ភ្នំពេញ៖ បេក្ខនារី សយ យូសុមនា ដែលប្រឡងជាប់ចៅក្រមកាលពីពេលថ្មីៗនេះ ពិតជាមានសមត្ថភាពពិតប្រាកដ ។ ចំណែកឯបញ្ហាអាយុនៅតិច (២០ឆ្នាំ) មិនមែនជារនាំង ដែលរារាំងក្តីបំណងចង់ធ្វើជាចៅក្រមរបស់ យូសុមនា ដោយសារតែច្បាប់នោះដែរ។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) អះអាងបែបនេះ ប្រាប់ទៅលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ដែលរិះគន់លើកញ្ញា សយ យូសុមនា នេះ។
អង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា ការប្រឡងជាប់ជាសិស្សចៅក្រមជំនាន់ទី១០ របស់បេក្ខនារី សយ យូសុមនា គ្មានបញ្ហាអ្វីដែលខុសប្រក្រតីនោះទេ។ អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចុះត្រួតពិនិត្យ និងស្រាវជ្រាវលើបេក្ខនារី យូសុមនា ក្រោយមានការរិះគន់លើរូបនាងនោះ បានអះអាងថា ផ្អែកតាមការសិក្សារបស់ យូសុមនា គឺនាងពិតជាមានសមត្ថភាពប្រឡងជាប់មែន ប៉ុន្តែគ្រាន់តែនាងមានអាយុ ២០ឆ្នាំប៉ុណ្ណោះ។
ក្នុងន័យនេះ ACU បានសង្កត់ធ្ងន់ថា បញ្ហាអាយុតិចនេះ គឺដោយសារតែ យូសុមនា ចូលរៀនថ្នាក់ដំបូងនៅអាយុជាង៤ឆ្នាំ ប៉ុន្តែដោយសារតែនាងរៀនពូកែនោះ ទើបនាងត្រូវបានគេអនុញ្ញាតឱ្យរៀន ដោយគ្មានការផ្លោះថ្នាក់ រហូតដល់ប្រឡងឌីប្លូម និងបាក់ឌុបក្តី សុទ្ធតែមានពិន្ទុខ្ពស់។ បើតាម ACU លំដាប់ពិន្ទុសរុប ដែល យូសុមនា ប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៥ មាន ៩១.៥០៦ ពិន្ទុ ក្នុងវ័យជាង១៦ឆ្នាំ។ មិនតែប៉ុណ្ណោះ ACU ថែមទាំងអះអាងថា បេក្ខនារី យូសុមនា នៅតែធ្វើបានល្អ សម្រាប់ការសិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យច្បាប់ ៤ឆ្នាំ ដោយនាងទទួលបានលទ្ធផលបញ្ចប់ការសិក្សា «Very Good»។
និយាយពីបញ្ហាអាយុជាសិស្សចៅក្រមនេះ ACU បានបន្ថែមថា បេក្ខនារី សយ យូសុមនា គ្មានអ្វីដែលផ្ទុយពីលក្ខខណ្ឌកំណត់ឡើយ ហើយការប្រឡងនេះ គឺក្នុងក្របខណ្ឌជ្រើសរើសសិស្សចៅក្រម មិនមែនចូលធ្វើចៅក្រមនោះទេ។
នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់អំពើពុករលួយ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចុះសិក្សា និងស្រាវជ្រាវលើករណីរិះគន់ បេក្ខនារី សយ យូសុមនា បានចេញសេចក្តីប្រកាសព័ត៌មានដូច្នេះថា៖«នេះមិនមែនជាការប្រឡងប្រជែងចូលធ្វើចៅក្រមភ្លាមទេ។ នេះជាការប្រឡងប្រជែងចូលធ្វើជាសិស្សចៅក្រម ជំនាន់ទី១០ ចំនួន៥០រូប ។ បេក្ខជនដែលប្រឡងជាប់ទាំង៥០រូបនេះ ទាំងបេក្ខជន សយ យូសុមនា(ភេទ ស្រី អាយុ២០ឆ្នាំ ៧ខែ ៧ថ្ងៃ គិតត្រឹមថ្ងៃឈប់ទទួលពាក្យប្រឡងថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៩) ត្រូវការពេល២ឆ្នាំទៀត ដើម្បីរៀនថ្នាក់ធ្វើជាចៅក្រម ហើយទាល់តែប្រឡងចេញធ្វើជាចៅក្រមបានជាប់ទៀត ទើបធ្វើចៅក្រមបាន មិនមែនការប្រឡងសិស្សចៅក្រមជំនាន់ទី១០ សម័យប្រឡង២៣-២៤ វិច្ឆិកា ២០១៩នេះជាប់ ហើយចេញធ្វើចៅក្រមភ្លាមទេ»។
ប្រធានគណបក្សខ្មែរក្រោក បានសរសេរលើហ្វេសប៊ុករិះគន់បេក្ខនារីសិស្សចៅក្រម សយ យូសុមនា ថា «អាយុ ២០ឆ្នាំប្រលងជាប់ចៅក្រម ដូចនេះបានន័យថាអាយុ១៥ឆ្នាំជាប់បរិញ្ញាប័ត្រ អាយុ១១ឆ្នាំចប់បាក់ឌុប ដូច្នេះគាត់ចូលរៀនថ្នាក់បឋមសិក្សាតាំងពីនៅក្នុងពោះម្ល៉េះ ពិតជាខ្លាំងមែន ។ ចៅក្រមក្មេងយ៉ាងហ្នឹង ស៊ីញ៉េឃុំ ស៊ីញ៉េឃុំ»។
ត្រង់ចំណុចនេះACU បានអះអាងថា បេក្ខនារី សយ យូសុមនា ពិតជាបានបំពេញគ្រប់លក្ខខណ្ឌដែលបានកំណត់ត្រឹមត្រូវ ទើបគេអនុញ្ញាតឱ្យចូលប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ នេះ។ បើតាមACU ប្រការ៣ដែលចែងពីលក្ខខណ្ឌនៃការប្រឡងប្រជែងជ្រើសរើស បានកំណត់ថា បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរពីកំណើត ហើយអាយុ៣៥ឆ្នាំយ៉ាងច្រើន (មិនមែនកំណត់អាយុ៣៥ឆ្នាំទើបអនុញ្ញាតឱ្យប្រឡងចូលនោះទេ) រួមទាំងមានសញ្ញាបត្រច្បាប់ឡើងទៅ។ ACU បានសង្កត់ធ្ងន់ថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងក្រសួងយុត្តិធម៌ ពិតជាបានដំណើរការជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ បានត្រឹមត្រូវ ទាំងលក្ខខណ្ឌសមត្ថភាព លក្ខខណ្ឌអាយុ និងច្បាប់ផ្សេងទៀត។
« ប្រសិនបើបេក្ខជន សយ យូសុមនា ឆ្លងកាត់បានដោយជោគជ័យ ក្នុងការរៀនសូតវិជ្ជាជីវៈតុលាការរយៈពេល២ឆ្នាំ ហើយប្រឡងជាប់ធ្វើជាចៅក្រមក្តី ព្រះរាជអាជ្ញាក្តី នៅក្នុងអាយុជិត២៣ឆ្នាំ ក៏មិនត្រូវបានហាមឃាត់ដោយច្បាប់ដែរ»។ នេះជាការលើកឡើងរបស់នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់អំពើពុករលួយ ដែលបានលើកយកករណីបេក្ខនារី យូសុមនា ទៅធៀបនឹងនាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin វ័យ៣៤ឆ្នាំ, លោក Mayank ចៅក្រមនៅឥណ្ឌា មានវ័យ២១ឆ្នាំ និងកញ្ញា Jasmine ចៅក្រមនៅអាមេរិក មានវ័យ២៥ឆ្នាំជាដើម។
ដ្បិតអង្គភាពប្រឆាំងអំពើពុករលួយអះអាងបែបនេះក្តី ប៉ុន្តែប្រធានគណបក្សខ្មែរក្រោក ដែលរិះគន់លើភាពវ័យក្មេងរបស់បេក្ខនារី សយ យូសុមនា មិនទទួលយកឡើយ។លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង បានអះអាងថា ខ្លួនបានរកឃើញភាពមិនប្រក្រតីក្នុងនីតិវីធីដាក់ពាក្យសុំចូលប្រឡងប្រជែងសិស្សចៅក្រមនេះ ដែលរៀបចំដោយក្រសួងយុត្តិធម៌ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ហើយចូលរួមសង្កេតការដោយអង្គភាពប្រឆាំងអំពើពុករលួយ ។
«ពាក្យសុំចូលប្រជែងសិស្សចៅក្រមជំនាន់ទី១០ បានបញ្ជាក់ពីការភ្ជាប់ បរិញ្ញាប័ត្រច្បាប់ ដែលចុះហត្ថលេខា នៅថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១៩ តែការពិត កញ្ញា សយយូសុមនា ទើបបានប្រលងនៅសម័យប្រលងបរិញ្ញាប័ត្រថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៩ នេះទេ ដូចនេះការដាក់ពាក្យសុំចូលប្រជែងសិស្សចៅក្រម តើកញ្ញាបានបរិញ្ញាប័ត្រពីណាទៅភ្ជាប់ជាមួយពាក្យសុំ ? (ឬមានការជ្រោមជ្រែងណាមួយ ? ប្រភពឯកសា គេហទំព័រហ្វេសបុករបស់ ACU)»។ នេះជាការលើកឡើងរបស់ប្រធានគណបក្សខ្មែរ ដែលបានបន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយ មិនបានពិនិត្យគ្រប់ជ្រុងជ្រោយចំពោះបញ្ហានេះ ដោយចេញសេចក្ដីប្រកាសព័ត៌មានទាំងខ្វះចន្លោះ។
សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ស្នើឱ្យមានការស៊ើបអង្កេតម្ដងទៀតលើករណីខាងលើនេះ។ ប្រធានគណបក្សខ្មែរក្រោក បានសរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖«ខ្ញុំសង្ឃឹមថានឹងមានការពិនិត្យជាថ្មីចំពោះករណីនេះ ព្រោះពលរដ្ឋកម្ពុជាកំពុងទទូចសុំឱ្យកែទម្រង់ប្រព័ន្ធយុត្តិធម៌ ចុះបើគ្រាន់តែនីតិវិធីសុំប្រឡងប្រជែងសិស្សចៅក្រមមាននីតិវិធីបន្លប់ បន្លំយ៉ាងនេះ តើចៅក្រម កន្លងមកដែលបានចេញធ្វើការ ពលរដ្ឋអាចទុកចិត្តបានឬទេ?»៕