ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ចង្ក្រាន​ដី​ប្រឹង​ប្រជែង​ជាមួយ​ចង្ក្រានហ្គាស​
22, Dec 2019 , 8:19 pm        
រូបភាព
​កំពង់ឆ្នាំង​៖ ក្នុងសម័យ​ទំនើប​ដែល​គេ​អាច​ដាំបាយ​បាន​ដោយ​ចង្ក្រានហ្គាស ឬ​ចង្ក្រាន​អ​គីស​នី ចង្ក្រាន​ធ្វើ​ពី​ដី​ត្រូវ​ប្រឹងប្រែង​ខ្លាំង​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​។ បើទោះបីជា ចង្ក្រាន​ដី​នៅតែមាន​ការគាំទ្រ​ក្ដី ប៉ុន្តែ​ម្ចាស់​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ នៅ​ខេត្តកំពង់ឆ្នាំង​មួយចំនួន ត្រូវ​ចំណាយ​ទៅលើ​កម្មករ ថ្លៃ​ទិញ​វត្ថុធាតុដើម ហើយ​នៅសល់​ប្រាក់ចំណេញ​តិចតួច​។​


 
​ដើម្បី​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​ស្ថិតក្នុង​ស្រុក​រលៀ​ផ្អៀ ខេត្តកំពង់ឆ្នាំង​អ្នកស្រី ចេ​វ អ៊ុ​ល មានផ្ទះ​នៅ​ជិត​ភ្នំ​ក្រាំង​ដី​មាស ដែលជា​ភ្នំ​ដ៏​ល្បីល្បាញ ក្នុង​បទ​ចម្រៀង​របស់លោក ស៊ីន ស៊ី​សាមុត ពិព័រណ​នាពី​ភ្នំ​ដែល​គេ​យក​ដី​ទៅធ្វើ​ក្អមឆ្នាំង​នោះ​។ សម្រាប់​អ្នកស្រី ចេ​វ អ៊ុ​ល សម្បុរ​ស្រអែម​ទទូរ​ក្រមា​ពណ៌​ក្រហម​ឆ្នូត​ស ប្រកប​របរ​ធ្វើ​តែ​ចង្ក្រាន​តែប៉ុណ្ណោះ​។ អ្នកស្រី អ៊ុ​ល ប្រាប់​ពី​តម្លៃ​ចង្ក្រាន​លក់​ចេញ​៖«​ជាធម្មតា​លក់ដាច់​ដែរ គឺ​នៅ​កណ្ដាល​។ ចង្ក្រាន​លក់​បោះ​ដុំ​មួយ​បានតែ ៨,៣០០​រៀល​ទេ​។ បើ​លក់រាយ​បាន​១០,០០០​រៀល​។ ខ្ញុំ​រវល់​ច្រូតស្រូវ​ផង ហើយ​អ្នកស៊ីឈ្នួល​ក៏​រវល់​ខ្លះ​ដែរ មួយថ្ងៃ​ជួន​បាន​១០០​ចង្ក្រាន ហើយ​ចែកគ្នា​៣​ទៅ​៤​នាក់​ហ្នឹង​ទៅ​។ ប៉ុន្តែ​ចង្ក្រាន​ធ្វើ​រួច​ទាំងស្រុង មិនមែន​ធ្វើ​តែមួយ​ថ្ងៃ​ទេ​គឺ​ច្រើន​ថ្ងៃ​»​។  


អ្នកស្រី ចេវ អ៊ុល ម្ចាស់សិប្បកម្មធ្វើចង្ក្រានជាលក្ខណៈគ្រួសារ នៅក្នុងខេត្តកំពង់ឆ្នាំង
 
​នា​ម៉ោងជាង​១០​ព្រឹក អ្នកស្រី ចេ​វ អ៊ុ​ល ដែល​កំពុង​អង្គុយ​ចិញ្ច្រាំ​ប្រហុក​លើ​គ្រែ​ក្រោមផ្ទះ សម្រាប់​អាហារ​ថ្ងៃត្រង់ ប្រាប់ថា​របរ​ធ្វើ​ចង្ក្រាន​នេះ​មាន​បងប្អូន​កូនក្មួយ​ជួយ​ធ្វើ​៖«​ខ្ញុំ​ធ្វើ​តែ​ចង្ក្រាន​លក់​ប៉ុណ្ណោះ ប៉ុន្តែ​បើ​អ្នកផ្សេង​គេ​ធ្វើ​វត្ថុ​បុរាណ​ឬ​ធ្វើ​ឆ្នាំង​បន្ថែម​។ អ្នកធ្វើ​ចង្ក្រាន​នៅផ្ទះ​របស់ខ្ញុំ មានតែ​បងប្អូន​ឯង​ទេ គឺ​ក្មួយ និង​ចៅ​»​។ 
 
​ស្ថិតក្នុង​អាយុ​៧៣​ឆ្នាំ ស្ត្រី​ដែល​នៅមាន​កម្លាំង​រឹងមាំរ​រូបនេះ ធ្វើ​ចង្ក្រាន​លក់​មិនទាន់​អ្នកប្រមូល​ទិញ​ឡើយ​៖«​ចង្ក្រាន​នេះ​ធ្វើបាន​ប៉ុន្មាន​លក់​អស់​ប៉ុណ្ណឹង មិនដែល​សល់​ទេ​។ បើ​និយាយ​ទៅធ្វើ​មិនទាន់​អ្នកបញ្ជា​ទិញ​ផង ព្រោះ​ខ្ញុំ​រវល់​ច្រូត​។ អ្នកទិញ​ខ្លះ​យក​៣០០​ចង្ក្រាន ខ្លះ ២០០ ចង្ក្រាន ទៅតាម​អ្នកយក​ច្រើន​ឬក៏​តិច​»​។​


កញ្ញា ស៊ុន ថា កូនស្រីរបស់អ្នកស្រី ចេវ អ៊ុល ដែលជាម្ចាស់សិប្បកម្មធ្វើចង្ក្រានជាលក្ខណៈគ្រួសារ នៅក្នុងខេត្តកំពង់ឆ្នាំង
 
​មក​ចាប់អារម្មណ៍​កញ្ញា ស៊ុន ថា ដែល​ត្រូវជា​កូនស្រី​របស់​អ្នកស្រី ចេ​វ អ៊ុ​ល វិញ​ម្ដង​។ កញ្ញា ប្រាប់​ពី​តម្លៃ​ទិញ​ដី​យកមក​ធ្វើ​អាជីវកម្ម​របស់ខ្លួន​៖«​ខ្ញុំ​ទិញ​ដី​ពី​អ្នក​ដែល​រកស៊ី​កាប់​ដី​លក់​។ ក្នុង​មួយ​ឡាន​បែន​តម្លៃ ៦០,០០០​រៀល​»​។​
 
​កញ្ញា​បញ្ជាក់បន្ថែម​ពី​ប្រភព​ដី​ដែល​យកមក​ផលិត​ចង្ក្រាន​៖«​ដី​នេះ​យក​ពី​ភ្នំ​ធ្លោ​។ ពីមុន​ទិញ​ដី​ពី​ភ្នំ​ក្រាំង​ដី​មាស ប៉ុន្តែ​ពេលនេះ​មិនមាន​អ្នកណា​កាប់​ទៀត​ទេ ម្យ៉ាង​គេ​ហាម​មិនឱ្យ​កាប់​ផង​។ ខ្ញុំ​លក់​ចង្ក្រាន​ឆ្នាំនេះ​ថយចុះ​ជាង​ឆ្នាំមុន ព្រោះតែ​មិនមាន​កម្មករ​ធ្វើ​»​។​
 
​ប្រកប​របរ​ធ្វើ​ចង្ក្រាន​ប្រមាណ​៦​ឆ្នាំ គ្រួសារ​របស់​កញ្ញា ស៊ុន ថា អាច​រកប្រាក់​ចំណេញ​បាន​ប្រមាណ​ពាក់កណ្ដាល​នៃ​ចំណូល​សរុប​៖«​ក្នុង​ចង្ក្រាន​មួយ​ផាត់​ការចំណាយ សល់​ចំណេញ​ជាង ១,០០០​រៀល​។ ចង្ក្រាន​មួយ​មាន​អ្នក​កាន់​ច្រើន​ផ្នែក​។ បើ​ផ្នែក​ជា ក្នុង​មួយថ្ងៃ​បាន​ប្រហែល​៥០​ទៅ​៦០​ចង្ក្រាន​ដែរ​ក្នុង​ម្នាក់​។ បើ​គិត​១០០​ចង្ក្រាន ចំណេញ​ប្រហែល ៥០​ទៅ​៦០​ចង្ក្រាន​ដែល​»​។​
 
​ចំណែក​កុមារី វឿន ស្រី​រី​ម អាយុ​១៣​ឆ្នាំ បានមក​ស៊ី​ឈ្មួ​ល​ធ្វើ​ចង្ក្រាន​ឱ្យគេ​រួមទាំង​ម្ដាយ និង​បងស្រី​ម្នាក់ទៀត​៖«​ខ្ញុំ​មក​ធ្វើការ​នេះ​ប្រហែល​៥​ឆ្នាំ​ហើយ​។ ដំបូង​ម៉ែ​យក​ខ្ញុំ​មក​ទីនេះ​ព្រោះ​គាត់​មិន​ហ៊ាន​ទុក​ខ្ញុំ​នៅផ្ទះ​តែម្នាក់ឯង​។ ខ្ញុំ​ឃើញ​ម៉ែ​ចោះ​ចង្ក្រាន ហើយ​ខ្ញុំ​ក៏​ធ្វើតាម ដល់​យូរ​ទៅ​ម៉ែ​ក៏​ឱ្យ​ខ្ញុំ​ធ្វើការ​នេះដែរ​»​។
 
​ជា​កូន​ទី​២​ក្នុងចំណោម​បងប្អូន​៤​នាក់ ស្រី​រី​ម ខំ​ឆ្លៀត​ពេលទំនេរ​ពី​ការសិក្សា ដើម្បី​រក​ចំណូល​ជួយ​គ្រួសារ រួមទាំង​ផ្គត់ផ្គង់​ការរៀនសូត្រ​របស់ខ្លួន​ផង​៖«​ចោះ​រន្ធ​ចង្ក្រាន​នេះ​មិនសូវ​ប្រើ​កម្លាំង​ច្រើន​ទេ​។ ប្រាក់​ដែល​បាន​ខ្ញុំ​យកទៅ​រៀន​និង​ជួយ​គ្រួសារ​។ ចង្ក្រាន​១ ខ្ញុំ​បាន​ប្រាក់​២០០​រៀល ហើយ​ក្នុង​មួយថ្ងៃ​ខ្ញុំ​ធ្វើបាន​ប្រហែល​៣០​ចង្ក្រាន​»​។​


កុមារី វឿន ស្រីរីម ជាអ្នកស៊ីឈ្នួលចោះរន្ធសន្ទះសង្ក្រាន
 
​ដ្បិត​ឆ្លើយឆ្លង​នឹង​ខ្ញុំ​ក៏ពិតមែន ក៏ប៉ុន្តែ​ក្មេងស្រី​ដែល​កាន់​ផ្នែក​ចោះ​សន្ទះ​ចង្ក្រាន​រូបនេះ មិនបាន​បង្អង់​ដៃ​ក្នុងការ​ងា​របស់ខ្លួន​ឡើយ​៖«​ខ្ញុំ​ធ្វើការ​នេះ​មិន​កំណត់​ម៉ោង​ទេ ពេលទំនេរ​ពី​ការសិក្សា​ខ្ញុំ​ក៏​មក​ធ្វើ​»​។​
 
​បើទោះបីជា ស្រី​រី​ម ទើបតែ​មាន​អាយុ​១៣​ឆ្នាំ ប៉ុន្តែ​នាង​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយជា​គ្រូពេទ្យ ព្រោះ​នាង​មិន​ចង់​នៅ​ធ្វើ​ការដែល​ប្រើតែ​កម្លាំងបាយ​នោះ​៖«​ទៅ​អនាគត​ខ្ញុំ​ចង់​ធ្វើជា​ពេទ្យ​។ ការងារ​នេះ​គ្រាន់តែ​ជួយ​ដោះ​ទាល់​មួយគ្រា​តែប៉ុណ្ណោះ ម្យ៉ាង​ធ្វើការ​នៅ​ឡ​ក្ដៅ​ហើយ​ធ្វើការ​ធ្ងន់​ទៀត​»៕

© រក្សាសិទ្ធិដោយ thmeythmey.com