អន្តរជាតិ
អាមេរិក បង្កើតទ័ពអវកាសដើម្បីការពារផលប្រយោជន៍នៅលើលំហ
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែធ្នូ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ថវិកាការពារជាតិឆ្នាំ២០២០។ ច្បាប់ថ្មីនេះ ក៏មានចែងពីការបង្កើតអង្គភាពទ័ពអវកាសតាមការចង់បានរបស់លោក ត្រាំ ដើម្បីការពារប្រយោជន៍អាមេរិក ក៏ដូចជាទប់ទល់ការងើបឡើងរបស់រុស្ស៊ី និងចិននៅលើលំហអាកាសដែលត្រូវបានចាត់ទុកជាសមរភូមិថ្មីមួយ។ កងទ័ពអវកាសនេះ នឹងក្លាយជាអង្គភាពទ័ពថ្មីមួយរបស់យោធាអាមេរិក។
ទ័ពអវកាស នឹងក្លាយជាអង្គភាពទ័ពទី៦ របស់យោធាអាមេរិកបន្ថែមពីលើទ័ពជើងគោក ជើងទឹក ជើងអាកាស ឆ្មាំការពារឆ្នេរ និងម៉ារីន។ ទ័ពអវកាស ត្រូវបង្កើតឡើងតាមច្បាប់ថវិកាការពារជាតិឆ្នាំ២០២០ ដែលោកប្រធានាធិបតី ដូណាល់ ត្រាំ ទើបចុះហត្ថលេខានៅថ្ងៃទី២០ ខែធ្នូ។
«ជាលើកដំបូងតាំងពីប្រធានាធិបតី ហារី ទ្រូម៉ាន់ បង្កើតទ័ពអាកាសកាលពី៧០ឆ្នាំមុន យើងនឹងបង្កើតអង្គភាពទ័ពថ្មីមួយទៀត។» នេះជាការលើកឡើងរបស់លោក ត្រាំ ពេលចុះហត្ថលេខាលើច្បាប់ថវិកាជាតិនៅបន្ទាយទ័ព Joint Base Andrews ។ ការបង្កើតទ័ពអវកាស ជាបំណងយូរមកហើយរបស់លោក ត្រាំ ដើម្បីការពារផលប្រយោជន៍អាមេរិកនៅទីលំហដែលចិន និងរុស្ស៊ីបង្កើនឥទ្ធិពលកាន់តែខ្លាំងដែរ។ លោក ត្រាំ ចេញបញ្ជាឲ្យបង្កើតទ័ពអវកាសនេះកាលពីខែមិថុនា ឆ្នាំ២០១៨ ។
អង្គភាពទ័ពអវកាសនេះ នឹងធ្វើប្រតិបត្តិការដោយផ្អែកលើទីបញ្ជាការទ័ពអាកាសដែលបង្កើតកាលពីខែសីហាកន្លងទៅ។ ដូចគ្នានឹងទ័ពម៉ារីនដែរ ទ័ពអវកាសនេះ នឹងស្ថិតក្រោមឆ័ត្ររបស់កងទ័ពអាកាសសិន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ លើកឡើងថា អង្គភាពថ្មី នឹងមានកងទ័ព និងបុគ្គលិកប្រមាណ១៦០០០នាក់ មានឯកសណ្ឋានផ្ទាល់ខ្លួនផងដែរ។ មេបញ្ជាការទ័ពអវកាសធ្លាក់លើឧត្តមសេនីយ៍ទ័ពអាកាស Jay Raymond ។
រដ្ឋមន្ត្រីការពារជាតិអាមរិក ម៉ាក អេស្ពើ និយាយថា ការរក្សាអនុត្តរភាពអាមេរិកនៅលើទីលំហ ជាបេសកកម្មចម្បងរបស់ទ័ពអវកាសថ្មីនេះ។ អំណាចនៅលើទីលំហ កំពុងរងការប្រជែងពីសំណាក់មហាអំណាចពីរទៀត គឺរុស្ស៊ី និងចិន។ ក្នុងរបាយការណ៍នៅដើមឆ្នាំនេះ ទីភ្នាក់ងារចារកម្មការពារជាតិ បានលើកចំឈ្មោះចិន និងរុស្ស៊ី ដែលបានអភិវឌ្ឍសមត្ថភាពក្នុងការស៊ើបការណ៍ ក៏ដូចជាប្រមូលព័ត៌មាមដើម្បីប្រជែងអាមេរិកនៅទីលំហ។
អ្នកស្រី Barbara Barrett លេខាធិការកងទ័ពអាកាសអាមេរិក ប្រកាសពីគោលដៅតែមួយគត់របស់ទ័ពអវកាសថ្មី គឺទីអវកាសតែម្ដង។ មន្ត្រីស៊ីវិលជាន់ខ្ពស់ក្នុងអង្គភាពទ័ពអាកាសអាមេរិកនេះ បន្តថា អាមេរិកមាន ទ័ពអវកាសល្អផ្ដាច់គេលើលោក៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
អវកាស
© រក្សាសិទ្ធិដោយ thmeythmey.com