ជាតិ
២៥ខេត្ត/រាជធានី
​ជា​សិស្ស​ថ្នាក់​ទី​១២ តែ យុវតី ច្រាច់ នី ឆ្លៀតពេល​ចុង​សប្តាហ៍​ទៅ​បង្រៀន​កុមារ​តាម​ភូមិ
22, Dec 2019 , 9:29 am        
រូបភាព
សកម្មភាព យុវតី ច្រាច់ នី បង្រៀន​ភាសាអង់គ្លេសដល់កុមារនៅភូមិស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ រូបថតពីហ្វ៊េសបុក Association of Children Dream
សកម្មភាព យុវតី ច្រាច់ នី បង្រៀន​ភាសាអង់គ្លេសដល់កុមារនៅភូមិស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ រូបថតពីហ្វ៊េសបុក Association of Children Dream
អ្នកគ្រូ ច្រាច់ នី​! តាមពិតទៅ យុវតី វ័យ​១៩​ឆ្នាំ​រូបនេះ កំពុងតែ​រៀន​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប នៅឡើយ​ទេ​។ ដោយសារតែ​ទឹកចិត្ត​ចង់​ចែករំលែក​ចំណេះដឹង ជាពិសេស​ចំពោះ​កុមារ​នៅ​ទីជនបទ ទើប ច្រាច់ នី ប្រើប្រាស់​ពេលវេលា​ចុង​សប្តាហ៍ ទៅ​បង្រៀន​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ​នៅ​ភូមិ​ដែល​ស្ថិតនៅ​ចម្ងាយ​រាប់សិប​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់ខ្លួន​។​



​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ច្រាច់ នី ដែល​រស់នៅ​ភូមិ​ខ្នារ​ជើង ឃុំ​ក្រូច​គរ ត្រូវធ្វើ​ដំណើរ​ប្រមាណ​៣០​គីឡូម៉ែត្រ ទៅ​រៀន​នៅ​វិទ្យាល័យ​ក្រឡាញ់ ហើយ​នៅ​ចុង​សប្តាហ៍ សិស្សស្រី​ដែល​ឈានដល់​ឆ្នាំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) រូបនេះ ត្រូវធ្វើ​ដំណើរ​កាន់តែ​ឆ្ងាយ​បន្ថែមទៀត ទៅ​ភូមិស្រ​ណា​ល ឃុំ​ស្រ​ណា​ល ដើម្បី​បង្រៀន​ភាសា​អង់គ្លេស​ដល់​កុមារ​ប្រមាណ​២០​នាក់​។​


កញ្ញា ច្រាច់ នី ផ្តល់ទាំងចំណេះ ផ្តល់ទាំងភាពរីករាយ​ដល់កុមារនៅភូមិស្រណាល។ រូបថតពីហ្វ៊េសបុក Association of Children Dream

ខ្សត់​ទ្រព្យ តែ​មិន​ក្រ​ទឹកចិត្ត​! ច្រាច់ នី មិនមែនជា​កូន​អាជីវករ ឬ​កូន​មន្ត្រីរាជការ​ធូរធា​នៅក្នុង​ស្រុក​ក្រឡាញ់​នោះឡើយ​។ នាង​ជា​កូនច្បង​ក្នុង​គ្រួសារ​ដែលមាន​កូន​បីនាក់ ដោយ​ឪពុកម្តាយ កំពុងតែ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​។​

​រៀងរាល់ថ្ងៃ​សៅរ៍ គ្រូបង្រៀន​វ័យ​១៩​ឆ្នាំ​រូបនេះ សុខចិត្ត​ខាត​រៀន​គួរ​មួយថ្ងៃ ដើម្បី​ទៅ​បង្រៀន​សិស្ស​ពី​ម៉ោង​១​ដល់​ម៉ោង​៣​រសៀល​។ យុវតី ច្រាច់ នី ពន្យល់ថា​៖ «​ទោះបី​ឆ្នាំនេះ ជា​ឆ្នាំ​ប្រឡង តែ​ខ្ញុំ​សុខចិត្ត​មក​បង្រៀន​ពួកគាត់​។ ការបង្រៀន​នេះ ជា​ក្ដី​ស្រឡាញ់ ទោះបី​មិនបាន​ប្រាក់ចំណូល ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​ធ្វើ​ចេញពី​ចិត្ត​របស់ខ្ញុំ ហើយ​វា​មាន​ក្ដី​សុខ នៅពេល​ក្មេងៗ​មក​រៀន​ច្រើន​»​។​

​តាម​រូបថត​សកម្មភាព​ដែល​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ច្រាច់ នី បង្រៀន​ភាសា​អង់គ្លេស​ដល់​កុមារ​តូចៗ​នៅក្រោម​សំណាប​ផ្ទះ​អ្នកភូមិ ដោយ​ប្រើ​ដីស និង​ក្តារខៀន​ធម្មតា​។ ច្រាច់ នី បាន​ប្រឡូក​ការងារ​ស្ម័គ្រចិត្ត​ក្នុង​សហគមន៍​នេះ ចាប់ពី​ខែកញ្ញា​មក ក្រោយ​មានគំនិត​ផ្តួចផ្តើម​របស់​យុវជន​ម្នាក់​ដែល​រស់នៅ​ភូមិស្រ​ណា​ល​ផ្ទាល់​។​


ច្រាច់ នី បង្រៀនសិស្សក្រោមសំយាបផ្ទះ អ្នកភូមិ ដោយប្រើដី ស និងក្តារខៀនធម្មតា។ រូបថតពីហ្វ៊េសបុក Association of Children Dream

​សប្បាយចិត្ត​តែ​ខ្លួនឯង​ក៏​មិនអាច​ទៅរួច​នោះដែរ អ្វី​ដែលជា​កម្លាំងចិត្ត​បន្ថែម​សម្រាប់ ច្រាច់ នី នោះ គឺ​ស្នាមញញឹម​របស់​សិស្ស និង​ការគាំទ្រ​ពី​សំណាក់​អាណាព្យាបាល ដែលជា​ហេតុ​នាំ​ឲ្យ​កញ្ញា តាំងចិត្ត​ថា បន្ត​បង្រៀន​រហូតដល់​ខ្លួន​ប្រឡង​ជាប់​បាក់​ឌុប​។​

​ចង់​ក្លាយជា​គ្រូ​អង់គ្លេស​? នេះ​ជា​សកម្មភាព​បច្ចុប្បន្ន​ប៉ុណ្ណោះ ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត កញ្ញា ច្រាច់ នី មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​គ្រូបង្រៀន​ផ្នែក​ទស្សនវិជ្ជា នៅ​សាកលវិទ្យាល័យ​៕
 




Tag:
 សៀមរាប​
  បង្រៀន​
  ស្ម័គ្រចិត្ត​
  អប់រំ​
  ក្រឡាញ់​
© រក្សាសិទ្ធិដោយ thmeythmey.com