ជាតិ
វិស័យ​ឯកជន​រៀបចំ​ពិព័រណ៍​គ្រឿងអលង្ការ​រៃអង្គាស​ថវិកា​ជួយ​ពេទ្យ​កុមារ​អង្គរ​
21, Dec 2019 , 2:49 pm        
រូបភាព
​សៀមរាប​៖ ដោយ​មើលឃើញ​ពី​កង្វះខាត​ថវិកា​សម្រាប់​ទ្រទ្រង់​ការចំណាយ​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ វិស័យ​ឯកជន​បាន​សហការ​រៀបចំ​ពិព័រណ៍​គ្រឿងអលង្ការ រៃអង្គាស​ថវិកា​ពី​អ្នកចូលរួម​។ ពិព័រណ៍​នេះ​បង្ហាញ​ពី​ទឹកចិត្ត​របស់​សប្បុរសជន ក្នុង​ការជួយ​កុមារ​ក្រីក្រ​ដែល​បានមក​ទទួល​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ពី​មន្ទីរពេទ្យ​កុមារ​អង្គរ​។​

 
​ពិព័រណ៍​គ្រឿងអលង្ការ​ដ៏​ធំ​មួយ គ្រោង​នឹង​រៀបចំ​នៅ​រាត្រី​ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ ដើម្បី​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ បច្ចុប្បន្ន មន្ទីរពេទ្យ​នេះ​នៅមាន​កង្វះ​ថវិកា​ប្រមាណ​៧​ម៉ឺន​ដុល្លារ​បន្ថែមទៀត ដើម្បី​បង្គ្រប់​ការចំណាយ​ប្រចាំឆ្នាំ​របស់ខ្លួន​។​
 
​លោក អ៊ឹម​ផាន ម​លីវ​ណ្ណ ម្ចាស់​សាខា​ហាង​ជាង បាក់​វណ្ណ​ហុង លក់​គ្រឿងអលង្ការ​ប្រចាំខេត្ត​សៀមរាប បានប្រកាស​ពី​ការរៀបចំ​ពិព័រណ៍​គ្រឿងអលង្ការ​បុរាណ​ខ្មែរ នៅ​រាត្រី​ឆ្លង​ឆ្នាំ​សកល​។ ពិព័រណ៍​នេះ​សហការ​រៀច​បំ​ដោយ​សណ្ឋាគារ មេ​ម៉​រ​ផា​លេស ក្នុង​បំណង​តាំង​បង្ហាញ​នូវ​គ្រឿងអលង្ការ​បុរាណ​ខ្មែរ​ជាច្រើន​មូ​ដ មាន​ត្បូង ពេជ្រ ដើម្បី​លើកស្ទួយ​ស្នាដៃ​ខ្មែរ ដែលមាន​ការច្នៃប្រឌិត​ខ្ពស់​។ ថវិកា​មួយផ្នែក​ពី​ការលក់​សំបុត្រ នឹងត្រូវ​ប្រមូល​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​។​


 
​តំណាង​សណ្ឋាគារ មេ​ម៉​រ​ផា​លេស លោក សេង សេរី​វុ​ឌ្ឍ បានឱ្យដឹង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៣ ធ្នូ​កន្លងទៅ​ថា នេះ​មិនមែន​លើកទីមួយ​ទេ​ដែល​ខាង​សណ្ឋាគារ​របស់លោក​សហ​ការរៀបចំ​ពិព័រណ៍​ក៏ដូចជា​រាត្រី​ស​មោ ស សប្បុរសធម៌​បែបនេះ​។ លោក​រំពឹងថា កម្មវិធី​នៅលើ​ក​នេះ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលរួម​កាន់តែច្រើន ដែល​ក្នុងនោះ ថវិការ​ពី​ការលក់​សំបុត្រ ៤៥​ភាគរយ ត្រូវបាន​ប្រមូល​ចូលក្នុង​មូលនិធិ​មន្ទីរពេទ្យ​កុមារ​អង្គរ​។​
 
​តំណាង​មន្ទីរពេទ្យ​កុមារ​អង្គរ អ្នកស្រី ស៊ិន​កេ​ត អា​រុណ បានឱ្យដឹងថា ក្នុង​មួយឆ្នាំៗ មន្ទីរពេទ្យ​កុមារ​អង្គរ មាន​តម្រូវការ​ថវិកា​ប្រមាណ​ជា ៦​លាន ៥​សែន​ដុល្លា ដើម្បី​ប្រតិបត្តិការ​មនុស្សធម៌ ជួយសង្គ្រោះ​សុខភាព និង​ជីវិត​កុមារ​កម្ពុជា​មកពី​គ្រប់ទិសទី​ដោយ​ឥតគិតថ្លៃ រួមទាំង​បំពេញបេសកកម្ម​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល​លើ​ជំនាញ​ជំងឺ​កុមារ និង​ការអប់រំ​សុខភាព​នៅតាម​បណ្តា​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ផងដែរ ។ ប្រភព​ថវិកា​ទាំងនោះ គឺ​បានមកពី​ចលនា​សប្បុរសធម៌​ទាំង​ក្នុង​និង​ក្រៅប្រទេស និង​ជំនួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ អ្នកស្រី​បញ្ជាក់ថា សម្រាប់​ចុងឆ្នាំ​២០១៩​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ខ្វះ​ថវិកា​ប្រមាណ​ជា ៧​ម៉ឺន​ដុល្លារ​ទៀត​ដើម្បី​បង្គ្រប់​ការចំណាយ​៕
 

Tag:
 ពិព័រណ៍​គ្រឿងអលង្ការ​
  មន្ទីរពេទ្យ​កុមារ​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com