សង្គមអន្តរជាតិ​
អន្តរជាតិ
ស្វាមី​អាយុ​១០៦​ឆ្នាំ និង​ភរិយា​អាយុ​១០៥ឆ្នាំ ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​៨០​ឆ្នាំ​
22, Dec 2019 , 9:59 pm        
រូបភាព
ដោយ: ធីតា
​ប្តី​ប្រពន្ធ​អាមេរិក​វ័យ​ចំណាស់​ជាងគេ​លើ​លោក​ដែល​កំពុង​រស់រានមានជីវិត ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​លើក​ទី​៨០ នា​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩ នេះ នៅ​សហគមន៍​ក្នុង​ក្រុង Austin រដ្ឋ​តិច​សាស់​។ ពួកគាត់​សុទ្ធតែ​កើត​នា​អំឡុង​ឆ្នាំ​១៩២០ ដោយ​លោកតា John Henderson ដែលជា​ស្វាមី មាន​អាយុ​១០៦​ឆ្នាំ រីឯ​លោកយាយ Charlotte មាន​អាយុ​១០៥​ឆ្នាំ​។​

 
​មិត្តភក្តិ និង​ក្រុមគ្រួសារ​របស់​លោកតា Jonh និង​លោកយាយ Charlotte បាននាំគ្នា​រៀបចំ​ពិធី​យ៉ាង​អធិកអធម​នៅ​សហគមន៍ Longhorn តាំងពី​ថ្ងៃទី​១១ ខែធ្នូ ខណៈ​គូស្នេហ៍​ដ៏​ចំណាស់​នេះ មាន​អាយុ​បូក​បញ្ចូល​គ្នា​ដល់​ទៅ​២១១​ឆ្នាំ និង​១៧៥​ថ្ងៃ​។ ជាមួយនឹង​ការតុបតែង​ផ្កា​យ៉ាង​ស្រស់ស្អាត ក្រុម​អ្នករៀបចំ​កម្មវិធី ក៏បាន​រៀបចំ​ជា slideshow តាមរយៈ​ការដាក់បញ្ចូល​រូបថត​អនុស្សាវរីយ៍​របស់​ពួកគាត់​ទាំងពីរ​អស់​រយៈ​ជាច្រើន​ទសវត្សរ៍​ផងដែរ​។​
 
​លោក Jason Free ដែលជា​សាច់ញាតិ និង​ជា​អ្នក​ដែល​ជួយ​ឲ្យ​គូស្នេហ៍ (World’s Oldest Living Couple) នេះ​ចូលក្នុង​បញ្ជី Guinness World Records កាលពី​ខែវិច្ឆិកា កន្លងមក នោះ បាន​និយាយប្រាប់​សារព័ត៌មាន KXAN ថា លោកតា Jonh និង​លោកយាយ Charlotte គឺជា​ស្វាមីភរិយា​ដ៏​អស្ចារ្យ និង​ជា​គូស្នេហ៍​នៃ​ភាព​រីករាយ​ដ៏​គំរូ​»​។​


 
​លោក​បាន​បន្ថែមថា​៖ «​ពួកគាត់​តែងតែ​សប្បាយចិត្ត​ពេល​នៅ​ជិតគ្នា ធ្វើដំណើរ​ជាមួយគ្នា និង​រស់នៅ​ជាមួយគ្នា​។ ខួបអាពាហ៍ពិពាហ៍​លើក​ទី​៨០ ក៏មាន​ន័យ​ដូចជា​ពួកគាត់​ចាប់ផ្តើម​ស្រឡាញ់គ្នា​ដំបូង​យ៉ាង​ដូច្នោះ​ដែរ​»​។​
 
​ពួកគាត់​បាន​ជួបគ្នា​នៅ​សាកលវិទ្យាល័យ​តិច​សាស់ នៅ​ឆ្នាំ​១៩៣៤ និង​រៀបការ​នៅ​ឆ្នាំ​១៩៣៩ ពោលគឺ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​ការចាប់ផ្តើម​សង្គ្រាមលោកលើកទី​២​។ លោកតា John ក៏​ជា​អតីត​កីឡាករ​បាល់ទាត់​ម្នាក់​ប្រចាំ​សាកលវិទ្យាល័យ​ផងដែរ ដោយ​គាត់ តែងតែ​ចូលរួម​ក្នុងការ​ប្រកួត​បែប​កម្សាន្ត​នៅ​សហគមន៍ Longhorn ជា​រៀងរាល់ឆ្នាំ​។​
 
​លោកតា John និង​លោកយាយ Charlotte មិន​ធ្លាប់​មានកូន​ជាមួយគ្នា​ឡើយ ប៉ុន្តែ​ចំណង​ស្នេហ៍​របស់​ពួកគាត់​នៅតែ​រឹងមាំ និង​មាន​សុភមង្គល​។ ពួកគាត់​សុទ្ធតែ​បាន​អះអាងថា គន្លឹះ​ដ៏​សំខាន់​នៃ​ចំណងអាពាហ៍ពិពាហ៍រ​បស់​ពួកគាត់​នោះ គឺ​ការប្រើ​ជីវិត​របស់​នៅ​បែប​សាមញ្ញ​៕
 

Tag:
 អាពាហ៍ពិពាហ៍​
© រក្សាសិទ្ធិដោយ thmeythmey.com