អន្តរជាតិ
អាមេរិក​នឹង​ពង្រឹង​សន្តិសុខ​អ៊ីនធឺណិត​នៅមុន​ការបោះឆ្នោត​
22, Dec 2019 , 7:59 pm        
រូបភាព
លោក​ ដូណាល់ ត្រាំ ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បាន​មក​ដល់​ពិធី​ជួប​ជុំ​ជាមួយ​អ្នក​គាំទ្រ នៅ​ U.S. Bank Arena ទីក្រុង Cincinnati រដ្ឋ​អូហៃយ៉ូ (Ohio)​ សហរដ្ឋ​អាមេរិក កាល​ពី​ខែ​សីហា ២០១៩។
លោក​ ដូណាល់ ត្រាំ ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បាន​មក​ដល់​ពិធី​ជួប​ជុំ​ជាមួយ​អ្នក​គាំទ្រ នៅ​ U.S. Bank Arena ទីក្រុង Cincinnati រដ្ឋ​អូហៃយ៉ូ (Ohio)​ សហរដ្ឋ​អាមេរិក កាល​ពី​ខែ​សីហា ២០១៩។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ដោយ​ការបោះឆ្នោត​របស់​សហរ​ដ្ឋ​អាមេរិក​កាន់តែ​ខិតជិត​មកដល់ បញ្ហា​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បានធ្វើ​ឲ្យ​អ្នកជំនាញ​ក្នុង​ផ្នែក​នេះ​និង​អ្នកតាក់តែង​ច្បាប់​មានការ​បារម្ភ​។​

 
​ថ្លែង​នៅ​ព្រឹត្តិការណ៍​ថ្មីៗ​កន្លងទៅនេះ​នៅឯ​មជ្ឈមណ្ឌល​សម្រាប់​ការស្រាវជ្រាវ​យុទ្ធសាស្ត្រ​និង​ការសិក្សា​អន្តរជាតិ CSIS ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សមាជិក​ព្រឹទ្ធសភា​លោក Chris Van Hollen បាន​កត់សម្គាល់ថា រដ្ឋ​ទាំង​៥០​របស់​សហរដ្ឋអាមេរិក​បានទទួល​រង​នូវ​ផលប៉ះពាល់​ពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅក្នុង​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៦​។​
 
​សមាជិក​ព្រឹទ្ធសភា​លោក Van Hollen បញ្ជាក់​បន្ថែមថា​៖ «​ដូច្នេះ​តើ​រុស្ស៊ី​ឬ​ប្រទេស​ណាក៏ដោយ​នៅពេលនេះ​ទទួលបាន​ប្រយោជន៍​អ្វី​នៅពេល​គេ​ជ្រៀតជ្រែក​ដូច្នេះ​? នោះ​គឺថា វា​បង្កើត​ឲ្យ​មានការ​បែកបាក់​គ្នា​ក្នុងប្រទេស​។ វា​ច្បាស់​ណាស់​ថា ប្រសិនបើ​ពួកគេ​ជ្រៀតជ្រែក​ក្នុងនាម​បេក្ខជន​ណា​ម្នាក់ នោះ​វា​អាចមាន​ឥទ្ធិពល​ដល់​លទ្ធផល​ការបោះ​ឆ្នោ​ត‍​»​។​


រូបឯកសារ៖ ​លោក Chris Van Hollen សមាជិក​ព្រឹទ្ធសភា ថ្លែង​អំពី​ការ​សម្លាប់​អ្នក​កាសែត Jamal Khashoggi កាល​ពី​ខែមករា ២០១៩។
 
​លោក និង​អ្នកជំនាញ​ក្នុង​វេទិកា​នោះ បាន​លើកឡើងថា ប្រទេស​នានា ដែល​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ខាង​ការវាយប្រហារ​តាម​អ៊ីនធឺណិត កាន់តែ​ធ្វើ​ឲ្យ​យុទ្ធសាស្ត្រ​របស់​ពួកគេ​ល្អឥតខ្ចោះ​ឡើង​។​
 
​លោក Andy Greenberg អ្នកសារព័ត៌មាន​មួយ​រួប​នៃ​ទស្សនាវដ្ដី​បច្ចេកវិទ្យា Wired ថ្លែងថា​៖ «​ការផ្តាច់​ភ្លើង​ដំបូង​បំផុត​ដែល​បង្កដោយ​ក្រុម​អ្នក​លួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត ឬ hackers បានកើត​ឡើង​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ខែធ្នូ​ឆ្នាំ​២០១៥​។ រុស្ស៊ី​ពេលនោះ​បានធ្វើ​សង្គ្រាម​តាម​អ៊ីនធឺណិត​ជា​ផ្នែក​មួយ​នៃ​ការពិសោធន៍​របស់ខ្លួន​។ ពួកគេ​បាន​យក​ប្រទេស​អ៊ុយ​ក្រែ​ន​ជា​មន្ទីរពិសោធន៍​សម្រាប់​សាកល្បង​បច្ចេកទេស​នានា​សម្រាប់​ធ្វើសឹក​តាម​អ៊ីនធឺណិត​។ អ្វីដែល​បានកើត​ឡើង​ចំពោះ​ប្រទេស​អ៊ុយ​ក្រែ​ន មិនយូរ​មិនឆាប់ វា​ច្បាស់​ណាស់ នឹង​ធ្លាយ​ចេញទៅ​កើត​ចំពោះ​ប្រទេស​ផ្សេងទៀត​ក្នុង​ពិភពលោក​។ ហើយ​នេះ​ជា​អ្វីដែល​បានកើត​ឡើ​ង‍​»​។​
 
​លោក Alex Crowther ពី​សាកលវិទ្យាល័យ​ការពារជាតិ​ក្នុង​រដ្ឋធានី​វា​ស៊ីន​តោន ថ្លែងថា រុស្ស៊ី​ចាប់​មាន​សកម្មភាព​នៅក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកហើយ​។ ប្រទេស​អេ​ស្តូ​នី​ត្រូវបាន​វាយប្រហារ​កាលពី​ឆ្នាំ​២០០៧ ប្រទេស​ហ្ស​ក​ហ្ស៊ី​នៅ​ឆ្នាំ​២០០៨​។ សហរដ្ឋអាមេរិក​ឥឡូវនេះ​ជា​គោលដៅ​មួយ​។​
 
​លោក Crowther និយាយថា រុស្ស៊ី​ព្យាយាម​រក្សា​សកម្មភាព​វាយប្រហារ​របស់ខ្លួន​ត្រឹម​កម្រិត​មួយ​ដែល​គេ​មិនទាន់​អាច​កំណត់ថា​ជា​សកម្មភាព​ដូច​សង្គ្រាម​៖ «​ពួកគេ​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​អ្វីដែល​គេ​ហៅថា​កម្រិត​មិន​ច្បាស់លាស់​។ វា​ស្ថិតនៅក្រោម​កម្រិត​ប្រកាស​សឹកសង្គ្រាម​។​​»
 
​លោក Andy Greenberg ពី​ទស្សនាវដ្ដី​បច្ចេកវិទ្យា Wired ជឿជាក់ថា មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​សហគមន៍​អន្តរជាតិ​ត្រូវ​មក​ប្រជុំគ្នា​ដើម្បី​បង្កើត​បទដ្ឋាន​អន្តរជាតិ​ថ្មី​ដើម្បី​ហាមឃាត់​ការជ្រៀតជ្រែក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​
 
​លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​ព្យាយាម​ដាក់​កំហិត​គ្នា​ទៅវិញទៅមក​។ យើង​ត្រូវដាក់​កំហិត​ខ្លួន​យើង​ដែលជា​សហគមន៍​សាកល​នេះ ឲ្យ​ប្រកាន់​បទដ្ឋាន​ជាក់លាក់​មួយចំនួន ដោយ​មិន​ប្រើប្រាស់​ការវាយប្រហារ​ទាំ​ង​នេះ​ទៅលើ​ជន​ស៊ីវិល​ទេ​។ ហើយ​នៅ​ទីបំផុត​យើង​ត្រូវ​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​អ្វីមួយ​ដែល​ស្រដៀង​គ្នា​នឹង​អនុសញ្ញា​ហ្សឺ​ណែវ​សម្រាប់​សង្គ្រាម​តាម​អ៊ីនធឺណិត​។ ដូច​អ្វីដែល​លោក Josh Korman នៅ​ក្រុមប្រឹក្សា Atlantic Council បាន​ហៅថា​តំបន់ហាមឃាត់​សង្គ្រាម​ក្នុង​អ៊ីនធឺណិត ប៉ុន្តែ​សម្រាប់​សង្គ្រាម​ក្នុង​អ៊ីនធឺណិត ដែល​ដូច​ថា អ្នក​អាច​វាយប្រហារ​គោលដៅ​យោធា​បាន ប៉ុន្តែ​ប្រសិនបើ​អ្នក​វាយប្រហារ​មន្ទីរពេទ្យ នោះ​វា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​អ្នក​ត្រូវបញ្ជូន​ខ្លួន​ទៅ​តុលាការ​ក្រុង​ឡា​អ‍េ​»​។​


បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជា​ធិបតេយ្យ លោក Joe Biden (ឆ្វេង) និង​លោក Bernie Sanders ថ្លែង​ក្នុង​ពេល​ជជែក​ដេញ​ដោល​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ធ្នូ ២០១៩ នៅ​ទីក្រុង​ឡូសអែនជឺឡែស។
 
​លោក​ថ្លែងថា​ការបណ្តុះបណ្តាល​អំពី​សុវត្ថិភាព​តាម​អ៊ីនធឺណិត​ក៏​ជា​គន្លឹះ​សំខាន់​ដែរ​៖ «៩០​ភាគរយ​នៃ​ការវាយប្រហារ​ជោគជ័យ​តាម​អ៊ីនធឺណិត​ចាប់ផ្តើម​ពី​ការវាយប្រហារ​បញ្ឆោត​ហៅថា phishing​។ អ្នក​ស្រមៃ​មើល​ប្រទេសមួយ​ដែលមាន​ពលរដ្ឋ​ឃើញ​ព័ត៌មាន​ក្លែងបន្លំ ហើយ​លាន់មាត់​ថា មើល​នោះ​ព័ត៌មាន​ក្លែងបន្លំ​! ប្រទេស​ហ្វាំ​ង​ឡង់​សម្រេចបាន​កម្រិត​នេះហើយ​។ ដូច្នេះ​ការប្រើប្រាស់​ទិន្នន័យ​ព័ត៌មាន​និង​បច្ចេកវិទ្យា​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​មាន​សារៈសំខាន់​ជា​ខ្លាំ​ង‍​»​។​
 
​ប៉ុន្តែ​បញ្ហា​នេះ​នឹងមិន​បាត់​ទៅណា​ទេ​។ ការចំណាយ​ទាំង​ក្នុង​វិស័យ​ឯកជន​និង​វិស័យ​សាធារណៈ បាន​កើនឡើង​ជាង​៣.៥០០​ភាគរយ ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ត្រូវគេ​រំពឹងថា​នឹង​កើនឡើង​ទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com