អន្តរជាតិ
គុយបា មាន​នាយករដ្ឋមន្ត្រី​លើកដំបូង​ក្នុងពេល​ជាង​៤០​ឆ្នាំ​
22, Dec 2019 , 7:19 pm        
រូបភាព
លោក ម៉ានុយអែល ម៉ូរ៉េរ៉ូ នាយករដ្ឋមន្រ្តីថ្មីគុយបា។ រូបភាព AFP
លោក ម៉ានុយអែល ម៉ូរ៉េរ៉ូ នាយករដ្ឋមន្រ្តីថ្មីគុយបា។ រូបភាព AFP
​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ រដ្ឋ​កុម្មុយនីស្ត​គុយបា មាន​នាយករដ្ឋមន្ត្រី​ម្ដងទៀត​។ រដ្ឋមន្ត្រី​ទេសចរណ៍៍​គុយបា ម៉ា​នុយ​អែល ម៉ូ​រ៉េ​រ៉ូ (Manuel Marrero) បាន​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​២១ ខែធ្នូ ក្នុង​ផែ្ន​កមួយ​នៃ​កំណែទម្រង់​រដ្ឋ​របស់​ប្រធានាធិបតី មី​ហ្គែ​ល ឌី​យ៉ា​ស កា​នែ​ល (Miguel Diaz-Canel) ដែល​រក្សា​បក្ស​កុម្មុយនីស្ត​គុយបា​ជា​កម្លាំង​នយោបាយ​ស្នូល​ដដែល​។ មេដឹកនាំ​បដិវត្តន៍ ហ្វី​ដែល កា​ស្ត្រូ ជា​ឥស្សរជន​កាន់តំណែង​ចុងក្រោយ​គេ​។

 
​តំណែង​នាយករដ្ឋមន្ត្រី​គុយបា​ត្រូវបាន​លុបចោល​ជាង​៤០​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​បង្កើត​ឡើងវិញ​ក្នុង​កំណែទម្រង់​នយោបាយ​ដ៏​ធំ​មួយ​សំដៅ​ផ្លាស់ប្ដូរ​របៀបរបប​ដឹកនាំ​ប្រទេស​។ រដ្ឋមន្ត្រី​ទេសចរណ៍ ម៉ា​នុយ​អែល ម៉ូ​រ៉េ​រ៉ូ វ័យ​៥៦​ឆ្នាំ ត្រូវបាន​ជ្រើសរើស​ឲ្យ​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​មុនគេ​។​
 
​ប្រធានាធិបតី​គុយបា មី​ហ្គែ​ល ឌី​យ៉ា​ស កា​នែ​ល បានស្នើ​បេក្ខភាព​លោក ម៉ូ​រ៉េ​រ៉ូ បន្ទាប់​ទទួលបាន​ការ​យល់ព្រម​ពី​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​គុយបា​។ រដ្ឋសភា​គុយបា​ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​២១ ខែធ្នូ ដែលមាន​សមាជិក​សុទ្ធសឹង​មកពី​បក្ស​កុម្មុយនីស្ត​គុយបា ក៏​បោះឆ្នោត​យល់ព្រម​ដោយ​គ្មាន​មតិ​ជំទាស់​ឡើយ​។ លោក ម៉ូ​រ៉េ​រ៉ូ ជា​រដ្ឋមន្ត្រី​ទេសចរណ៍​តាំងពី​ឆ្នាំ​២០០៤ ដែល​រយៈពេល​ចុងក្រោយ​នៃ​ការដឹកនាំ​របស់លោក ហ្វី​ដែល កា​ស្ត្រូ ហើយ​បន្ត​កាន់តំណែង​ដល់​រដ្ឋាភិបាល​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ និង​ចុងក្រោយ​ក្នុង​រដ្ឋាភិបាល​លោក ឌី​យ៉ា​ស កា​នែ​ល ។​
 
​លោក ឌី​យ៉ា​ស កា​នែ​ល បាន​សរសើរ​លោក ម៉ូ​រ៉េ​រ៉ូ ថា ក្នុង​មួយ​អាជីព​នេះ លោក​ត្រូវបាន​ចាត់ទុកជា​មនុស្ស​ស្មោះត្រង់ មាន​សមត្ថភាព​បំពេញការងារ ហើយ​មាន​ភក្តីភាព​ចំពោះ​បក្ស និង​បដិវត្តន៍​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​អតីត​ប្រធានាធិបតី ហ្វី​ដែល កា​ស្ត្រូ ជា​បុគ្គល​ចុងក្រោយ​កាន់តំណែង​នាយករដ្ឋមន្ត្រី​នេះ​ពី​ឆ្នាំ​១៩៥៦ ដល់​ឆ្នាំ​១៩៧៦ ។ ប៉ុន្តែ​លោក កា​ស្ត្រូ បាន​លុបចោល​តំណែង​នេះ​វិញ បន្ទាប់ពី​ក្លាយជា​ប្រធានាធិបតី​ក្នុងការ​ធ្វើកំណែទម្រង់រ​ដ្ឋ​ធម្មនុញ្ញ​។ ការបង្កើត​ឲ្យ​មាន​តំណែង​នាយករដ្ឋមន្ត្រី​នៅពេលនេះ​វិញ គឺជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​វិមជ្ឈកា​របស់​បក្ស​កុម្មុយនីស្ត​គុយបា សំដៅ​រក្សា​ឥទ្ធិពល​បក្ស​ក្នុងប្រទេស​។ បច្ចុប្បន្ន លោក រ៉ា​អ៊ូ​ល ប្អូនប្រុស​បង្កើត​លោក ហ្វី​ដែល ជា​លេខា​បក្ស​ដ៏​មានអំណាច​ដដែល​។​
 
​ក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ​គុយបា នាយករដ្ឋមន្ត្រី មានអំណាច​តែងតាំង និង​បណ្ដេញចេញ​បុគ្គលិក​រដ្ឋ និង​គ្រប់គ្រង​លើ​បណ្ដា​អភិបាលខេត្ត​ទាំងអស់​ក្នុងប្រទេស​។ តំណែង​អភិបាលខេត្ត​នេះ ទើប​ត្រូវបាន​បង្កើតឡើង​វិញ​ដំណាលគ្នា​នឹង​តំណែង​នាយករដ្ឋមន្ត្រី​នេះ​៕ 
 

Tag:
 គុយបា
© រក្សាសិទ្ធិដោយ thmeythmey.com