ជាតិ
នាយករដ្ឋមន្ត្រី បញ្ជា​ឱ្យ​អាជ្ញាធរ​ប្រឹង​ទប់ស្កាត់ កុំឱ្យ​មានការ​ចែកចាយ​គ្រឿងញៀន និង​ភេរវកម្ម​នៅ​តំបន់​សមុទ្រ​
22, Dec 2019 , 2:59 pm        
រូបភាព
ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ទាំងអស់​នៅតាម​តំបន់ឆ្នេរ ប្រឹងប្រែង​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន និង​អំពើ​ភេរវកម្ម នៅ​តំបន់​កម្សាន្ត​ទាំងនោះ ដើម្បី​រក្សា​ស្ថិរភាព និង​សន្តិសុខ​ដល់​ភ្ញៀវទេសចរ ដែល​មកលេង​កម្ពុជា​។​

 
«​កុំ​ឱ្យមាន​ភេរវកម្ម កើ​ឡើង​នៅ​តំបន់​ទេសចរណ៍​មាត់សមុទ្រ​។ កុំ​ឱ្យមាន​គ្រឿងញៀន កុំ​ឱ្យមាន​បងតូច​-​បងធំ និង​ក្រុម​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​ស្ថិរភាព នៅក្នុង​តំបន់​ទេសចរណ៍​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បានកំណត់​គោលដៅ​ថា តំបន់​ទេសចរណ៍​នៅ​កម្ពុជា ត្រូវតែ​ជា​កន្លែង​សុវត្ថិភាព ដែល​គ្មាន​ការគំរាមកំហែង​ពី​ពួក​ម៉ាហ្វីយ៉ា (​ក្រុម​ជនពាល​)​។​
 
​និយាយ​ដល់​ចំណុច​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា មូល​ហេតុដែល​រដ្ឋាភិបាល​បានសម្រេច​បិទ​ល្បែង​អន​ឡាញ​គ្រប់​ប្រភេទ ដោយសារ​បារម្ភ​ពី​បញ្ហា​សន្តិសុខ និង​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​កើតឡើង​នៅ​កម្ពុជា ជាពិសេស​នៅក្នុង​តំបន់​សមុទ្រ​នេះ​តែម្ដង​។​
 
​ថ្លែង​នៅក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​លើក​ទី​៨ ដែល​ធ្វើឡើង​នៅក្នុង​ខេត្តកំពត កាលពី​ថ្ងៃទី​២១ ធ្នូ ប្រមុខ​រដ្ឋាភិបាល បាន​សង្កត់ធ្ងន់ថា ការបើក​ឱ្យមាន​ល្បែង​អន​ឡាញ​នេះ វា​ធ្វើ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​ពីរ គឺ​បញ្ហា​លាងលុយកខ្វក់ ដែល​នាំឱ្យមាន​សកម្មភាព​គាំទ្រ​អំពើ​ភេរវកម្ម​ណាមួយ​នៅ​កម្ពុជា និង​បញ្ហា​អសន្តិសុខ សណ្ដាប់ធ្នាប់ ដែល​បង្កឡើង​ដោយ​ក្រុម​ម៉ាហ្វីយ៉ា (​ក្រុម​ជនពាល​)​ជាដើម​។ សម្រាប់​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ហា​ទាំងនេះ វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ការវិនិយោគ និង​សេដ្ឋកិច្ចកម្ពុជា ដូច្នេះ​មានតែ​ការលុបបំបាត់ចោល​ល្បែង​អន​ឡាញ​ទេ ទើប​កម្ពុជា​អាច​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​បាន​។​
 
 «​មនុស្ស​មួយចំនួន​ព្រួយបារម្ភ​អំពី​បញ្ហា​បាត់​អន​ឡាញ នៅពេល​ដែលមាន​អន​ឡាញ នាំគ្នា​ព្រួយបារម្ភ​អំពី​វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា​។ នៅពេលដែល​យើង​បិទ​អន​ឡាញ​គេ​ព្រួយបារម្ភ​អំពី​ការបាត់​ជនជាតិ​ចិន​ពី​កម្ពុជា​។ តើ​អ្នក​ចង់បាន​អ្វី​ពិតប្រាកដ​? សម្រាប់​ខ្ញុំ ខ្ញុំ​សង្កេតឃើញថា បើ​សេដ្ឋកិច្ចកម្ពុជា​ពឹងពាក់​តែ​លើ​អន​ឡាញ កម្ពុជា​នឹង​ក្លាយទៅជា​អ្នករងគ្រោះ​សម្រាប់​បញ្ហា​សន្ដិសុខ​ជាតិ​របស់ខ្លួន យើង​ស្ថិតនៅក្រោម​ការគំរាមកំហែង នៃ​ក្រុម​ម៉ាហ្វីយ៉ា​ដែល​ជ្រៀត​ចូលមកក្នុង​ប្រទេសរ​បស់​យើង ដើម្បី​ធ្វើ​សកម្មភាព យើង​ក៏​ស្ថិតនៅក្នុង​ស្ថានភាព ដែល​នឹង​ក្លាយទៅជា​ប្រទេស​នៃ​គោលដៅ នៃ​ការលាង​លុយកខ្វក់ តាមរយៈ​អន​ឡាញ​»​។ នេះ​ជាការ​អះអាង​របស់​សម្ដេច ហ៊ុន សែន​៕
 

Tag:
 ហ៊ុន សែន​
  គ្រឿងញៀន​
  ភេរវកម្ម​
  ឆ្នេរសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com