ជាតិ
ដំណាំ​នៅ​ជុំវិញ​ផ្ទះ ផ្ដល់​ចំណូល​ឱ្យ​លោក គុន ហៃ ១​លាន​រៀល​ក្នុង​មួយខែ
21, Dec 2019 , 4:07 pm        
រូបភាព
​កណ្តាល​៖ រៀងរាល់ខែ លោក គុន ហៃ ទទួល​ប្រាក់ចំណូល​បាន​ជាង​១​លាន​រៀល ពី​ការលក់​ដំណាំ​បន្លែ​-​ផ្លែឈើ នៅ​ជុំវិញ​ផ្ទះ​របស់ខ្លួន​។ លោក​គុន ហៃ អះអាងថា ដំណាំ​ទាំងនោះ​គឺ​ដាំ​ដុះ និង​លូតលាស់​ដោយ​ធម្មជាតិ ដោយ​មិន​ប្រើប្រាស់​ជី និង​សារ​ធាតុគីមី​អ្វី​ឡើយ​។

 
​ផ្ទះមួយ​ខ្នង​មាន​ទំហំ​ធំ​សមរម្យ​ដែលមាន​ថ្ម​នៅ​ផ្នែក​ខាងក្រោម​និង​ឈើ​ផ្នែក​ខាងលើ សង់​នៅលើ​ផ្ទៃដី​ទទឹង​១០​ម៉ែត្រ និង​បណ្តា​យ​២០​ម៉ែត្រ នៅ​ភូមិ​ផ្លូវបំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល    មានកូន​បន្លែ​ស្ពៃក្តោប​ជិត​១០​រោង (​មួយ​រោង មាន​ប្រវែង​៥​ម៉ែត្រ​) និង​មាន​ដើម​ជម្ពូ​មួយ​ដើម​បែកមែក​សាខា​ពោរពេញ​ដោយ​ផ្លែ​ជាច្រើន នៅមុខ​ផ្ទះ​នោះ គឺជា​ផ្ទះ​លោក គុន ហៃ​។  ក្រៅពីនេះ នៅ​ចំហៀង​ផ្នែក​ខាងស្ដាំ និង​ខាងក្រោយ​ផ្ទះ បុរស​វ័យ​៦០​ឆ្នាំ​រូបនេះ ក៏មាន​ដើម​ទៀប​ពីរ​ដើម និង​ក្រូចថ្លុង​មួយ​ដើម ស្រកានាគ​បី​គុម្ព ខ្នុរ មៀន និង​ដើម​ត្របែក​បី​ដើម ដែលមាន​ផ្លែ​ស​ល្អ​-​ស្រស់​វេច​ខ្ចប់​ដោយ​ថង់​បា្ល​ស្ទិ​ច ដើម្បី​ការពារ​ពី​ការរំខាន​នានា​ពី​សត្វល្អិត​ចង្រៃ​។ ផ្លែ​ត្របែក នៅ​ខាងក្រោយ​ផ្ទះ​នោះ ឱ្យ​អាច​លោក គុន ហៃ បេះ​ដាក់លក់​នៅមុខ​ផ្ទះ ជាប្រចាំ​ថ្ងៃ​បាន​ផងដែរ​។  


ផ្ទះលោក គុន ហៃ ដែលមានរងបន្លែស្ពៃក្តោប  និងដើមជម្ពូ នៅមុខផ្ទះ
 
​បើតាម​លោក គុន ហៃ បន្លែ​និង​ផ្លែឈើ ដែល​ដាំ​នៅ​ជុំវិញ​ផ្ទះ​នោះ មានតែ​បន្លែ ផ្លែ​ជម្ពូ និង​ផ្លែ​ត្របែក​ទេ ដែល​បានផ្តល់​ចំណូល​ប្រចាំខែ​ដល់​គ្រួសារ​លោក  ពី​១​លាន ទៅ ១,៥​លាន​រៀល​។ លោក​បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey.com) ថា ស្ពៃក្តោប​ដែល​ដាំ​នៅមុខ​ផ្ទះ​នោះ​មានតម្លៃ​១០,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ផ្លែ​ជម្ពូ​មានតម្លៃ​៥,០០០​រៀល​ក្នុង​មួយ​គីឡូក្រាម និង​ផ្លែ​ត្របែក​មានតម្លៃ​៤,០០០​ក្នុង​មួយ​គីឡូក្រាម​។ ដោយឡែក​ផ្លែឈើ​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​ផ្ទះ​នោះ គ្រាន់តែ​បាន​ផ្លែ​គ្រប់​ហូប  និង​ចែក​ឱ្យ​កូនចៅ​ប៉ុណ្ណោះ​។​
 
« ផ្លែ​ជម្ពូ និង​ត្របែក វា​ឱ្យ​ផល​សឹង​មួយឆ្នាំ​ពេញ ដោយមាន​ផ្លែ​ចេញ​ច្រើន​ជា​បន្តបន្ទាប់​គ្នា​។ មានន័យថា​ទម្រាំ​យើង​បេះ​ជម្ពូ​ឬ​ត្របែក​ដែល​ល្មម​ហូ​ម លក់​អស់​...​ជម្ពូ​និង​ត្របែក​ដែល​ចេញ​ក្រោយ​នោះ វា​អាចឱ្យ​យើង​បេះ​លក់បាន​ទៀតហើយ​...​។ ដូច្នេះ ខ្ញុំ​អាច​លក់​ថ្ងៃមួយ​បាន ៣​ទៅ​៤​ម៉ឺន​រៀល​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក លោក គុន ហៃ ដែល​បាន​បញ្ជាក់ថា ចំពោះ​ការដាំ​ស្ពៃក្តោប​វិញ ក៏មាន​លក្ខណៈ​ប្រមូល​វិលជុំ ដូច​ផ្លែ​ជម្ពូ និង​ត្របែក ផងដែរ​។ 


ដើមជម្ជូ នៅមុខផ្ទះ របស់ លោក គុន ហៃ។
 
​លោក គុន ហៃ បាន​និយាយ​ដូច្នេះ​៖ «​ជាទូទៅ​ការដាំដុះ​ស្ពៃ​កោ្ត​ប មាន​រយៈពេល​២​ខែ​កន្លះ ទៅ​៣​ខែ បានឱ្យ​ផល​ល្អ និង​មាន​ទម្ងន់​ពេញ ប៉ុន្តែ​ស្ពៃ​ខ្ញុំ​មិនដែល​ទាន់​គ្រប់​អាយុ​ទេ គឺមាន​ភ្ញៀវ​ចូល​ទិញ​អស់ហើយ​»​។ 
 
​លោក បាន​អះអាង ថា ថ្វី​ដ្បិត​តម្លៃ​ស្ពៃក្តោប​នេះ មានតម្លៃ​ខ្ពស់ជាង​តម្លៃ​ស្ពៃក្តោប​នៅលើ​ទីផ្សារ​២-៣​ដង​ក៏ពិតមែន ប៉ុន្តែ​ស្ពៃក្តោប​ដែល​លោក​ដាំ មិនដែល​លក់​ទាន់​អ្នកទិញ​ឡើយ ដោយសារ​វា​ជា​ស្ពៃ​បែប​ធម្មជាតិ​គ្មាន​ប្រើ​ជីគីមី​។ លោក គុន ហៃ បាន​បន្ថែមថា ការដាំ​ស្ពៃ​នៅមុខ​ឬ​នៅក្បែរ​ផ្ទះ​នេះ គឺ​ស្រួល​ដាំ និង​ដាំ​បាន​គ្រប់​រដូវ​កាល  ព្រមទាំង​លម្អ​នៅ​ជុំវិញ​ឱ្យមាន​សោភ័ណភាព​ស្រស់ស្អាត ពោល​ពេញ​ឱ្យ​ធម្មជាតិ​ពិត ផងដែរ​៕ 
 


ដំណាំផ្លែឈើចម្រុះមុខ នៅក្រោយផ្ទះ លោក គុន ហៃ។​


លោក គុន ហៃ កំពុងបេះត្របែក នៅខាងក្រោយផ្ទះ។


Tag:
 ត្របែក​
  ជម្ពូ​
  បន្លែ​
  កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com