អន្តរជាតិ
ចាក់សាំងលើភ្លើង! កូរ៉េខាងជើង ខឹងអាមេរិកដែលរិះគន់សិទ្ធិមនុស្សខ្លួន ខណៈការចរចាជាប់គាំង
× ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី២១ ខែធ្នូ បានបង្ហាញការខឹងសម្បារជាខ្លាំង បន្ទាប់ពីមន្ត្រីក្រុងវ៉ាស៊ីនតោននិយាយប៉ះពាល់ស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងម្នាក់ ប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ថា សម្ដីរបស់មន្ត្រីអាមេរិក ប្រៀបដូចជាការចាក់សាំងលើភ្លើង នៅពេលសភាពការណ៍មិនល្អ ហើយការចរចារកច្រកចេញមិនឃើញផងនោះ។ កូរ៉េខាងជើង ថែមទាំងគំរាមថា អាមេរិក នឹងរងការឆ្លើយតបគួរឲ្យពេញចិត្តមិនខាន។
កូរ៉េខាងជើង បានប្រតិកម្មភា្លមៗទៅនឹងការលើកឡើងរបស់លោក Robert Destro ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានរិះគន់របបដឹកនាំព្យុងយ៉ាងជុំវិញបញ្ហាសិទ្ធិមនុស្ស។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុ VOA លោក Destro បង្ហាញក្ដីបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើង ហើយក៏បានលើកឡើងភាពចាំបាច់ក្នុងធ្វើអន្តរាគមន៍លើអ្នកបំពានសិទ្ធិមនុស្សដូចកូរ៉េខាងជើងដើម្បីប្រទេសនេះកែប្រែឥរិយាបថរបស់ខ្លួន។
សម្ដីខាងលើ ធ្វើឲ្យទីក្រុងព្យុងយ៉ាងរង្កៀសចិត្តយ៉ាងខ្លាំង។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងម្នាក់ អះអាងថា ការអធិប្បាយបែបនេះ ធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺន។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានស្រង់សម្ដីមន្ត្រីដែលមិនបញ្ចេញឈ្មោះថា៖ «សម្ដីបែបព្យាបាទដែលស្រដីឡើងមកចំពេលទំនាក់ទំនងអាមេរិក និងកូរ៉េខាងជើងឈានដល់ដំណាក់កាលសំខាន់ មានតែធ្វើឲ្យបង្កើតរឿងបន្ថែមពីលើស្ថានការណ៍ដែលអាក្រក់ស្រាប់នៅឧបទ្វីបកូរ៉េ ដូចចាក់សាំងលើភ្លើង។»
បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង ក៏ព្រមានចាត់វិធានការប្រឆាំងការធ្វើអន្តរាគមន៍ណាមួយក្រោមរូបភាពសិទ្ធិមនុស្ស។ មន្ត្រីដដែលនេះបន្តថា ប្រសិនបើអាមេរិកហ៊ានធ្វើឲ្យប្រព័ន្ធដឹកនាំយើងអន់ថយដោយសារមូលហេតុសិទ្ធិមនុស្ស អាមេរិកនឹងទទួលផលតបស្នងយ៉ាងពេញចិត្តមិនខាន។
តាមពិតទៅ ការលើកឡើងរបស់មន្ត្រីអាមេរិក ធ្វើឡើងបន្ទាប់ពីអង្គការសហប្រជាជាតិទើបបានអនុម័តដំណោះស្រាយមួយស្ដីពីសិទ្ធិមនុស្សកូរ៉េខាងជើងនៅឆ្នាំទី១៥ ជាប់ៗគ្នា។ ជារឿយៗ សហគមន៍អន្តរជាតិ បានថ្កោលទោសរបបដឹកនាំព្យុងយ៉ាងដែលធ្វើទុក្ខបុកម្នេញលើប្រជាជនខ្លួនឯងទាំងសេរីភាពនយោបាយ និងសិទ្ធិមនុស្ស។ អាមេរិកផ្ទាល់ក៏ចាត់ទុកកូរ៉េខាងជើងជាប្រទសរំលោភបំពានសិទ្ធិមនុស្សដ៏ធំមួយផងដែរ។
បច្ចុប្បន្ន ទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើង ក៏កាន់តែយ៉ាប់យ៉ឺនទៅៗ ហើយការចរចាដើម្បីឈានទៅរំសាយនុយក្លេអ៊ែរ ក៏ជាប់គាំង ដោយសារភាគីទាំងពីរមានគំនិតផ្ទុយគ្នា។ កូរ៉េខាងជើង ទុកពេលត្រឹមដំណាច់ឆ្នាំ២០១៩ ឲ្យអាមេរិកដាក់លើតុចរចានូវផែនការចរចាថ្មីមួយដែលមិនបញ្ចូលការបង្កអរិភាពដាក់ខ្លួន។ យ៉ាងណាមិញ កូរ៉េខាងជើង មិនបានបញ្ជាក់ឲ្យច្បាស់ពីផលវិបាកអ្វី បើអាមរិកមិនធ្វើតាមនោះ៕
Tag:
អាមេរិក
កូរ៉េខាងជើង
សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com