ្នាំ ២០១៩ ក្នុង​កម្មវិធី ONE: CLASH OF LEGENDS មុនពេល​ចាញ់​កីឡាការិនី​ជើងចាស់​ឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol កាល​ខែ ឧសភា ឆ្នាំ ២០១៩​។ 
 
​ទោះជា​បែបណា​ក្ដី កូនសិស្ស​របស់លោក ញ៉ូ​វ ម៉ាក និង លោក ម៉ាក សា​ខន ទទួលបាន​បទពិសោធ​ន៍​យ៉ាងច្រើន​ពី​ការប្រកួត​លំដាប់​អន្តរជាតិ និង ត្រៀមខ្លួន​បន្ត​ពង្រឹង​ទាំង​ក្បាច់​ប្រដាល់​គុន​ខ្មែរ និង គុន​ចម្រុះ​ដើម្បី​ឈានទៅ​ការប្រកួត​ឆ្នាំ ២០២០ ប្រកបដោយ​គុណភាព​៕

© រក្សាសិទ្ធិដោយ thmeythmey.com