ភ្នំពេញ៖ យុវជនមួយចំនួន អះអាងថាពួកគេទទួលបានចំណេះដឹងកាន់តែច្រើន ហើយស្គាល់ពិភពលោកកាន់តែទូលាយ តាមរយៈការអានសៀវភៅ។ យុវជនទាំងនោះខ្លះអានសៀវភៅដើម្បីដោះស្រាវបញ្ហាឬវិបត្តិផ្លូវចិត្ត ខ្លះទៀតអានដើម្បីត្រៀមខ្លួនប្រឡូកក្នុងជំនួញ ហើយអ្នកខ្លះទៀតអានសៀវភៅដើម្បីពង្រីកចំណេះដឹងបន្ថែម។
ដើម្បីជ្រាបច្បាស់ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
**audio2**
ក្នុងថ្ងៃតាំងពិព័រណ៍សៀវភៅកម្ពុជា ដែលជាឱកាសបង្ហាញសៀវភៅដ៏សម្បូរបែបទៅកាន់អ្នកស្នេហាការអាននោះ គេឃើញមានយុវជន កុមារ និងមនុស្សវ័យចំណាស់ យ៉ាងច្រើនកុះករ បានដើរស្វែងរកសៀវភៅ ដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន។
ក្នុងចំណោមមនុស្សដ៏ច្រើន បុរសម្នាក់កាន់សៀវភៅ៤ក្បាលក្នុងដៃ ដោយមិនមានច្រកថង់ប្លាស្ទិក កំពុងឈរត្រួតពិនិត្យសៀវភៅរបស់ខ្លួន ទំនងកំពុងគិតថាតើខ្លួនបានទិញសៀវភៅគ្រប់ចំនួនហើយឬក៏នៅ?
សម្បុរស្រអែមខ្ពស់សង្ហាលោក ហង់ ចិត្រា ដែលមានវ័យ៣០ឆ្នាំ ទើបតែមានចំណូលចិត្តអានសៀវភៅនៅប៉ុន្មានឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ គឺក្នុងអំឡុងពេលដែលលោកឡើងមករៀននៅភ្នំពេញ។ បុរសដែលមកពីខេត្តកំពង់ចាមរូបនេះ អះអាងថាសៀវភៅបានជួយត្រួសត្រាយឧបសគ្គឱ្យលោក៖«កាលពីមុនខ្ញុំធ្លាប់ជួបរឿងលំបាកច្រើន ហើយនៅពេលជួបបញ្ហាអ្វីខ្ញុំតែងតែចុះចាញ់ និងរាថយច្រើន។ ក្រោយមកខ្ញុំបានស្វែងយល់ឃើញថា ប្រហែលជាខ្ញុំខ្វះមូលដ្ឋានចេះណេះដឹង។ ដូច្នេះទើបបានជាខ្ញុំព្យាយាមយកសៀវភៅធ្វើជាជំនួយ»។
អានសៀវភៅដើម្បីលើកទឹកចិត្តខ្លួនឯង និងទុកជាទុនក្នុងការផ្ដល់យោបល់ឱ្យអ្នកមានវិបត្តិដទៃទៀត លោក ចិត្រា ក៏អានសៀវភៅដើម្បីក្លាយខ្លួនជាអ្នកនិពន្ធមួយរូបដែរ៖«ខ្ញុំអានដើម្បីលើកទឹកចិត្តខ្លួនឯងនិងដើម្បីជួយដល់អ្នកនៅជុំវិញខ្លួន។ ម្យ៉ាងខ្ញុំក៏អានដើម្បីក្លាយទៅជាអ្នកនិពន្ធដែរ»។
ចំណែកលោក ឡែម សីឡា ដែលជានិស្សិតឆ្នាំទី៤ជំនាញសំណង់ស៊ីវិល ក៏បានទិញសៀវភៅសម្រាប់គោលដៅទៅថ្ងៃអនាគតរបស់ខ្លួនដែរ។ ឆ្លងកាត់ការអានសៀវភៅច្រើន បុរសដែលមកពីខេត្តកំពង់ធំរូបនេះ កាន់តែមានមហិច្ឆតាធំក្នុងជីវិតរបស់គាត់។ ក្នុងដៃកាន់សៀវភៅប្រមាណជា១០ក្បាលដែលមានទាំងរបស់មិត្តផ្ញើផង លោក សីឡា ក្នុងសម្លៀកបំពាក់អាវពណ៌សដៃវែង បានទិញសៀវភៅស្ដីពីរបៀបធ្វើជំនួញភាគច្រើន ព្រោះតែគិតថាលោកមិនអាចធ្វើការឱ្យគេមួយជីវិតឡើយ៖«ខ្ញុំមិនទាន់បានប្រឡូកក្នុងការធ្វើជំនួញឡើយ ប៉ុន្តែខ្ញុំអានសៀវភៅដើម្បីស្វែងយល់ពីវាខ្លះៗ ព្រោះខ្ញុំជឿថាពេលដែលខ្ញុំចាប់ផ្ដើមប្រឡូកភាគរយនៃភាពជោគជ័យនឹងមានច្រើន»។
មានវិធីច្រើនដើម្បីឱ្យបុរសសម្បុរស្រអែម ញញឹមមានប្រជាប្រិយ សីឡា អាចស្វែងយល់ពីការធ្វើជំនួញបាន ប៉ុន្តែលោកជ្រើសរើសសៀវភៅជាជម្រើសដំបូង ហើយលោកពន្យល់ដូច្នេះ៖«សៀវភៅងាយស្រួលស្វែងយល់ខ្លួនឯង អានបានច្រើនដងហើយចំណាយតិច។ ចំណែកសិក្ខាសាលាខ្លះមានតម្លៃថ្លៃខ្ញុំមិនមានលទ្ធភាព បើសិក្ខាសាលាដែលមិនគិតថ្លៃខ្ញុំបែរជាជាប់រវល់។ ដូច្នេះសៀវភៅល្អបំផុតសម្រាប់ខ្ញុំ»។
មិនខុសពីបុរសទាំងពីរខាងលើឡើយ យុវនារី គីម រិទ្ធី វ័យ២៣ឆ្នាំ ក៏មកទិញសៀវភៅដើម្បីពង្រីកចំណេះដឹង ឱ្យរស់ក្នុងសង្គមប្រកបដោយគុណភាពដែរ។ បញ្ឈប់ការសិក្សាក្នុងសាលាត្រឹមថ្នាក់ទី១២ រិទ្ធី មានចំណូលចិត្តអានសៀវភៅប្រលោមលោក ព្រោះវាបានជួយឱ្យនាងប្រើប្រាស់ពាក្យពេជចន៍ក្នុងសង្គមបានល្អ៖«ខ្ញុំមកទិញសៀវភៅរាល់ពេលមានការតាំងពិព័រណ៍ព្រោះមានសៀវភៅច្រើនប្រភេទ។ ខ្ញុំចូលចិត្តអានរឿងប្រលោមលោក ព្រោះវាផ្ដល់ចំណេះឱ្យខ្ញុំ។ គិតពីថ្នាក់ទី៩មក ខ្ញុំអានសៀវភៅប្រលោមលោកបានរាប់រយក្បាលដែរ»។
ដើម្បីជាជំនួយដល់ការជ្រើសរើសសៀវភៅយកមកអាន ឱ្យទទួលបានប្រយោជន៍ លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅនិងការអាន បានណែនាំដូច្នេះ៖«យើងត្រូវមើលខ្លឹមសារគឺអត្ថន័យ និងអត្ថរូបគឺឃ្លាឃ្លោងសរសេរខុសឬក៏ត្រូវ ចុងក្រោយតម្លៃគឺអត្ថរស ថាតើយើងអានហើយបានអ្វី? យើងមើលទាំង៣នេះទើបដឹងថាសៀវភៅនេះមានគុណតម្លៃកម្រិតណា»។
ទោះជាយ៉ាងណាលោក កុក រស់ ហាមមិនឱ្យអ្នកអានមើលតែចំណងជើងលើក្របសៀវភៅ ហើយក៏សម្រេចចិត្តទិញនោះឡើយ តែពួកគេត្រូវដឹងពីរបៀបមើលខ្លឹមសាររួមនៅក្នុងសៀវភៅ៖«ការវាយតម្លៃសៀវភៅគឺមិនមើលតែទៅលើក្របឡើយ គឺដូចជាការវាយតម្លៃមនុស្សដែរ យើងមិនអាចមើលតែសំបកក្រៅ ហើយដឹងថាមនុស្សនោះមានចរិតបែបណានោះឡើយ។ ការរើសសៀវភៅយើងត្រូវមើលលើក្រប មាតិកា បើទាំងពីរនេះចាប់អារម្មណ៍ហើយអាចទិញបាន។ តែបើមើលតែចំណងជើង ពេលយកមកអាននឹងខកចិត្ត»។
ជាអ្នកពិពន្ធសៀវភៅ ក៏ជាអ្នកមានពិសោធន៍អានសៀវភៅច្រើនដែរ លោក កុក រស់ ឱ្យអ្នកអានប្រុងប្រយ័ត្នក្នុងការជ្រើសរើសសៀវភៅយកមកអាន ដោយលោកបញ្ជាក់ថា សៀវភៅជាអាវុធមុខ២៖« សៀវភៅគឺជាអាវុធមុខ២អាចល្អអាចនឹងមិនល្អ។ បើអ្នកមិនធ្លាប់អានសៀវភៅទេ គួរតែសួររៀមច្បង ដែលធ្លាប់អានច្រើន ឬសួរលោកគ្រូអ្នកគ្រូ ថាសៀវភៅណាមានគុណប្រយោជន៍ច្រើន។ យើងមិនត្រូវអានតែសៀវភៅដែលជាចំណង់ចំណូលចិត្តរបស់យើងទេ តែយើងត្រូវតែអានសៀវភៅផ្សេងៗទៀត ដើម្បីផ្តល់ពុទ្ធិដល់យើង»។
ត្រឡប់ទៅលោក ហង់ ចិត្រា វិញ លោកបានប្រាប់ពីភាពខុសប្លែកគ្នារវាងពេលមុននិងក្រោយ អានសៀវភៅជាទៀងទាត់៖«អានសៀវភៅធ្វើឱ្យចិត្តរបស់ខ្ញុំរឹងមាំច្រើន ខ្ញុំអាចដោះស្រាយបញ្ហាបានដោយខ្លួនឯង ហើយធ្វើឱ្យខ្ញុំឈប់បន្ទោសអ្នកដទៃ»។
រាប់ពីស្ដាំ រូបទី១ លោក កុក រស់
ចំណែកកញ្ញា រិទ្ធី ដែលជួយម្ដាយលក់ម្ហូបអាហារនៅផ្ទះ ក៏បានមើលឃើញពីភាពខុសប្លែកគ្នានូវកម្រិតចំណេះដឹងក្នុងការរស់នៅក្នុងសង្គមរបស់នាងដែរ៖«ពីមុនខ្ញុំមិនសូវចេះប្រើពាក្យក្នុងការទំនាក់ទំនងក្នុងសង្គមឡើយ ហើយក៏មិនសូវចេះសង្កេតមើលពីសង្គមដែរ ប៉ុន្តែនៅពេលដែលខ្ញុំអានសៀវភៅ ខ្ញុំបានដឹងថាពិភពខាងក្រៅពិតជាធំទូលាយ»។
ហើយលោក សីឡា ក៏បានចែករំលែកថា៖«ពីមុនឱ្យតែខ្ញុំអានសៀវភៅគឺចេះតែងងុយ ប៉ុន្តែពេលនេះខ្ញុំផ្លាស់ប្ដូរច្រើន ព្រោះខ្ញុំអានសៀវភៅធ្វើឱ្យគំនិតរបស់ខ្ញុំវិជ្ជមានច្រើន។ សៀវភៅធ្វើឱ្យខ្ញុំស្គាល់ពិភពលោកកាន់តែច្រើន ចេះប្រើពាក្យសម្រាប់ទំនាន់ទំនងក្នុងសង្គម ធ្វើឱ្យខ្ញុំកាន់តែមានទំនុកចិត្ត កាន់តែក្លាហាន កាន់តែហ៊ានគិតធំ។ ពេលអានសៀវភៅធ្វើឱ្យខ្ញុំមានសេចក្ដីសុខណាស់»។
ជាបញ្ញវន្តមួយរូបលោក កុក រស់ បានឱ្យតម្លៃសៀវភៅដូច្នេះ៖«សៀវភៅប្រៀបបាននឹងឱសថទិព្វ។ ពេលយើងអានសៀវភៅច្រើន យើងនឹងមានបណ្ឌិតអ្នកចេះដឹងនៅជុំវិញខ្លួនយើងច្រើន។ យកសៀវភៅធ្វើជាមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា។ បើយើងអានច្រើនយើងបានស្វែងយល់ពីគំនិតរបស់អ្នកនិពន្ធច្រើន ដូច្នេះនៅពេលយើងធ្វើអ្វីមួយ យើងអាចធ្វើវាបានល្អភាគច្រើន»។
សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ ដែលរៀបចំនៅទីតាំងបណ្ណាល័យជាតិ មានអ្នកចូលរួមប្រហែល១៨ម៉ឺននាក់ កើនឡើងប្រមាណ៥ម៉ឺននាក់ បើធៀបនឹងពិព័រណ៍លើកទី៧។ នេះបើតាមលោក កាំង សេងហួរ សមាជិកក្រុមទំនាក់ទំនងសាធារណៈនៃកម្មវិធីពិព័រណ៍សៀវភៅ ដែលបានប្រាប់សារព័ត៌មានថ្មីៗ៕