ជាតិ
ទិដ្ឋភាព​ពលរដ្ឋ​ដើរ​កម្សាន្ត​នៅ​បុណ្យ​សមុទ្រ​លើក​ទី​៨
22, Dec 2019 , 12:19 pm        
រូបភាព
ពលរដ្ឋដើរកម្សាន្តនៅបុណ្យសមុទ្រ លើកទី៨
ពលរដ្ឋដើរកម្សាន្តនៅបុណ្យសមុទ្រ លើកទី៨
ដោយ:
​កំពត​៖ ថ្ងៃនេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២​នៅ​ខេត្តកំពត ។ បុណ្យ​សមុទ្រ ដែល​កន្លងផុតទៅ​២​ថ្ងៃនេះ គឺមាន​ភ្ញៀវ​ទេសចរណ៍ និង​ពលរដ្ឋ​ក្នុង​តំបន់ ដើរលេង​កម្សាន្ត​យ៉ាងច្រើន​កុះករ​។ បុណ្យ​សមុទ្រ គឺ​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០​ដល់​២២ ធ្នូ​។​


 
​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​នេះ មានការ​រៀបចំ​ការប្រកួត​កីឡា​ជាច្រើន​ប្រភេទ ដូចជា ប្រដាល់ រត់ប្រណាំង ជិះ​កង់ និង​ប្រណាំង​ម៉ូតូ​ទឹកជា​ដើម​។ ក្រៅពីនេះ​ក៏មាន​ស្ដង់​លក់ទំនិញ -​ម្ហូបអាហារ ជាពិសេស​អាហារ​តាម​ដងផ្លូវ «Street Food» ទៀតផង​។ បុណ្យ​សមុទ្រ​លើក​ទី​៨​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនឡើង​ជាង​ឆ្នាំមុនៗ​។​
 
​សូម​ទស្សនា​វីដេអូ និង​រូបភាព​ខាងក្រោម​៖
 
 


































 
​ឆ្នាំ​ចាស់​ជិត​បញ្ចប់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន ប៉ាន់ប្រមាណ​ថា តំបន់ឆ្នេរ​របស់​កម្ពុ​ជា​នឹង​ទទួលបាន​ភ្ញៀវ​អន្តរជាតិ ១​លាន​៣​សែន​នាក់​ក្នុង​ឆ្នាំ​២០១៩​នេះ កើនឡើង ៤,៥​ភាគរយ ដែល​កាន់កាប់​ចំណែក​ទីផ្សារ​១៥​ភាគរយ​នៃ​ភ្ញៀវ​អន្តរជាតិ​មក​កម្ពុជា​។ ចំណែក​ទេសចរ​ជាតិ តំបន់ឆ្នេរ​នឹង​ទទួលបាន ៣,៤​លាន​នាក់ កើនឡើង ៣​ភាគរយ​។​
 
 តាម​ការព្យាករណ៍​នៅ​ឆ្នាំ​២០២០ តំបន់ឆ្នេរ​សមុទ្រ​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ១,៧​លាន​នាក់ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ ៣,៥​លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០៣០ តំបន់ឆ្នេរ​សមុទ្រ​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៧,៥​លាន​នាក់ ក្នុង​កំណើន​ជា​មធ្យម ១០​ភាគរយ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ ៥,៥​លាន​នាក់ កើន​ឡើងជា​មធ្យម ៥​ភាគរយ​។​
 
​រដ្ឋមន្ត្រី​ទេសចរណ៍​រូបនេះ លើកឡើងថា ឆ្នេរ​របស់​កម្ពុជា​ប្រកបដោយ​សក្ដានុពល និង​មានការ​ទទួលស្គាល់​កិត្យានុភាព​ពី​អន្តរជាតិ​។ លោក ថោង ខុន ត្រូវបាន​ស្រង់​សំដី​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​យ៉ាង​ដូច្នេះ​ថា​៖«​ភាពសម្បូរ​បែប​នៃ​ធនធានធម្មជាតិ និង​វប្បធម៌​នៅតាម​បណ្តា​ឆ្នេរសមុទ្រ និង​កោះ​នានា គឺជា​ឧត្តមភាព​ប្រកួតប្រជែង ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​បានធ្វើ​ឲ្យ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​កំពុង​ទទួល​ស្វាគមន៍​កំណើន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​»​។​
 
​បន្ទាប់ពី​បាន​ក្លាយជា​សមាជិក​កាលពី​ឆ្នាំ​២០១១ កម្ពុជា​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ឲ្យ​កាន់តំណែង​សំខាន់ៗ​ក្នុង​ក្រុមប្រឹក្សាភិបាល​ក្លឹប​ឆ្នេរ ដែល​រួមមាន​៖ អនុប្រធាន​ក្លឹប​ទទួលបន្ទុក​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ២​អាណត្តិ​ជាប់​គ្នា​គឺ ឆ្នាំ​២០១២-២០១៥ និង ឆ្នាំ​២០១៥-២០១៨ និង​ជា​អគ្គនាយករង​ក្លឹប​សម្រាប់​អាណត្តិ ២០១៨-២០២១​។ នេះ​បើតាម​លោក ថោង ខុន ។​
 
​លោក ថោង ខុន បន្ថែមថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​២ រៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរ​លើក​ទី​១៨ នៅ​ឆ្នាំ​២០២២ ខាងមុខ​។  ព្រម​ជាមួយនេះ កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​អន្តរជាតិ​លើក​ទី​១ នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា នា​ថ្ងៃទី​០៤-០៦ ខែមករា ឆ្នាំ​២០២០ ក្រោម​កិច្ចសហការ​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា ក្លឹប​ឆ្នេរ និង​សហព័ន្ធ​ប្រណាំង​កង់​អន្តរជាតិ​៕

Tag:
 បុណ្យ​សមុទ្រ​
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com