ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​គួរ​ជ្រើសរើស​សៀវភៅ​បែបណា​ដើម្បី​អាន​ចំ​គោលដៅ និង​មាន​ប្រយោជន៍​?
22, Dec 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ មុន​សម្រេចចិត្ត​ទិញ​សៀវភៅ អ្នកអាន​គប្បី​គិតដល់​ខ្លឹម​ទាំង​៣​ចំណុច​ធំៗ គឺ​ខ្លឹមសារ  អត្ថរូប និង​តម្លៃ ទើប​អាច​ទទួលបាន​សៀវភៅ​ដែល​ល្អ និង​នាំមក​នូវ​ប្រយោជន៍​ឱ្យដល់​ខ្លួន​។ ទោះជា​យ៉ាងណា សៀវភៅ​គឺជា​អាវុធ​មុខ​២ ដែល​ទាមទារ​ឱ្យ​អ្នកអាន​ថ្មីថ្មោង គួរ​សួរ​យោបល់​ពី​រៀមច្បង​ឬក៏​គ្រូ​ជាមុន ដើម្បី​ដឹង​ពី​គុណ​តម្លៃ​របស់​វា​។​


 
​ដើម្បី​ដឹង​កាត់​តែ​ស៊ីជម្រៅ ទៅលើ​ការជ្រើសរើស​សៀវភៅ​មក​អាន តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីអំពី​ការតាំងពិព័រណ៍​សៀវភៅ​ក្រោម​ប្រធានបទ “​ផ្ដើម​ក្ដី​ស្រមៃ ដៃ​កាន់​សៀវភៅ​” លោក កុក រស់ ប្រធាន​នាយកដ្ឋាន​សៀវភៅ​និង​ការអាន បានបញ្ជាក់​ពី​គុណ​តម្លៃ​របស់​សៀវភៅ ដែល​អ្នកអាន​គួរ​គ​ម្បី​ដឹង មុននឹង​ជ្រើសរើស​សៀវភៅ​យកមក​អាន​៖«​ក្នុងការ​វិនិច្ឆ័យ​ចង់ដឹងថា​សៀវភៅ​ឬ​ស្នាដៃ​នោះ​ល្អ​ឬ​អាក្រក់ យើង​ត្រូវ​មើល​ខ្លឹម​ទាំង​៣ គឺ​ទី​១​ខ្លឹមសារ​(​អត្ថន័យ​) ទី​២​អត្ថរូប (​អក្ខរាវិរុទ្ធ ឃ្លាឃ្លោង​) ទី​៣ គឺ​តម្លៃ​(​អត្ថរស​) ពេលដែល​អាន​ហើយ​តើ​យើង​បាន​អ្វី​»​។​


 
​ទោះជា​យ៉ាងណា​លោក កុក រស់ បាន​ផ្ដោត​សំខាន់​ទៅលើ​អ្នក​ដែល​ទើប​តែមាន​ចំណាប់អារម្មណ៍ ក្នុង​ការអាន​សៀវភៅ​ឱ្យ​ប្រុងប្រយ័ត្ន ដោយ​លោក​ណែនាំ​យ៉ាង​ដូច្នេះ​៖«​អ្នក​ទើប​អាន​ថ្មី​មិនបាន​ចាប់អារម្មណ៍​ចំណុច​ទាំង​៣​នេះ​ទេ គឺ​គ្រាន់តែ​ឃើញ​ក្រប​ហ្នឹង​ស្អាត​គិតថា​សៀវភៅ​ហ្នឹង​ល្អ​ហើយ​។ ការវាយតម្លៃ​សៀវភៅ​មិនមែន​មើល​លើ​ក្របសៀវភៅ​ទេ ដូច​ករណី​វាត​ម្លៃ​មនុស្ស​ក៏​ដូច្នោះ​ដែរ គេ​មិនមែន​មើល​តែ​សំបក​ក្រៅ ដឹងថា​អ្នកនោះ​បែបណា​នោះទេ​។ ការអាន​ទី​១​មើល​ចំណងជើង​សៀវភៅ បន្ទាប់មក​មើល​មាតិកា បើ​មើលទៅ​ចាប់អារម្មណ៍​ហើយ អាច​សម្រេចចិត្ត​ទិញ​បាន​ហើយ​។ ប៉ុន្តែ​បើ​មើល​តែ​ក្រប​ហើយ​ទិញ​អាច​នឹង​ខកចិត្ត​»​។​
 
​សៀវភៅ​ប្រៀបបាន​នឹង​អាហារ​ដូច្នោះ​ដែរ​។ អាហារ​ខ្លះ​ជួយ​ឱ្យ​អ្នក​បរិភោគ​មាន​សុខភាព​ល្អ ប៉ុន្តែ​អាហារ​ខ្លះ​វា​បែរជា​នាំទុក្ខ​ដល់​អ្នក​បរិភោគ​ទៅវិញ ហើយ​ប្រការនេះ ប្រធាន​នាយកដ្ឋាន​សៀវភៅ​និង​ការអាន បានផ្ដល់​យោបល់​ថា​៖«​សៀវភៅ​គឺជា​អាវុធ​មុខ​២​វា​អាច​ល្អ វា​អាច​មិនល្អ​។ អ្នកអាន​បើ​មិន​ធ្លាប់​អាន​ធ្លាប់​ទិញ​ទេ គួរតែ​សួរ​អ្នកគ្រូ​ឬ​លោកគ្រូ ឬក៏​រៀមច្បង​ដែល​ធ្លាប់​អាន​សៀវភៅ​ច្រើន ថា​សៀវភៅ​ណា​ផ្ដល់​គុណប្រយោជន៍​ឱ្យ​ច្រើន​។ ការអាន​សៀវភៅ​គឺ​មិនមែន​អាន​តែ​សៀវភៅ​ណា​ដែល​យើង​ចូលចិត្ត​នោះឡើយ ប៉ុន្តែ​សៀវភៅ​ដែល​យើង​មិន​ចូលចិត្ត​ក៏ត្រូវ​អាន​ដែរ ដើម្បីឱ្យ​យើង​មាន​ពុទ្ធិ​»​។ 
 
​លោក​បន្ថែម​ពី​បញ្ហា​អាក្រក់​ដែល​អាច​នឹង​កើតមាន ប្រសិនបើ​អ្នកអាន​ជ្រើសរើស​សៀវភៅ​ខុស​យកមក​អាន​៖«​សៀវភៅ​ចាត់ទុកជា​គ្រូ​មួយ​ដែល​ប្រយោល ដូច្នេះ​បើ​សៀវភៅ​នាំទៅ​អាក្រក់​គាត់​និង​ប្រព្រឹត្ត​អាក្រក់ ហើយ​វា​នឹង​ប៉ះពាល់​ដល់​ខ្លួន​គាត់ គ្រួសារ​និង​សង្គម​ទាំងមូល​។ ដូច្នេះ​មុននឹង​ជ្រើសរើស​សៀវភៅ​យកមក​អាន ត្រូវ​គិតពិចារណា​ច្រើន​ដែរ​»​។​


 
​ជា​ដំណាក់កាល​ដំបូង​ក្នុងការ​ជ្រើសរើស​សៀវភៅ​យកមក​អាន អ្នកអាន​ទាំងឡាយ​គួរ​ស្វែងរក​ឱ្យឃើញ​ពី​ចំ​ណុង​ចំណូលចិត្ត​របស់ខ្លួន​ជាមុនសិន នោះ​ទើប​អាចឱ្យ​អ្នកអាន​កើត​ប្រយោជន៍​ពី​ការអាន​សៀវភៅ​៖«​អ្នកអាន​វ័យក្មេង គាត់​ត្រូវ​សួរ​ខ្លួនឯង​ថា គាត់​ចូលចិត្ត​អាន​សៀវភៅ​បែបណា ហើយ​ត្រូវ​សួរថា តើ​សៀវភៅ​ដែល​គាត់​អាន​នោះបាន​ផ្ដល់​ផលប្រយោជន៍​អ្វីខ្លះ​ឱ្យ​គាត់​?  នេះ​ជា​អ្វីដែល​គាត់​ត្រូវ​សួរ​ខ្លួនឯង​ដំបូង​បំផុត​»​។​
 
​ទោះជា​យ៉ាងណា​ដើម្បី​អាចជួយ​អ្នកអាន​បាន អ្នកនិពន្ធ​ជា​ចំណែក​ដ៏​សំខាន់បំផុត​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្នាដៃ​របស់ខ្លួន ហើយ​លោក ហុក សុទ្ធិ ប្រធាន​សមាគម​បណ្ណារក្ស និង​ឯកសារ​វិទូ​កម្ពុជា និង​ជានា​យក​អង្គការ​ស៊ី​ប៉ា បាន​លើកឡើងថា​៖«​ដើម្បី​ទាក់ទាញ​អ្នក​អាចឱ្យ​អាន​ច្រើន ទាល់តែ​យើង​បោះពុម្ព​សៀវភៅ​ឱ្យមាន​លក្ខណៈ​ទាក់ទាញ និង​មានគុណ​ភាពល្អ ឱ្យបាន​ច្រើន​ប្រភេទ​។ គ្រួសារ​នីមួយៗ​មាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​បង្រៀន​កូន​ឱ្យ​ក្លាយជា​អ្នកអាន​តាំងពីក្មេង បើ​មិន​ដូច្នោះ​ទេ​គាត់​អាន​មិនកើត​ទេ​»​។​
 
​លោក​បន្ថែម​ពី​សារសំខាន់ នៅពេលដែល​ម្ដាយ​ឪពុក បាន​ទម្លាប់​កូន​ឱ្យនៅ​ស្និទ្ធស្នាល​នឹង​សៀវភៅ​៖«​តាំងពី​កើត​ភ្លាម ឪពុកម្ដាយ​ត្រូវឱ្យ​កូន​មាន​ទំនាក់ទំនង​ជាមួយ​សៀវភៅ ដូចជា​ឱ្យ​គាត់​លេង​សៀវភៅ កាន់​សៀវភៅ ឬ​មើល​រូបភាព ទោះ​គាត់​មិនទាន់​ចេះ​អាន​ក្ដី​។ ឱ្យ​គាត់​ស្គាល់​សៀវភៅ​កាន់តែ​លឿន​កាន់តែ​ប្រសើរ​»​។​
 
​ជាការ​ពិតណាស់​ការផ្សព្វផ្សាយ រួមជាមួយ​ការ​មាន​ទីតាំង​តម្កល់​សៀវភៅ​សម្បូរបែប និង​គ្រប់​ទីកន្លែង គឺជា​កត្តា​ដ៏​ចាំបាច់​ដែល​ត្រូវមាន ក្នុងការ​លើកស្ទួយ​ក៏ដូចជា​ការលើកទឹកចិត្ត ឱ្យមាន​កំណើន​ការអាន​សៀវភៅ​។ ក្នុងនោះ​បណ្ណាល័យ​ជាតិ​បានរួម​ចំណែក​យ៉ាងសកម្ម​ដើម្បី​ធ្វើ​កិច្ចការ​នេះ​។ អ្នកស្រី ខ្លូត វីបុល​ឡា ប្រធាន​បណ្ណាល័យ​ជាតិ​កម្ពុជា បាន​លើកឡើងថា​៖« បណ្ណាល័យ​ជាតិ​រាល់ថ្ងៃនេះ គឺ​យើង​ខិតខំ​គ្រប់បែបយ៉ាង ដូចជា​ការតាំងពិព័រណ៍​សៀវភៅ ដើម្បីឱ្យ​មហាជន​បាន​ស្គាល់​បណ្ណាល័យ​ជាតិ និង​បាន​អាន​សៀវភៅ​កាន់តែច្រើន​»​។​
 
​អ្នកស្រី​បន្ថែម​៖«​បណ្ណាល័យ​ជាតិ​ជា​កន្លែង​ដែល​ប្រមូល​រាល់​ការបោះពុម្ពផ្សាយ​ទាំងអស់ ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក យកមក​តម្កល់ទុក និង​ផ្សព្វផ្សាយ​ទៅដល់​អ្នកស្រាវជ្រាវ​ទាំងអស់​។ បណ្ណាល័យ​ជាតិ​មានការ​ងារ​ច្បាស់លាស់​មួយ គឺ​យើង​ជួយ​ទំនាក់ទំនង​ពី​បណ្ណាល័យ​មួយ​ទៅ​បណ្ណាល័យ​មួយទៀត ទាំង​ក្នុងស្រុក​ទាំង​ក្រៅប្រទេស​»​។ 
 
​ត្រឡប់​ទៅ​លោក កុក រស់ វិញ លោក​បានឱ្យ​តម្លៃ​លើ​ការអាន​សៀវភៅ​យ៉ាង​ដូច្នេះ​៖«​សៀវភៅ​ដូចជា​ឱសថ​ទិព្វ​។ ពេលដែល​យើង​អាន​សៀវភៅ​ច្រើន យើង​នឹងមាន​បណ្ឌិត​អ្នកចេះដឹង​នៅ​ជុំវិញខ្លួន​យើង​ច្រើន​។ យក​សៀវភៅ​ជា​មិត្ត ប្រៀបបាន​យក​បណ្ឌិត​ជាទី​ប្រឹក្សា​។ ដូច្នេះ​បើ​យើង​អាន​សៀវភៅ​ច្រើន យើង​នឹងធ្វើ​កិច្ចការ​អ្វី​បាន​លទ្ធផល​ល្អ​ភាគច្រើន​»៕

Tag:
 សៀវភៅ​
  តាំងពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com