ជាតិ
ព្រំដែន
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ ប្រកាស​ឱ្យប្រើ​សន្ធិសញ្ញា​បំពេញបន្ថែម ស្តីពី​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម
21, Dec 2019 , 12:54 pm        
រូបភាព
​ភ្នំពេញ​៖ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម ។ ព្រះមហាក្សត្រ បានប្រកាស​ឱ្យប្រើ​ច្បាប់​នេះ តាមរយៈ​ព្រះរាជក្រម​ចុះ​ថ្ងៃទី​៥ ធ្នូ ឆ្នាំ​២០១៩​។


​ច្បាប់​ស្តីពី​សន្ធិសញ្ញា​បំពេញបន្ថែម​១៩៨៥ និង​២០០៥ នេះ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​វៀតណាម ចុះហត្ថលេខា​នៅ​ទីក្រុង​ហាណូយ នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​៥ តុលា ឆ្នាំ​២០១៩ ដោយមាន​ភ្ជាប់​ទាំង​ខ្លឹមសារ​ច្បាប់​ក្នុង​អត្ថបទ​ទាំងស្រុង​។ ក្រោយភាគី​ទាំងពីរ បាន​យល់ព្រម​ទទួលស្គាល់​ហើយ ច្បាប់​នេះ​ក៏ត្រូវ​បានរដ្ឋាភិបាលកម្ពុជា ដាក់​មករ​ដ្ឋ​សភា​អនុម័ត កាលពី​ថ្ងៃទី​៤ វិច្ឆិកា ឆ្នាំ​២០១៩ មុននឹង​ឆ្លងទៅ​ព្រឹទ្ធសភា​ត្រួតពិនិត្យ និង​អនុម័ត​បន្ត កាលពី​ថ្ងៃទី​១៨ វិច្ឆិកា​។​
 
​សន្ធិសញ្ញា​បំពេញបន្ថែម ដែល​រដ្ឋាភិបាល​កម្ពុជា​-​វៀតណាម ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៩​នេះ គឺ​ទទួលស្គាល់​បង្គោល​ព្រំដែន​ដែល​ភាគី​ទាំងពីរ បាន​បោះ​រួចរាល់​ចំនួន ៨៤​ភាគរយ​។ ចំណែក​សល់​១៦​ភាគរយ​ទៀត ភាគី​ទាំងពីរ​បន្ត​ពិភាក្សា និង​ដោះស្រាយ​បន្តទៀត​។​
 
​អ្នកនយោបាយ និង​អ្នកតាមដាន​បញ្ហា​ព្រំដែន​នេះ មានការ​ព្រួយបារម្ភ​ថា កម្ពុជា អាច​ចាញ់​ប្រៀប​វៀតណាម នឹង​ប្រឈម​ការខាតបង់​ទឹកដី​បន្ថែមទៀត​។ លោក យ៉ង់ សាំង​កុមារ យល់ឃើញថា ការប្រកាស​ឱ្យប្រើ​ច្បាប់​នេះ វា​ហាក់ដូចជា​លឿន​ពេក ខណៈដែល​សង្គម​កម្ពុជា​កំពុង​បែកបាក់​គ្នា និង​មិនទាន់​រក​ចំណុច​ឯកភាព​ជាតិ​បាន​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ធ្លាប់​ចេញ​សេចក្តីថ្លែងការណ៍​ស្នើឱ្យ​នីតិប្រតិបត្តិ និង​នីតិបញ្ញត្តិ​កម្ពុជា ពិចារណា​លើ​ច្បាប់​ស្តីពី​សន្ធិសញ្ញា​បំពេញបន្ថែម​កំណត់ព្រំដែន​នេះ បាន​និយាយ​ដូច្នេះ​ថា​៖«​តាមពិត​យើង​បានបញ្ជាក់​ជំហរ​យើង​តាំងពី​ដើមទី​មក (​មិន​យល់ស្រប​លើ​ច្បាប់​នេះ​) ចំនួន​២​ដង​រួចមកហើយ​។ យើង​បាន​អំពាវនាវ​ឱ្យ​រដ្ឋសភា និង​ព្រឹទ្ធសភា ពន្យា​ពេល​អនុម័ត​ច្បាប់​នេះ​។ ប៉ុន្តែ​ឥឡូវ​ព្រះមហាក្សត្រ បាន​ឡាយ​ព្រះ​ហត្ថ​រួចហើយ អ៊ីចឹង​អ្វីៗ​គឺ​ទៅមុខ​ហើយ​។​ប៉ុន្តែ​យើង​សម្ដែង​ការសោកស្ដាយ​ព្រោះ​ការអនុម័ត​ច្បាប់​នេះ វា​លឿន​ពេក​»​។​
 
​ជាមួយគ្នានេះ​លោក រ៉ុង ឈុន ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​និយាយថា កម្ពុជា​អាច​ខាតបង់​ទឹកដី​ដោយសារ​ច្បាប់​ស្តីពី​សន្ធិសញ្ញា​បំពេញបន្ថែម​ទាំង​៣​លើក​នេះ​។ មូលហេតុ​ដែល​លោក រ៉ុង ឈុន ហ៊ាន​អះអាង​បែបនេះ ក្រោម​ហេតុផល​នីមួយៗ​ថា សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​១៩៨៥ ដែល​បាន​លេចចេញ​ជា​រូបរាង​នោះ វា​មិនអាច​ប្រើប្រាស់​បានទេ ដោយសារ​គ្រានោះ​កម្ពុជា កំពុងស្ថិត​នៅក្រោម​សម្ពាធ​វៀតណាម​។ ដោយឡែក​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ និង​២០១៩​នេះ វា​ក៏​ដូចគ្នា​ដែរ ព្រោះ​រដ្ឋាភិបាល​កម្ពុជា មិនបាន​បង្ហាញ​ភាពច្បាស់លាស់​ណាមួយ​ថា កម្ពុជា​ទទួលបាន​ផលចំណេញ​លើ​វៀតណាម ជុំវិញ​បញ្ហា​ព្រំដែន​នេះ​ទេ​។​
 
​លោក រ៉ុង ឈុន ដែល​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន លើ​ការចេញមុខ​តវ៉ា​លើ​បញ្ហា​សន្ធិសញ្ញា​បន្ថែម​ព្រំដែន​កន្លងមក​នោះ បាន​និយាយ​ដូច្នេះ​ថា​៖«​សន្ធិសញ្ញា​ទាំងនេះ វា​គ្មាន​ផលចំណេញ​ទេ​។ យើង​បាន​តាមដាន​រឿង​ហ្នឹង​ឃើញថា ការបោះបង្គោល​ព្រំដែនរ​វាង​កម្ពុជា​-​វៀតណាម ដែល​បាន​៨៤​ភាគរយ​នេះ មាន​ភាពមិនប្រក្រតី​ច្រើន ដោយមាន​បង្គោល​បោះចោល​ទឹកដី​កម្ពុជា​យើង ហើយ​បើ​មើលទៅ​ភាគី​វៀតណាម​វិញ គ្មាន​ចំណុច​បង្គោល​ណា​ដែល​យើង​បោះ​ចូល​គេ​ទេ គឺមាន​តែ​គេ​បោះ​ចូលមក​យើង​។ ហើយ​ការប្រកាស​ឱ្យមាន​ការប្រើប្រាស់​ច្បាប់​នេះ វា​មានតែ​ធ្វើឱ្យ​យើង​ខាតបង់​ទឹកដី​ច្រើន​»​។​
 
​ជុំវិញ​បញ្ហា​ព្រំដែន​នេះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ចម្រុះ​កម្ពុជា ធ្លាប់ធ្វើ​បទ​បង្ហាញ​ប្រាប់​មហាជន​ថា កម្ពុជា​គ្មាន​ការខាតបង់​ទឹកដី ដោយសារតែ​សន្ធិសញ្ញា​បំពេញបន្ថែម​នោះទេ ពោលគឺ​កម្ពុជា​មានតែ​ទទួលបាន​ផលចំណេញ​ពី​កិច្ចព្រមព្រៀង​បំពេញបន្ថែម​នេះ​។ បើតាម​លោក វ៉ា គឹមហុង រដ្ឋាភិបាល​បោះបង្គោល​ព្រំ​ដែន​នេះ មិន​ធ្វើ​ឱ្យប៉ះពាល់​ដល់​ពលរដ្ឋ ហើយក៏​មិន​ធ្វើឱ្យ​ពួកគេ​ស្រក់​ទឹកភ្នែក​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ គឺ​ដើម្បី​ការពារ​ពលរដ្ឋ​នៅតាម​ព្រំដែន​ប៉ុណ្ណោះ​។​
 
​ក្នុង​សន្និសីទកាសែត នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ លោក វ៉ា គឹមហុង ថ្លែង​ដូច្នេះ​ថា​៖«​យើង ធ្វើ​ព្រំដែន បោះបង្គោល​ព្រំដែន មិនមែន​ឲ្យ​ប្រជាពលរដ្ឋ​យើង​នៅតាម​ព្រំដែន ទឹកភ្នែក​ទឹកសំបោរ​ទេ​។​...​ជាទូទៅ យើង​មាន​យន្តការ​ដើម្បី​ការពារ មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មានទុក្ខ​វេទនា ដោយសារ​ការបោះបង្គោល​ព្រំដែន​ទេ​»​។​
 
អត្ថបទទាក់ទង
 
​ដ្បិត​មានការ​អះអាង​បែបនេះ​ក្តី ប៉ុន្តែ​លោក យ៉ង សាំង​កុមារ និង​លោក រ៉ុង ឈុន នៅតែ​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ខ្លឹមសារ​និង​លក្ខខណ្ឌ​ក្នុង​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​បំពេញបន្ថែម​ទាំងនេះ ព្រមទាំង​បង្ហាញ​ចង្អុល​ប្រាប់​ពី​ផលចំណេញ​ដែល​កម្ពុជា​ទទួលបាន​ពី​បញ្ហា​ព្រំដែន​នេះ ដល់​មហាជន ដើម្បី​ឱ្យអស់​ចម្ងល់ ពោលគឺ​មិនមែន​គ្រាន់តែ​បកស្រាយ​បែប​លាក់លៀម​នោះឡើយ​៕

Tag:
 ព្រះមហាក្សត្រ​
  ហ៊ុន សែន​
  CPP
  វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com