អន្តរជាតិ
វៀតណាម​ចង់​កម្រិត​ម៉ោង​ធ្វើការ​ត្រឹម​៤០​ម៉ោង​ក្នុង​មួយ​សប្តាហ៍​
21, Dec 2019 , 7:59 pm        
រូបភាព
កម្មករ​ធ្វើការប្រើ​កម្លាំង​បាយ ​តួយ៉ាង​កម្មករសំណង់​ ចង់​ធ្វើការ​ត្រឹមតែ៦​ថ្ងៃក្នុងមួយ​សប្តាហ៍​ក្នុងប្រទេស​វៀតណាម។
កម្មករ​ធ្វើការប្រើ​កម្លាំង​បាយ ​តួយ៉ាង​កម្មករសំណង់​ ចង់​ធ្វើការ​ត្រឹមតែ៦​ថ្ងៃក្នុងមួយ​សប្តាហ៍​ក្នុងប្រទេស​វៀតណាម។
ដោយ: VOA
​គ្រួសារ​ដែលមាន​សុភមង្គល​មាន​លក្ខណៈ​ដូចៗ​គ្នា​។ នេះ​ជា​សម្ដី​របស់​កវី​ប្រលោមលោក Tolstoy រុស្ស៊ី ដ៏​ល្បីល្បាញ​។ គ្រួសារ​គ្មាន​សុភមង្គល គឺ​ដោយសារតែ​សមាជិកគ្រួសារ​ធ្វើការ​លើស​កម្រិត​។ នេះ​បើ​យោងតាម​សម្ដី​របស់លោក Nguyen Thien Nhan ជា​មន្ត្រី​មួយរូប​ក្នុងចំណោម​ក្រុម​អ្នកតស៊ូ​ទាមទារ​ឱ្យ​កាត់បន្ថយ​ម៉ោង​ធ្វើការ​មក​ត្រឹម​៤០​ម៉ោង​ក្នុង​មួយ​សប្តាហ៍​នៅក្នុង​ប្រទេស​វៀតណាម​។​

 
​ក្នុងនាម​ជា​ប្រទេស​កុ​ម្មុយ​និ​ស្ត​មួយ​ក្នុងចំណោម​ប្រទេស​កុ​ម្មុយ​និ​ស្ត​មួយចំនួន​ដែល​នៅ​សេសសល់​ក្នុង​ពិភពលោក​នេះ វៀតណាម​មាន​ម៉ោង​ធ្វើការ​ស្របច្បាប់​៤៨​ម៉ោង​ក្នុង​មួយ​សប្តាហ៍ និង​ត្រូវ​ធ្វើការ​៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ខណៈដែល​ប្រទេស​ផ្សេងទៀត​បន្តទៅ​ពិចារណា​ទៅលើ​ប្រសិទ្ធភាព​ការងារ​របស់​បុគ្គលិក ដែល​តម្រូវ​ឲ្យ​ធ្វើការ​តែ​៨​ម៉ោង​ក្នុង​មួយថ្ងៃ ឬ​៤០​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​រួចទៅហើយ​។ ប្រទេសមួយ​ចំនួន​ក្នុង​ពិភពលោក ដូចជា​ប្រទេស​ឈី​លី និង​អូស្ត្រាលី បាន​កាត់បន្ថយ​ម៉ោង​ធ្វើការ​មក​នៅត្រឹម​៣៥​ម៉ោង​ប៉ុណ្ណោះ​។ ប្រទេស​វៀតណាម កំពុង​ជំរុញ​ក្រុមហ៊ុន​នានា​ឲ្យ​កាត់បន្ថយ​ម៉ោង​ធ្វើការ​មក​នៅត្រឹម​៤០​ម៉ោង​ក្នុង​មួយ​សប្តាហ៍ និង​គ្រោង​ចេញ​ជា​ច្បាប់​តែម្តង​នៅពេល​អនាគត​។​
 
​ក្នុងចំណោម​អ្នកតស៊ូ​មតិ តួយ៉ាង​លោក Nhan បានទាមទារ​ថា ការណ៍​ដែល​តម្រូវ​ឲ្យ​បុគ្គលិក​ធ្វើការ​ច្រើន​ម៉ោង​មិនបាន​បង្កើន​ប្រសិទ្ធភាព​ការងារ​ទេ​។ លោក​ក៏បាន​លើកឡើងថា ការធ្វើការងារ​ច្រើន​ម៉ោង​ធ្វើឱ្យមាន​បញ្ហា​សម្ពាធ​ផ្លូវចិត្ត​ដល់​ក្រុមគ្រួសារ ដោយសារតែ​ការងារ​ផ្ទះ​របស់​ពួកគេ​ត្រូវ​ទុកចោល​សិន ប្រសិនបើ​សមាជិកគ្រួសារ​ម្នាក់​ត្រូវ​ចេញទៅ​ធ្វើការ​អស់​ពាក់កណ្ដាល​ថ្ងៃ​។​
 
​លោក Nhan ដែលជា​លេខា​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម​ប្រចាំ​ទីក្រុង​ហូជីមិញ បាន​មានប្រសាសន៍ថា​៖ «​តើ​អ្នក​ចង់ឱ្យ​ស្វាមី​ឬ​ភរិយា កូនៗ និង​បងប្អូន​របស់​អ្នកធ្វើការ​ពី​៩​ទៅ​១០​ម៉ោង​ក្នុង​មួយថ្ងៃ ពេញ​មួយឆ្នាំ ឬ​ពី​១០​ទៅ​១២​ម៉ោង​ក្នុង​មួយថ្ងៃ​ក្នុង​រយៈពេល​៦​ខែ​ឬ​? យើង​ត្រូវ​ឆ្លើយ​នឹង​សំណួរ​នេះ​រៀងៗ​ខ្លួន​ជាមុនសិន មុននឹង​យើង​បន្ដ​ពិភាក្សា​តទៅទៀត​»​។​
 
​លោក Nhan និង​មិត្ត​រួមការ​ងារ​បាន​ឲ្យ​ដឹងថា ការធ្វើការ​៨​ម៉ោង​ក្នុង​មួយថ្ងៃ​បាន​ចាក់ឫស​ក្នុងចំណោម​ជន​សង្គមនិយម ដែល​បាន​ប្រឹងប្រែង​ឱ្យមាន​សិទ្ធិ​ការងារ​នៅក្នុង​កិច្ចប្រជុំ​អន្តរជាតិ​លើក​ទី​២​ដ៏​ល្បីឈ្មោះ​កាលពី​ឆ្នាំ​១៨៨៩​។ លោក​បាន​បន្ថែមថា វា​គឺជា​សិទ្ធិ ហើយ​វា​ក៏ត្រូវ​បានទទួល​ស្គាល់​ពី​ប្រទេស​ប្រកាន់​របប​មូលធននិយម​ដែរ​។​ជាក់ស្តែង​មាន​បាតុកម្ម​តវ៉ា​សិទ្ធិ​ការងារ​ឆ្នាំ​១៨៨៦ នៅ​ទីក្រុង Chicago សហរដ្ឋអាមេរិក ដើម្បី​ទាមទារ​ម៉ោង​ធ្វើការ​ត្រឹម​៨​ម៉ោង​ក្នុង​មួយថ្ងៃ ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត Henry Ford របស់​អាមេរិក សម្រេច​អនុវត្តតាម​ម៉ោង​ធ្វើការ​នេះ​។​
 
​វា​លំបាក​ខ្លាំងណាស់​ក្នុងការ​ធានាបាន​នូវ​សិទ្ធិ​ការងារ​បែបនេះ ប៉ុន្តែ​ពេលនេះ ប្រទេសមួយ​ចំនួន​កំពុង​ចោទ​សួរថា តើ​ស្ថានភាព​ការងារ​បែប​ហ្នឹង​ល្មម​គ្រប់គ្រាន់​ហើយ​ឬ​នៅ​? ក្រុមហ៊ុន Microsoft Japan របស់​ជប៉ុន កំពុង​សាកល្បង​ឲ្យ​បុគ្គលិក​ធ្វើការ​រយៈពេល​បួន​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ ក្រុមហ៊ុន​បច្ចេកវិទ្យា Rheingans របស់​អាល្លឺម៉ង់ បាន​កំណត់ឱ្យ​បុគ្គលិក​ធ្វើការ​ត្រឹមតែ​៥​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ ប្រទេស​បារាំង​បាន​ហាមប្រាម​មិន​ឲ្យ​ផ្ញើ​អ៊ីមែល​ទាក់ទង​នឹង​ការងារ​ដល់​បុគ្គលិក​នៅក្រៅ​ម៉ោង​ធ្វើការ​នោះទេ​។​
 
​ការពិត​គឺថា ប្រសិទ្ធភាព​ការងារ​ពិតប្រាកដ​កើតមាន​តែ​ក្នុងអំឡុងពេល​មួយរយៈ​នៃ​ម៉ោង​ធ្វើការ​ទាំងមូល​តែប៉ុណ្ណោះ ដែល​មនុស្ស​ទូទៅ​ម្នាក់​អាចធ្វើ​បាន​។​
 
​អ្នកធ្វើការ​ឯករាជ្យ​មួយរូប អ្នកស្រី Lizzie Wade បាន​សរសេរ​បញ្ចេញ​គំនិត​របស់​អ្នកស្រី​នៅក្នុង​អត្ថបទ​សារព័ត៌មាន​មួយ បន្ទាប់ពី​តាមដាន​ប្រសិទ្ធភាព​ការងារ​របស់​អ្នកស្រី​ដោយ​ប្រើប្រាស់ software​។ អ្នកស្រី​បាន​និយាយថា​៖ «​វា​មិនអាច​ទៅរួច​ទេ​ក្នុង​ការផ្ដោត​ធ្វើការ​បាន​ពេញ​ទាំង​៨​ម៉ោង​ក្នុង​១​ថ្ងៃនោះ​»​។​
 
​លោកស្រី Nguyen Thi Xuan ដែលជា​សមាជិកសភា​វៀតណាម បាន​សម្ដែង​ការព្រួយបារម្ភ​ថា មាន​ក្រុមហ៊ុន​មួយចំនួន​ដែល​ឲ្យ​បុគ្គលិក​ធ្វើការ​លើស​ម៉ោង ទោះជា​ពួកគេ​ត្រូវធ្វើ​ការ​ដល់​៤៨​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ហើយក៏​ដោយ​។ លោកស្រី​និយាយថា ប្រជាជន​វៀតណាម​ធ្វើការ​លើស​ម៉ោងជាង​ប្រទេស​ផ្សេងៗ​ដែលជា​ដៃគូ​។ លោកស្រី Xuan ដែលជា​អ្នកតំណាងរាស្ត្រ​មណ្ឌល Dak Lak ដែលជា​ទីក្រុង​កសិកម្ម​នៅ​តំបន់​ខ្ពង់រាប​កណ្តាល​ប្រទេស​បាន​និយាយទៀតថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​គាំពារ​សុខភាព និង​ស្តង់ដារ​រស់នៅ​រប​ស់បុ​គ្គ​លិ​ក​។​
 
​ការធ្វើការ​៤៨​ម៉ោង​ក្នុង​មួយ​សប្តាហ៍​គឺជា​រឿង​ធម្មតា​សម្រាប់​កម្មករ​ប្រើ​កម្លាំង​នៅ​ប្រទេស​វៀតណាម ចំណែកឯ​ក្នុង​ស្ថាប័នរដ្ឋ​និង​បុគ្គលិក​ធ្វើការ​ទូទៅ​ត្រូវ​ធ្វើការ​៤០​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​។​
 
​ស្របពេល​ដែល​លោក Nhan និង​អ្នក​ដទៃទៀត កំពុង​ទាមទារ​ឱ្យ​កម្រិត​ម៉ោង​ធ្វើការ​ត្រឹម​៤០​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ពួកគេ​ក៏ត្រូវ​មាន​ភាព​អំណត់​ក្នុង​ការរង់ចាំ​ដែរ ដែល​អាច​ត្រូវ​ចាំ​រហូតដល់​រយៈពេល​មួយ​ទសវត្សរ៍​ឯណោះ​។ ពួកគេ​បាន​លើកឡើងថា គណ​បក្សកុម្មុយនិស្ត​វៀ​ត​ណា​ម ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៣០​។ ពួកគេ​សង្ឃឹមថា នៅពេល​គម្រប់​ខួប​១០០​ឆ្នាំ​របស់​គណបក្ស​នេះ ថ្នាក់ដឹកនាំ​គណបក្ស​នឹង​ផ្ដល់​កាដូ​ខួបកំណើត​សម្រាប់​កម្មករ​និង​បុគ្គលិក​។ បើទោះជា​កាដូ​នោះ​មិន​ផ្ដល់​ផលប្រយោជន៍​ខ្លាំង​ចំពោះ​បុគ្គលិក​ក៏ដោយ ក៏​ពួកគេ​សង្ឃឹមថា យ៉ាងហោចណាស់ ពួកគេ​អាចធ្វើ​ការ​តិច​ម៉ោងជាង​មុន​ក្នុង​មួយ​សប្ដាហ៍​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com